កម្រាលពូក ឬខ្នើយនៅពេលដែលយើងប្រើប្រាស់យូរ វានឹងប្រឡាក់ ក៏ដូចជាមានក្លិនមិនល្អ ដែលរំខានដល់អារម្មណ៍របស់យើងក្នុងអំឡុងពេលគេង។ ហេតុនេះហើយដើម្បីបំបាត់ក្លិន ក៏ដូចជាធ្វើឱ្យកម្រាលពូក និងខ្នើយស្អាតក្រអូបបានយូរ ដូចទើបតែទិញថ្មី អ្នកគួរតែដឹងពីរបៀបសម្អាតដូចខាងក្រោម៖

១.ត្រាំក្នុងទឹកខ្មេះ៖ លក្ខណៈសម្បត្តិអាស៊ីតនៃទឹកខ្មេះពណ៌សអាចជួយកាត់បន្ថយក្លិន និងកម្ចាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាពបំផុត។ វិធីសាស្រ្តដំបូងគឺត្រូវចាក់ទឹកក្តៅឱ្យពេញធុង រួចបន្ថែមទឹកខ្មេះពណ៌សចូលទៅក្នុងធុងដែលបានរៀបចំ បន្ទាប់មកត្រាំកម្រាលពូក និងខ្នើយយ៉ាងហោចណាស់ ២-៣ ម៉ោង។ អ្នកក៏អាចបន្ថែមទឹកខ្មេះចូលក្នុងម៉ាស៊ីនបោកគក់ ហើយត្រាំខោអាវមុនពេលបោកគក់ ប្រសិនបើខ្នើយមានក្លិនជូរដូចទឹកខ្មេះ គួរប្រើសាប៊ូបោកខោអាវ ឬដាក់ទឹកក្រអូបចូលក្នុងម៉ាស៊ីនបោកគក់ ហើយអ្នកក៏អាចប្រោះម្សៅ baking soda បន្តិចក្នុងអំឡុងពេលលាងសម្អាត ដើម្បីជួយកម្ចាត់ក្លិនទឹកខ្មេះដែលនៅមាន។How to Clean a Mattress

២.សម្អាតក្នុងទឹកក្តៅ៖ បន្ទាប់ពីត្រាំក្នុងទឹកខ្មេះរួច បន្ថែមទឹកក្តៅ និងសាប៊ូបោកខោអាវទៅក្នុងម៉ាស៊ីនបោកគក់ ម្យ៉ាងទៀត បន្ថែមអ៊ីដ្រូសែន peroxide កន្លះពែងទៅក្រណាត់។ វានឹងជួយសម្លាប់បាក់តេរី រួមទាំងលុបស្នាមប្រឡាក់ ធ្វើឱ្យពណ៌នៃក្រណាត់កាន់តែភ្លឺ ស្អាតជាងមុន។

៣.សម្ងួតនៅខាងក្រៅដែលមានពន្លឺថ្ងៃល្អ៖ បន្ទាប់ពីបោកគក់កម្រាលពូករួច ត្រូវហាលឱ្យស្ងួតក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ប្រហែល ៣ ម៉ោងព្រោះកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យនឹងសម្លាប់មេរោគបានយ៉ាងល្អ។ បន្ថែមពីលើការសម្ងួតយ៉ាងឆាប់រហ័ស វាក៏ធ្វើឱ្យកម្រាលពូកមានក្លិនក្រអូប និងស្រស់ស្អាត ដូចទើបតែទិញថ្មីផងដែរ។

៤.ពិនិត្យមុនពេលបោកគក់៖ អ្នកគួរពិនិត្យជាមុនថា តើខ្នើយរបស់អ្នកអាចបោកក្នុងម៉ាស៊ីនបោកខោអាវបានឬអត់។ ខ្នើយសំយោគជាធម្មតាអាចបោកគក់ដោយម៉ាស៊ីនបាន ដើម្បីរក្សាខ្នើយឱ្យទន់ពេលស្ងួត ទោះជាយ៉ាងណាប្រសិនបើកម្រាលពូកក្រាស់ពេកអ្នកអាចអនុវត្តតាមវិធីដូចខាងលើ៕