សហរដ្ឋអាមេរិក៖ មហាសេដ្ឋីអាមេរិកលោក Elon Musk បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែបញ្ឈប់ការផ្តល់ជំនួយដល់ទីក្រុងគៀវ ព្រោះវានឹងធ្វើឱ្យជម្លោះកាន់តែយូរ។
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម Yahoo News បានឱ្យដឹងថា មហាសេដ្ឋីពិភពលោករូបនេះ បានធ្វើការជជែកតាមអ៊ីនធឺណិតនៅលើបណ្តាញសង្គម X តាមរយៈមុខងារ X Spaces ជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ដោយលោក Musk បាននិយាយថា “គ្មានផ្លូវដែលរុស្ស៊ីនឹងទទួលយកការបរាជ័យក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ”។
Musk បានបន្តទៀតថា “អាមេរិកគួរតែបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន ព្រោះវាអាចអូសបន្លាយសង្គ្រាមឱ្យកាន់តែវែង ហើយការធ្វើបែបនេះក៏មិនអាចជួយក្រុងគៀវឱ្យឈ្នះសង្គ្រាមជាមួយរុស្ស៊ីបានឡើយ”។ មហាសេដ្ឋីអាមេរិករូបនេះ បានបញ្ជាក់ថា “ក្រុមហ៊ុនរបស់គាត់បានខិតខំប្រឹងប្រែងដើម្បី ធ្វើឱ្យទីក្រុងម៉ូស្គូចុះខ្សោយជាងភាគីផ្សេងទៀត ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាព” ។
កន្លងទៅ ម្ចាស់ក្រុមហ៊ុន SpaceX រូបនេះបានផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប Starlink ដល់អ៊ុយក្រែនក្នុងអំឡុងសង្គ្រាមរហូតមកដល់បច្ចុប្បន្ន។ កាលពីខែតុលា ឆ្នាំ២០២៣ លោក Musk ក៏បានបញ្ចេញគំនិតរបស់គាត់សម្រាប់ការស្តារសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដោយស្នើឱ្យអ៊ុយក្រែនធ្វើសម្បទានដល់រុស្ស៊ីលើបញ្ហាឧបទ្វីបគ្រីមៀ ដើម្បីបញ្ចូលខេត្តអ៊ុយក្រែនចំនួនបួនទៅឱ្យប្រទេសរុស្ស៊ី ភ្លាមនោះរដ្ឋាភិបាល រុស្ស៊ី ក៏បានយល់ព្រម ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យទីក្រុងកៀវខឹងយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់គាត់ក៏បានធ្វើឱ្យប្រជាជនអាមេរិកមិនពេញចិត្ត ក៏ដូចជាចោតថាគាត់កំពុងសហការយ៉ាងជិតដិតជាមួយរុស្ស៉ី ខណៈដែលយោធារុស្ស៊ីក៏បានប្រើប្រាស់ Starlink របស់ Musk នៅលើសមរភូមិអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ដែរថា ការស្នើររបស់ Elon Musk ដើម្បីឱ្យអាមេរិកបញ្ឈប់ផ្តល់ជំនួយដល់អ៊ុយក្រែន គឺបច្ចុប្បន្នមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលនៅឡើយនោះទេ៕










