ពលរដ្ឋមីយ៉ាន់ម៉ាគេចពីកាតព្វកិច្ចយោធា នាំគ្នាស្នើសុំទិដ្ឋាការមកប្រទេសថៃ
ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានមីយ៉ាន់ម៉ារាយការណ៍ថា ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នាំគ្នាទៅឈរតម្រង់ជួរយ៉ាងវែងនៅលើដងផ្លូវមុខស្ថានទូតថៃប្រចាំទីក្រុងយ៉ាំងហ្គោន ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការធ្វើដំណើរមកប្រទេសថៃ ។ ចំនួនមនុស្សឈរតម្រង់ជួរនេះបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់ពីខ្ទង់រយ រហូតដល់ខ្ទង់ពាន់ ។
ការដាក់ពាក្យស្នើសុំទិដ្ឋាការនៅស្ថានទូតថៃនេះ ចាប់ផ្តើមកើតឡើងក្រោយពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសអនុវត្តច្បាប់បម្រើកងទ័ព ដែលច្បាប់នេះបានចេញតាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ហើយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសថា នឹងចាប់ផ្តើមអនុវត្តច្បាប់នេះចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ។ នៅក្នុងខ្លឹមសារច្បាប់បង្ហាញថា បុគ្គលមានសញ្ជាតិមីយ៉ាន់ម៉ាទាំងអស់ គឺបុរសមានអាយុចាប់ពី១៨ឆ្នាំ ទៅ៣៥ឆ្នាំ និងស្រីមានអាយុចាប់ពី១៨ឆ្នាំ ទៅ២៧ឆ្នាំ ត្រូវតែចូលបម្រើការងារកងទ័ព យ៉ាងហោចណាស់ ចាប់ពី២ឆ្នាំ ទៅ៤ឆ្នាំ ។
បើបុគ្គលណាម្នាក់ប្រឆាំងនឹងច្បាប់នេះ នឹងត្រូវមានទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ ហេតុនេះ ទើបធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាដែលមិនចង់ចូលបម្រើការងារកងទ័ពត្រូវស្វែងរកផ្លូវគេចខ្លួន ឬមករស់នៅប្រទេសថៃ ។ មានសេចក្តីរាយការណ៍ថា ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខាងមុខស្ថានទូតថៃប្រចាំទីក្រុងយ៉ាំងហ្គោន ចាប់ផ្តើមមានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់មកឈរតម្រង់ជួរ ដើម្បីស្នើសុំទិដ្ឋាការធ្វើដំណើរមកប្រទេសថៃ ហើយការតម្រង់ជួរនេះកាន់តែវែងទៅៗជារៀងរាល់ថ្ងៃ ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានទូតថៃនៅប្រទេសមីយ៉ាន់ម៉ាបានប្រកាសលក្ខខណ្ឌការស្នើសុំទិដ្ឋាការ ដោយស្ថានទូតថៃបញ្ជាក់ថា ក្នុង១ថ្ងៃ ស្ថានទូតអាចទទួលពាក្យស្នើសុំទិដ្ឋាការពីពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណ៤០០នាក់ប៉ុណ្ណោះ ។ ហេតុនេះ ស្ថានទូតចាំបាច់ត្រូវប្រើប្រាស់ប្រព័ន្ធការចែកកាតតម្រង់ជួរ គឺមន្ត្រីស្ថានទូតនឹងចាប់ផ្តើមចែកកាតតម្រង់ជួរ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក និងចាប់ផ្តើមទទួលពាក្យស្នើសុំទិដ្ឋាការ ចាប់ពីម៉ោង៩ព្រឹក ។
កាតតម្រង់ជួរនីមួយៗអាចប្រើប្រាស់បានតែម្នាក់ប៉ុណ្ណោះសម្រាប់អ្នកមកដាក់ពាក្យស្នើសុំទិដ្ឋាការមកប្រទេសថៃ ហើយពួកគេមិនអាចតម្រង់ជួរជំនួសគ្នាបានទេ ។ ហេតុនេះ អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការមកប្រទេសថៃ ត្រូវតែត្រៀមឯកសារភ្ជាប់ឱ្យបានត្រឹមត្រូវគ្រប់ចំនួន ពីព្រោះស្ថានទូតថៃនឹងមិនពិចារណាលើពាក្យស្នើសុំណាដែលខ្វះខាតឯកសារទេ ។
ដោយឡែក សារព័ត៌មានថៃរាយការណ៍ថា នៅខែកុម្ភៈ ឆ្នាំ២០២៤ កងទ័ពថៃប្រចាំការនៅស្រុកម៉ែសត បានចាប់ខ្លួនយុវជនមីយ៉ាន់ម៉ា ចំនួន២៧នាក់ (ក្នុងនោះមានប្រុស១៣នាក់ និងស្រី១៤នាក់) នៅស្រុកភពព្រះ ខេត្តតាក ដែលពួកគេបម្រុងឆ្លងចូលមកធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។ ពួកគេបានធ្វើដំណើរមកពីខេត្ត Myawaddy ប្រទេសមីយ៉ាន់ម៉ា និងឆ្លងតាមច្រកធម្មជាតិសំដៅមកកាន់ប្រទេសថៃ ៕



/Thailand_2023_top_markets-2307/These-are-the-top-markets-for-Thailand-tourism-in-.jpg?tr=w-780%2Ch-440%2Cfo-auto)


:max_bytes(150000):strip_icc()/duvet--and-pillows-on-a-bed-without-cover-in-a-bedroom-1387103573-3a6d2f53a8864998afdada12f65330cc.jpg)
































