ប្រទេសចិន ៖ គេឃើញថា ប្រទេសចិនបានប្រមូលទុកត្បូង ឬវត្ថុមានតម្លៃផ្សេងៗតាំងពីសម័យបុរាណ រហូតមកដល់ពេលបច្ចុប្បន្ន ។ កាលពីសម័យបុរាណ ត្បូងមានតម្លៃច្រើនតែធ្លាក់ក្នុង ក..ណ្តាប់..ដៃ.. របស់មនុស្សមានទ្រព្យសម្បត្តិច្រើន ឬបុគ្គលថ្លៃថ្នូរ ប៉ុន្តែបច្ចុប្បន្ន អ្នកណាក៏ដោយ ក៏អាចក្លាយជាម្ចាស់ត្បូងដ៏មានតម្លៃបានដែរ ហើយពួកគេអាចផ្លាស់ប្តូរជីវិតក្លាយជាសេដ្ឋីត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បើពួកគេរកឃើញត្បូង ឬវត្ថុមានតម្លៃ ។
ជាក់ស្តែង មានបុរសចំណាស់ម្នាក់រស់នៅខេត្តយូណាន ប្រទេសចិន គាត់បានឡើងលើភ្នំដើម្បីរកអុស និងបរបាញ់សត្វតាមទម្លាប់ ហើយចៃដន្យ គាត់បានដើរជំពប់ថ្មមួយដុំមានរាងប្លែកៗ និងខុសពីថ្មទូទៅ ។ ពេលគាត់មើលថ្មនេះឃើញថា វាដូចគ្នាបេះបិទនឹងសាច់ជ្រូក៣ជាន់ដ៏ធំមួយនៅលើស្មៅ ។ ពីដំបូង គាត់គិតថា មានអ្នកសម្លាប់ជ្រូក រួចយកហើយយកមកបោះចោលនៅទីនេះ ទើបគាត់មិនហ៊ានចាប់វា ប៉ុន្តែនៅពេលដើរទៅមើលជិតៗឃើញថា វាមិនមែនជាគ្រោងឆ្អឹងជ្រូកទេ ។
ដុំថ្មនេះគួរឱ្យចាប់អារម្មណ៍ និងចម្លែកយ៉ាងខ្លាំង ពីព្រោះពណ៌ និងរូបរាងរបស់វាដូចគ្នានឹងសាច់ជ្រូក៣ជាន់ខ្លាំងណាស់ ហើយដោយសារតែគាត់ចង់ដឹង គាត់ក៏សម្រេចចិត្តថា នឹងយកវាទៅផ្ទះ ។ ទោះយ៉ាងណា ដោយសារដុំថ្មនេះធំ និងធ្ងន់ខ្លាំងពេក គាត់ក៏បានស្រែកហៅយុវជនជាច្រើននាក់ក្នុងភូមិឱ្យមកជួយយកដុំថ្មនេះទៅផ្ទះគាត់ ។
ពេលអ្នកភូមិដឹងដំណឹងនេះ ពួកគេបាននាំគ្នាមកមើល ព្រោះចង់ឃើញដោយផ្ទាល់ភ្នែកថា ថ្មសាច់ជ្រូក៣ជាន់មានរូបរាងដូចម្តេច ខណៈអ្នកខ្លះបានធ្វើដំណើរពីតំបន់ឆ្ងាយៗដើម្បីមកមើលថ្មចម្លែកទៀតផង ។ ចំណែកបុរសចំណាស់មានអារម្មណ៍ថា មានក្តីសុខខ្លាំងណាស់ ហើយគាត់រីករាយឱ្យមនុស្សគ្រប់គ្នាចូលមកថ្ម ។ បើទោះជាមានអ្នកសុំទិញថ្មក្នុងតម្លៃខ្ពស់ក្តី ក៏គាត់មិនព្រមលក់ដែរ ព្រោះគិតថា វាមានតម្លៃលើសនេះ ។
រហូតដល់ថ្ងៃមួយ បុរសចំណាស់បានមើលកម្មវិធី «វាយតម្លៃទ្រព្យសម្បត្តិ» របស់ស្ថានីយទូរទស្សន៍ចិន (China Central Television (CCTV) ដែលមានអ្នកជំនាញជួយពិនិត្យមើល និងកាត់ថ្លៃវត្ថុផ្សេងៗ ។ ហេតុនេះ គាត់ក៏សម្រេចចិត្តយកថ្មនេះទៅឱ្យពួកគេជួយកាត់ថ្លៃ បន្ទាប់មក គេក៏យកថ្មនេះឡើងទៅលើវេទិកា ហើយវាបានឱ្យអ្នកជំនាញ និងអ្នកទស្សនាទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដឹងពីតម្លៃរបស់វា ។
អ្នកជំនាញនិយាយថា វាមិនមែនជាលើកដំបូងទេ ដែលរូបគេបានឃើញដុំថ្មសាច់ជ្រូក៣ជាន់ ប៉ុន្តែរូបគេពុំដែលឃើញថ្មសាច់ជ្រូកណាធំបែបនេះទេ ។ វាជាថ្មធម្មជាតិ១០០% ហើយដោយសារការផ្លាស់ទីផ្នែកធរណីវិទ្យា និងទំនាក់ទំនងជាមួយសារធាតុរ៉ែផ្សេងទៀត ទើបធ្វើឱ្យថ្មនេះមានពណ៌ចម្លែក, មានលក្ខណៈដូចសាច់ជ្រូក៣ជាន់បេះបិទ ទាំងស្បែកជ្រូក, ខ្លាញ់ និងសាច់មិនជាប់ខ្លាញ់ ។ ថ្មនេះមានតម្លៃខ្លាំងណាស់ និងពិបាកស្វែងរកនៅប្រទេសចិន ហើយវាជាសម្បត្តិដ៏មានតម្លៃបំផុត ។
នៅពេលបានឮការលើកឡើងរបស់អ្នកជំនាញបែបនេះ បុរសចំណាស់សប្បាយចិត្តយ៉ាងខ្លាំង ហើយពេលនោះ គាត់ចង់ដឹងពីតម្លៃពិតប្រាកដរបស់ដុំថ្ម ។ ប៉ុន្តែអ្នកជំនាញប្រាប់ថា ថ្មនេះមិនសូវមានអ្នកទិញទេ ព្រោះវាមានតម្លៃខ្ពស់ពេក ។ មុននេះ ធ្លាប់មានអ្នកផ្សេងយកថ្មសាច់ជ្រូក៣ជាន់ដុំតូចៗជាងនេះមកដេញថ្លៃ ដោយសារវាជាសម្បត្តិនៅសម័យរាជវង្សឈីង ហើយតម្លៃនៅពេលនោះ គឺស្មើជាង៩សែនយាន់ សម្រាប់ថ្មសាច់ជ្រូក៣ជាន់មានទំហំតូចៗ ។ រីឯថ្មសាច់ជ្រូក៣ជាន់របស់បុរសចំណាស់វិញ នឹងមានតម្លៃលើសនេះកប់ពពក ព្រោះវាមានទំហំធំ ។
បើទោះជាថ្មរបស់បុរសចំណាស់មានតម្លៃមហាសាលក្តី ក៏គាត់ត្រូវទទួលស្គាល់ថា មានសារមន្ទីរមួយចំនួនប៉ុណ្ណោះដែលយល់ព្រមចំណាយប្រាក់ទិញថ្មរបស់គាត់ទៅបង្ហាញក្នុងសារមន្ទីរ ។ ហេតុនេះ អ្នកជំនាញបានណែនាំទៅកាន់បុរសចំណាស់ថា គាត់អាចលក់វាក្នុងតម្លៃត្រឹមតែ១សែនយាន់ ព្រោះវាជាតម្លៃល្អមួយដែលគាត់អាចលក់បាន ។ បើមិនដូច្នោះទេ គ្មានអ្នកណាម្នាក់ហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទិញវាទេ ។
ប៉ុន្តែបុរសចំណាស់មិនបានជឿតាមការណែនាំរបស់អ្នកជំនាញទេ ហើយគាត់នៅតែជឿថា បើគាត់រក្សាទុកថ្មនេះយូរប៉ុនណា តម្លៃរបស់វានឹងកើនឡើងខ្ពស់ថែមទៀត ។ គាត់ក៏សម្រេចចិត្តរក្សាទុកថ្មនេះឱ្យកូនចៅរបស់គាត់មើល ពីព្រោះវាអាចមានប្រយោជន៍មហាសាលទៅថ្ងៃអនាគត និងជួយឱ្យកូនចៅអាចយកឈ្នះភាពក្រីក្របាន ៕










