Home Blog Page 1830

ដើម្បីមិត្ត! លួចលុយជីតាជាង១ម៉ឺនដុល្លារនិងខ្សែក យកទៅទិញម៉ូតូនិងទូរស័ព្ទអោយមិត្តភក្តិម្នាក់មួយគ្រឿង

0
កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែកាលថ្ងៃទី ២ខែ មេសាឆ្នាំ ២០២៣កន្លងទៅ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣ ។
លោក ឌុក ធីយ៉ា បានអោយដឹងថា ជនសង្ស័យរួមមាន,១៖ឈ្មោះមូល ពិសិដ្ឋហៅពេជ្រ ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួច
ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។,ទី២៖ឈ្មោះ អុឹង សុភានុតភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)។,ទី៣៖ឈ្មោះ រ៉េន ចាន់យូរភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរសព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញឲ្យ)និង,ទី៤៖ឈ្មោះ ហេង មករា ភេទប្រុសអាយុ ១៧ ឆ្នាំនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ; ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។
លោក ឌុក ធីយ៉ា បានបញ្ជាក់ថាក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ
មានករណីជនសង្ស័យប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ ៦៩ ឆ្នាំ(នៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមានះ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។
ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕May be an image of phoneMay be an image of 4 people, motorcycle and scooter

អ៊ិន លក្ខណា និង ស្ថាប័ន Miss Grand Cambodia បដិសេធពាក្យចចាមអារ៉ាមថាបេក្ខនារីដទៃគ្រាន់តែអមឆាក

0

កញ្ញា អ៊ិន លក្ខណា ម្ចាស់មកុដ Miss Supranational Cambodia ២០២២ និងជាបេក្ខនារីផ្លូវការមួយរូបចូលរួមប្រកួត Miss Grand Cambodia 2023 ដោយស្ថាប័ននេះក៏បានចេញមុខប្រតិកម្មដូចគ្នាទៅលើគណនីហ្វេកប៊ុកមួយដែលបានលើកឡើងថាម្ចាស់មកុដកំណត់រួចហើយគឺជាកញ្ញា អ៊ិន លក្ខណា ដោយទទួលបានលក្ខខណ្ឌពិសេសជាមួយលោកស្រី អ៊ឹម សុគន្ធា ម្ចាស់ថ្មីរបស់ Miss Grand Cambodia ខណៈបេក្ខនារីដទៃចូលរួមគ្រាន់តែអមឆាកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSwFH8Bd6d9DwPVybQmUQ2f7dROOpQax-CG1nlYZnsEaSZIGJ_118CyaFP_7_3vdOLcDvsToRRzwNXz1_9ffex-VmEnKCY9zoiwqQMg900IPNCKGFg0e5sjrTegTrBLPphEz6U10S-UiBG2DRlUzHvlq82_5EvG3CA9Wcj4pZXzgiSwnLUTtAgTKJ/s2048/330341886_1121505758643679_1957627901423978236_n.jpg

ស្ថាប័ន Miss Grand Cambodia បានបង្ហោះរូបភាពនិងសារនៅយប់ថ្ងៃទី៧ ខែមេសា ថា «ស្ថាប័នយើងខ្ញុំសូមបដិសេធទាំងស្រុង សម្រាប់ម្ចាស់អាខោន មួយនេះបានផុសឡើង ខាងស្ថាប័នយើងខ្ញុំមិនប្រព្រឹត្តទង្វើបែបនេះឡើយ ហើយកាន់តែមិនពាក់ព័ន្ធការហៅឬសន្យាដល់នរណាម្នាក់មកប្រឡងផ្តល់មកុដជូនជាផលដោះដូរដាច់ខាត ។
-ចំណុចទី១ នៃការផុស ធ្វើឱ្យប៉ះពាល់ដល់ឈ្មោះម្ចាស់កម្មវិធី Miss Grand Cambodia ឆ្នាំថ្មីយ៉ាងខ្លាំង
-ទី២ ធ្វើឱ្យបេក្ខភាពដែលកំពុងស្ថិតក្នុងការប្រឡងឬជម្រុះ មានការយល់ ច្រឡំយ៉ាងខ្លាំងចំពោះកម្មវិធី ព្រោះខាងកម្មវិធីប្រកាន់ខ្ជាប់ ចំណុចសំខាន់ៗ ដូចជា៖
-បេក្ខភាពត្រូវមាន៖ ភាពស្រស់ស្អាត សមត្ថភាព ភាពវ័យឆ្លាត និង មានទេពកោសល្យ ស័ក្តិសមជាបវរកញ្ញា
-មិនមានសែបក្ខពួក គឺគ្រប់យ៉ាងចេញពីភាពខំប្រឹង
-ភាពសុក្រឹតជាចាំបាច់ ដូច្នេះចំពោះការលើកឡើងរបស់បុគ្គល @stephen Serr ប្រៀបដូចជាមិនឱ្យតម្លៃដល់បវកញ្ញាកម្ពុជា ថាមិនមានសមត្ថភាពពិតប្រាកដផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRyLotkXYQSBn8JgT7-bakrQxKSROH9IhbHf8CV9CQChPGnRZcGyTHC0D1y5a4MdCxxND7alJptMuwNgvvky7-2WCQ_330TN9xOS0gRPagx03FCY8rH_dDesMZ-7pVuLdwOA1cdVDWebEZkimd7ZiSIUzsCQtWKSzPzYwRXVoDOVPpWbau34-XeuX/s959/324257917_690903739426406_5928570145171249361_n.jpg

មិនត្រឹមតែមានការប្រតិកម្មពីខាងស្ថាប័ន Miss Grand Cambodia ថ្មីប៉ុណ្ណោះទេ កញ្ញា អ៊ិន លក្ខណា ជាសាមីខ្លួនក្លាយជាប្រធានបទថ្មីជជែកក្នុងវិស័យបវរកញ្ញា បានចេញមុខប្រតិកម្មដូចគ្នាដោយនាងបានរៀបរាប់ថា «រឿងនេះមិនត្រឹមប៉ះពាល់ដល់ក្រុមហ៊ុនទេថែមទាំងប៉ះពាល់កេរ្តិ៍ឈ្មោះដែលនាងខ្ញុំខំប្រឹងដូចគ្នា ខ្ញុំមិនដែលទាំងបានជួបបងស្រីសូម្បីតែម្ដង ហើយខ្ញុំក៏បានប្រកាសថានឹងចូលរួមប្រកួតនៅក្នុងឆ្នាំ2023 តាំងពីបងស្រីមិនទាន់ទិញកម្មវិធីមកម្លេះ ខ្ញុំជឿជាក់ថាកម្មវិធីឆ្នាំហ្នឹងនឹងសុក្រិតសម្រាប់បេក្ខភាពទាំងអស់យ៉ាងពិតប្រាកដ»។

ជុំវិញរឿងខាងលើនេះដែលមានពាក្យចចាមអារ៉ាមថា អ៊ិន លក្ខណា ជាម្ចាស់មកុដ Miss Grand Cambodia 2023 ព្រោះតែមានការដោះដូរនេះ អ្នកលេងបណ្តាញសង្គមលើកឡើងថាគួរតែចាត់ការតាមផ្លូវច្បាប់ វែកមុខបុគ្គលខាងលើនេះដែលនិយាយប៉ះពាល់ដល់ស្ថាប័ន Miss Grand Cambodia ថ្មី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFyx8-RgIjuujwoWf3Sf-vjS2e8CjdCxExmRuM-mLDFy6oaz0Nr8U86QNSSvPlqcIbIk2SShs52bol6i-heKRmrA1ZCHDfGfgDtPF1QDjJ21Bm5lWN0iPPvXeqtOKmhrt2fsuXSFCvw5fa0d24o-IyCIJ-gCaVeXeRTLe6y3ytMiSVP8BbIJpLc8KJ/s1328/340117581_696000015656327_9073168811958788431_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeAdfImEHKNnk5K5_3uzupBpZ_LTuSVH3W4Gk5RBbaG2Py9r9cRCN2h1MOP1glXn24tGeIE1Tz8xml8CCYlVMUWLR3inW6yAOGfqpZkGdxIkox6vumO6mEjMx6sLyMpUzsNkjyWGTrpUb7sv2cWiaTZBWspyCKAtb0Z1h7-M4eEr0QsxOT6s99mOQO/s1445/339998704_177936105079919_8093463015916491350_n.jpg

៦ចំណុច ដែលភ្ញៀវទេសចរចាប់អារម្មណ៍មកលើប្រទេសកម្ពុជា

0

កម្ពុជាជាប្រទេសដែលមានអរិយធម៌ដល់ចំណាស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បុព្វបុរសរបស់ខ្មែរតែងតែបន្សល់ទុកនូវស្នាដៃដ៏អស្ចារ្យជាច្រើនដែលធ្វើឱ្យភ្ញៀវទេសចរណ៍បរទេស សសើរស្ងប់ស្ងែងមិនដាច់ពីមាត់ ដូចជា ប្រាង្គប្រាសាទ ប្រពៃណី សាសនា ទំនៀមទំលាប់ និងអក្សរសាស្ត្រជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាចំណុចទាំង៦ ដែលភ្ញៀវទេសចរណ៍ចាប់អារម្មណ៍មកលើប្រទេសកម្ពុជាច្រើនជាងគេ៖

១.ប្រាសាទអង្គរវត្ត៖ គឺជាប្រាសាទដ៏អស្ចារ្យដែលសាងសង់ឡើងនៅឆ្នាំ១១១៣ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងបញ្ចប់នៅឆ្នាំ ១១៤៩ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន ១,៦២៦,០០០ ម៉ែត្រការ៉េ ដែលជាប្រាសាទសាសនាដ៏ធំបំផុតលើពិភពលោក។

២.ទង់ជាតិកម្ពុជា៖ ទង់ជាតិនៅលើពិភពលោកតែងតែមានពណ៌និងប្រើរូបដូចជាផ្កាយ ឬព្រះខែជាដើម។ ដោយឡែកទង់ជាតិកម្ពុជាក៏មានពណ៌ស ខៀវ ក្រហម តំណាងជាតិដែរ ប៉ុន្តែអ្វីដែលពិសេសនោះគឺមានរូបប្រាសាទអង្គរវត្តនៅលើទង់ជាតិ នេះសរបញ្ជាក់ឱ្យឃើញថា ប្រទេសខ្មែរ មានការគោរព ឱ្យតម្លៃ និងកោតសសើរស្ងប់ស្ងែងចំពោះស្នាដៃរបស់បុព្វបុរសខ្លួន។

៣.មានរបបដឹកនាំច្រើនជាងគេ៖ ប្រទេសកម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន ហើយបានប្តូរឈ្មោះជាច្រើនលើកច្រើនសារ ដូចជា សង្គមរាស្ត្រនិយម, សាធារណៈរដ្ឋខ្មែរ, កម្ពុជាប្រជាធិបតេយ្យ, រដ្ឋកម្ពុជា, ព្រះរាជាណាចក្រកម្ពុជា និងមានច្រើនទៀត។

៤.ជាប្រទេសដែលមានមីនច្រើន៖ នៅឆ្នាំ១៩៩០ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលសំបូរទៅដោយមីនច្រើនជាងគេ គឺមានចំនួន៨ទៅ១០លានគ្រាប់ឯណោះ។

៥.មានសត្វកម្រៗលើពិភពលោក៖ សត្វមួយចំនួនដែលអ្នកវិទ្យាសាស្រ្តគិតថាបានផុតពូជទៅហើយ ក៏ប៉ុន្តែបែរជាត្រូវបានគេរកឃើញនូវទឹកដីរបស់ប្រទេសកម្ពុជា នៅក្នុងព្រៃ និងទន្លេមេគង្គ។ ប៉ុន្តែសត្វទាំងនោះបានផុតពូជនៅតាមប្រទេសផ្សេងៗបាត់ទៅហើយ ។

៦.មានទន្លេសាបធំបំផុតនៅអាស៊ីអាគ្នេយ៍៖ នៅរដូវវស្សាទន្លេសាបបានលាតសន្ធឹងរហូតដល់ទៅ ១ ម៉ឺនគីឡូម៉ែត្រក្រឡា រីឯនៅរដូវប្រាំងទន្លេសាបបានលាតសន្ធឹងជាង៣ពាន់គីឡូម៉ែត្រក្រឡា។

ប្រភព៖shareknowledge

ហេតុអ្វីបានជាសម្បកកង់រថយន្តមានពណ៌ខ្មៅ ?

0

គេបានផលិតសម្បកកង់រថយន្តឡើងពីវត្ថុធាតុដើមជ័រកៅស៊ូជាលើកដំបូងនៅឆ្នាំ១៨៩៥ ក្រោយពីនៅសម័យមុន គេផលិតវាឡើងពីឈើ និងដែក ។ ដូច្នេះ វាគ្មានប្រសិទ្ធភាពល្អគ្រប់គ្រាន់ក្នុងការបើកបរនៅលើផ្លូវទេ បើធៀបនឹងកំណើនយានយន្តនៅពេលនោះ ។

នៅសម័យនោះ គេបានយកវត្ថុធាតុដើមផ្សេងៗមកផ្សំបញ្ចូលគ្នាដើម្បីផលិតសម្បកកង់រថយន្ត ក្នុងគោលបំណងបង្កើនភាពរឹងមាំ ប្រើប្រាស់បានយូរ និងអាចបញ្ចេញកំដៅបានយ៉ាងល្អ ។ ក្រោយមកទៀត គេក៏បានយកសារធាតុ Carbon Black ដែលជាវត្ថុធាតុដើមមានសារធាតុគីមីមកប្រើប្រាស់ក្នុងសម្បកកង់រថយន្ត រហូតមកដល់បច្ចុប្បន្ននេះ ។

ការរួមផ្សំសារធាតុ Carbon Black ប្រមាណ៥០% ទៅក្នុងការផលិតសម្បកកង់រថយន្ត គឺនឹងធ្វើឱ្យសម្បកកង់រថយន្តមានគុណសម្បត្តិអាចធន់នឹងការសឹករេចរិលរហូតដល់១០០ដងឯណោះ ។ ហេតុនេះហើយ ការរួមផ្សំសារធាតុ Carbon Black នេះបានធ្វើឱ្យសម្បកកង់រថយន្តក្លាយទៅជាពណ៌ខ្មៅ ។

សម្បកកង់រថយន្តមានពណ៌ខ្មៅ ក្រៅពីវាមានគុណសម្បត្តិជួយបង្កើនប្រសិទ្ធភាពរបស់សម្បកកង់រថយន្តឱ្យងាយស្រួលប្រើប្រាស់ក្នុងសម័យបច្ចុប្បន្នហើយ វាក៏បានជួយកាត់បន្ថយស្នាមប្រឡាក់ផ្សេងៗច្រើនជាងពណ៌ស ។ លើសពីនេះ យើងក៏ងាយស្រួលក្នុងការសម្អាតវាផងដែរ ព្រមទាំងជួយឱ្យរថយន្តមើលទៅស្រស់ស្អាត និងល្អឥតខ្ចោះ ៕

ប្រភព ៖ sanook

ប្រទេសចិនប្រកាន់ជំហរបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែមេសា លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានថ្លែងថា ការបង្រួបបង្រួមទឹកដីប្រទេសចិនតែមួយ នឹងទទួលបានជោគជ័យយ៉ាងពិតប្រាកដ ។ លោកស្រីបានដាស់តឿនគណបក្ស Democratic Progressive ឱ្យលុបចោលគោលការណ៍បែងចែកទឹកដី និងប្រឆាំងការប្រគល់ឯករាជ្យទៅឱ្យតៃវ៉ាន់ផងដែរ មិនថាក្នុងវិធីណាទេ ។

ប្រទេសចិនបានប្រើប្រាស់វិធានការដាច់ខាតដើម្បីជំទាស់ការលូកដៃពីប្រទេសខាងក្រៅ និងការទាមទារបំបែកខ្លួនរបស់តៃវ៉ាន់ ។ លើសពីនេះ ចិនបានអំពាវនាវឱ្យអាមេរិកអនុវត្តតាមគោលការណ៍ប្រទេសចិនតែមួយយ៉ាងពិតប្រាកដ ដោយអនុវត្តនូវបទប្បញ្ញត្តិសេចក្តីថ្លែងការណ៍រួមចំនួន៣ច្បាប់រវាងប្រទេសចិន និងអាមេរិក ព្រមទាំងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់យ៉ាងប្រុងប្រយ័ត្ន ។

ក្រោយពីអ្នកសារព័ត៌មានសួរពីករណីលោកស្រី Tsai Ing-wen មេដឹកនាំតៃវ៉ាន់បានធ្វើដំណើរត្រឡប់មកកាន់តៃវ៉ាន់វិញ តើប្រទេសចិនយល់ឃើញយ៉ាងណាអំពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ទឹកដីអាមេរិករបស់មេដឹកនាំតៃវ៉ាន់រូបនេះ ? លោកស្រី Zhu Fenglian ឆ្លើយតបថា យើងបានបញ្ជាក់ច្រើនដងហើយអំពីគោលជំហរប្រទេសចិនតែមួយ ហើយការទៅកាន់ទឹកដីអាមេរិករបស់លោកស្រី Tsai Ing-wen អាចធ្វើឱ្យគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ថា វាគ្រាន់តែជាលេសប៉ុណ្ណោះ ប៉ុន្តែការពិត តៃវ៉ាន់ចង់ពឹងពាក់អាមេរិកក្នុងការស្វែងរកឯករាជ្យ និងផ្តាច់ខ្លួនចេញពីប្រទេសចិន ។

កាលពីពេលកន្លងមក លោកស្រី Zhu Fenglian បានថ្លែងថា គណបក្ស Democratic Progressive តែងជំទាស់នឹងគោលការណ៍ប្រទេសចិនតែមួយរហូតមក ដោយពួកគេសុខចិត្តធ្វើជាអ្នកចាញ់ប្រៀបអាមេរិក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយ ។ ប៉ុន្តែជាចុងក្រោយ គណបក្សនេះបានត្រឹមតែជំរុញឱ្យតៃវ៉ាន់ធ្លាក់ក្នុងគ្រោះថ្នាក់នៃសង្គ្រាម និងនាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋតៃវ៉ាន់ ៕

ប្រភព ៖ China face

ម៉ាឡេស៊ីភ្ញាក់ផ្អើលនឹងពពកចម្លែកដូចជណ្តើរឡើងឋានសួគ៌

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មាន Straits Times បានចុះផ្សាយពីរូបភាពពពកចម្លែកមួយនៅទីក្រុង Bintulu រដ្ឋ Sarawak ស្ថិតនៅទិសពាយ័ព្យរបស់កោះ Borneo ប្រទេសម៉ាឡេស៊ី ហើយវាបានធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង ។ អ្នកលេងបណ្តាញសង្គមម៉ាឡេស៊ីបានបញ្ចេញគំនិតខុសៗគ្នាទាក់ទងនឹងបាតុភូតចម្លែកនេះ ។

មនុស្សភាគច្រើនសង្ស័យទៅលើមេឃពណ៌ប្រផេះងងិត មានខ្សែពពកពណ៌សវែង ដែលបានបង្ហាញឡើងកាលពីព្រឹកថ្ងៃទី៦ ខែមេសា ហើយមនុស្សមួយចំនួនបានថតរូបភាព និងថតវីដេអូ រួចចែកចាយនៅក្នុងបណ្តាញសង្គម ។

អ្នកនាង សាហ្វីយ៉ា រ៉ូស បានបង្ហោះរូបភាព និងសរសេរអក្សរនៅក្រោមរូបភាពថា វាស្រស់ស្អាតខ្លាំងណាស់ ហើយមើលទៅ ដូចជណ្តើរឡើងឋានសួគ៌អីចឹង ខណៈនារីម្នាក់ទៀតឈ្មោះ ជេយា លី និយាយថា វាស្រស់ស្អាត និងពិសេសខ្លាំងណាស់ ។ រីឯអ្នកខ្លះទៀតរំភើបពេលឃើញពពកចម្លែកនេះ ហើយសង្ស័យថា តើវានឹងកើតខ្យល់ព្យុះផ្គររន្ទះឬអត់ ?

នារីម្នាក់ឈ្មោះ អេស្តេបា បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «សង្ឃឹមថា វានឹងមិនកើតហេតុការណ៍ដូចនៅទីក្រុងស៊ីប៊ូ ដែលរងគ្រោះដោយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យដើមឈើរលំ កាលពីថ្ងៃទី៥ ខែមេសា កន្លងមក» ។

ការិយាល័យឧតុនិយមម៉ាឡេស៊ីលើកឡើងថា គេហៅបាតុភូតនេះថា ពពក Arcus ជាពពកដែលធ្វើឱ្យកើតភ្លៀងខ្យល់ ប៉ុន្តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គ្រាន់តែវាអាចនាំឱ្យភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងមានរន្ទះបាញ់ ។ ចំណែកការិយាល័យឧតុនិយមអង់គ្លេសវិញថា ពពក Arcus កើតឡើងនៅពេលពពកមានកម្រិតទាប និងទំហំធំ ហើយពពកនេះនឹងបង្កើតខ្យល់ព្យុះខ្លាំងក្លា និងផ្គររន្ទះផងដែរ ៕

ប្រភព ៖ khaosod

ស្ត្រីម្នាក់ស៊ីឈ្នួលលាងចានឱ្យគេ ប៉ុន្តែមានរថយន្តទំនើបជិះ

0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅចិនបានចែកចាយវីដេអូមួយនៅទីក្រុង Chengdu ខេត្ត Sichuan ដែលមានស្ត្រីម្នាក់ពាក់អាវឆ្នូតពណ៌ផ្កាឈូក ពាក់ស្បែកជើងកវែង ព្រមទាំងមានក្រណាត់ចងចង្កេះការពារភាពកខ្វក់ ប៉ុន្តែស្ត្រីរូបនេះបានចុះពីរថយន្ត Bentley ជារថយន្តទំនើបមានតម្លៃថ្លៃ ។

កាលពីថ្ងៃទី៤ ខែមេសា កន្លងមក គេបានចែកចាយវីដេអូមួយបង្ហោះនៅក្នុង Weibo និងមានការចុចទស្សនាជាង៨,៤លានដង ហើយការបង្ហោះនេះបានសរសេរថា ៖ «អ្វីដែលស្ត្រីរូបនេះខ្វះ មិនមែនប្រាក់ទេ ប៉ុន្តែគាត់ចង់ធ្វើការដើម្បីបំពេញពេលវេលារបស់ខ្លួន» ។

តាមការចុះផ្សាយរបស់សារព័ត៌មានចិន Oriental Daily News និង The China Times ថា ស្ត្រីរូបនេះជាអ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែបានមកលាងចានឱ្យគេនៅក្នុងហាងមួយ ព្រោះមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ប៉ុណ្ណោះ ។

ស្ត្រីរូបនេះទទួលស្គាល់ថា ការតាំងចិត្តរបស់ខ្លួនមកធ្វើការក្នុងហាងលក់អាហារនេះ គឺមិនមែនចង់រកប្រាក់នោះទេ ប៉ុន្តែខ្លួនធ្វើដើម្បីកុំឱ្យពេលវេលាកន្លងផុតទៅឥតប្រយោជន៍ ព្រោះការនៅផ្ទះគួរឱ្យធុញទ្រាន់ណាស់ ហើយមានអារម្មណ៍ថា មិនសប្បាយចិត្តទេ បើថ្ងៃណាមិនបានលាងចាន ។ ចំណែកកូនស្រីរបស់ស្ត្រីនេះនិយាយថា នាងមិនអាចហាមឃាត់ម្តាយរបស់នាងមិនឱ្យធ្វើការទេ ដូច្នេះ នាងក៏យល់ព្រមបើករថយន្តជូនម្តាយទៅធ្វើការ និងជូនមកផ្ទះវិញ ។

អ្នកលេងបណ្តាញសង្គមចិនមួយចំនួនបានសរសើរស្ត្រីនេះពីការព្យាយាមធ្វើការ និងប្រើប្រាស់ពេលវេលាយ៉ាងមានអត្ថន័យ ក្នុងនោះអ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «នៅពេលអ្នកមិនខ្វះប្រាក់ចាយ អ្នកនឹងមានក្តីសុខនូវអ្វីដែលអ្នកបានធ្វើ» ៕

ប្រភព ៖ The standard wealth

វៀតណាមនឹងស៊ើបអង្កេត TikTok និងគ្រប់គ្រងការចែកចាយព័ត៌មានគ្រោះថ្នាក់

0

ប្រទេសវៀតណាម ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនិយាយថា នឹងស៊ើបអង្កេតប្រតិបត្តិការរបស់ TikTok ក្នុងប្រទេសរបស់ខ្លួន ចាប់ពីខែឧសភា ឆ្នាំ២០២៣ តទៅ ដើម្បីឱ្យប្រាកដចិត្តថា កម្មវិធីនេះអនុវត្តតាមការគ្រប់គ្រងខ្លឹមសារ ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្ម ។

មន្ត្រីវៀតណាមបញ្ជាក់ថា កម្មវិធីពេញនិយមរបស់ចិនដែលផ្តល់សេវាកម្មវីដេអូខ្លីៗនេះ បានចែកចាយវីដេអូមិនសមរម្យជាច្រើន ។ មន្ត្រីរូបនេះនិយាយថា ៖ «TikTok, Facebook និង YouTube ជាបណ្តាញសង្គមគ្មានព្រំដែន និងមានស្តង់ដារអន្តរជាតិ ប៉ុន្តែបណ្តាញសង្គមទាំងនេះត្រូវតែអនុវត្តតាមច្បាប់ក្នុងស្រុករបស់វៀតណាម ទាំងផ្នែកខ្លឹមសារ និងការបង់ពន្ធ» ។

កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ក្រុមហ៊ុន TikTok និយាយថា ភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអេឡិចត្រូនិកវៀតណាមបានជូនដំណឹងមកកាន់ក្រុមហ៊ុនថា នៅត្រីមាសទី២ ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋាភិបាលនឹងមកពិនិត្យមើលការិយាល័យរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុន TikTok នៅវៀតណាមបានបញ្ជាក់តាមអ៊ីម៉ែលថា ៖ «វាជាការស៊ើបអង្កេតរបស់រដ្ឋាភិបាលវៀតណាមតាមការគ្រោងទុក និងស្របតាមច្បាប់វៀតណាមទៅលើក្រុមហ៊ុនទាំងអស់ដែលធ្វើការនៅប្រទេសនេះ មិនមែនមានតែ TikTok មួយទេ» ។

ក្រុមហ៊ុនបញ្ជាក់ថា TikTok បានលុបវីដេអូចំនួន១,៧លានកាលពីត្រីមាសទី៤ ឆ្នាំ២០២២ តាមការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម ដោយសារត្រូវគេមើលឃើញថា វីដេអូទាំងនេះបំពានគោលនយោបាយរបស់រដ្ឋាភិបាល ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ខ្លួនបានកែប្រែគោលការណ៍ណែនាំ ហើយសង្ឃឹមថា នឹងអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ដើម្បីឱ្យកាន់តែមានតម្លាភាពផ្នែកច្បាប់ ។

បើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវលើកឡើងថា មានពលរដ្ឋវៀតណាមអាយុចាប់ពី១៨ឆ្នាំឡើងទៅបានប្រើប្រាស់កម្មវិធី TikTok ប្រមាណ៥០លាននាក់ ៕

ប្រភព ៖ mgronline

ក្រសួងសុខាភិបាល ក្រើនរំលឹកករណីពុលស្រាស ផ្តាសាយបក្សី ជំងឺកូវីដ ក្នុងឱកាសចូលឆ្នាំ

0

ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែមេសា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ ផ្តាសាយបក្សី រួមទាំងករណីពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំដូចជា៖ មិនត្រូវភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីជាបច្ចុប្បន្នមានការថយចុះការឆ្លងក្នុងប្រទេសកម្ពុជា ដើម្បីចៀសវាងពីគ្រោះមហន្តរាយសុខភាពសាធារណៈធ្ងន់ធ្ងរ។

ក្នុងនោះក្រសួងសុខាភិបាលក៏ក្រើនរំលឹកពីជំងឺផ្តាសាយបក្សីដូចគ្នា ដោយត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍រស់នៅស្អាត និងចំណីត្រូវចម្អិនឱ្យបានឆ្អិនល្អ ត្រូវរក្សាទុកដាក់អាហារឆៅ និងឆ្អិន នៅដាច់ដោយឡែកពីគ្នាជាចាំបាច់ និងត្រូវទុកដាក់ចំណីអាហារនៅក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ ករណីសង្ស័យថាមានឆ្លងវីរុសផ្តាសាយបក្សី ដោយមានរោគសញ្ញាទូទៅរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាសេ ក្អក និង ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់បសុបក្សីឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា សូមទូរស័ព្ទទៅលេខ ១១៥ និងប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះ។

បន្ថែមពីលើនេះ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយមិនគោរពតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា ស ដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។ ចៀសវាងការយកស្រា ស ឬស្រាផ្សេងៗ ទៅលាយជាមួយស្រាផ្សេងទៀត ឬជាមួយភេសជ្ជៈណាមួយទៀត ដែលមិនបានដឹងពីប្រតិកម្មរបស់វា ដែលបង្កឱ្យពុល និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕

 

ប្រទេសទុយនេស៊ីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងខ្វះទឹកប្រើប្រាស់

0

ប្រទេសទុយនេស៊ី ៖ ទុយនេស៊ី ជាប្រទេសស្ថិតនៅអាហ្វ្រិកខាងជើងបានជួបគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត ដោយសារបរិមាណទឹកក្នុងទំនប់ធំៗក្នុងប្រទេសបានរីងស្ងួតទាំងអស់ ។ រដ្ឋាភិបាលបានប្រកាសផ្តល់ទឹកស្អាតដល់ពលរដ្ឋ រួមទាំងហាមពលរដ្ឋយកទឹកទៅប្រើប្រាស់ក្នុងចម្ការទៀតផង ។

ទំនប់ទឹកជាច្រើនកន្លែងនៅប្រទេសនេះបានរីងស្ងួតទឹកអស់ ហើយពលរដ្ឋត្រូវចំណាយប្រាក់ដើម្បីទិញទឹកប្រើប្រាស់ ដោយសាររដ្ឋាភិបាលប្រកាសផ្អាកការផ្គត់ផ្គង់ទឹក៧ម៉ោងក្នុង១យប់ ។ ប្រទេសទុយនេស៊ីបានប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេល៤ឆ្នាំមកហើយ រហូតធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ទូទាំងប្រទេសតែម្តង ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានប្រើប្រាស់វិធានការផ្គត់ផ្គង់ទឹកស្អាតនៅខែមីនា ឆ្នាំ២០២៣ និងហាមពលរដ្ឋប្រើប្រាស់ទឹកក្នុងផ្នែកកសិកម្ម រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។

ពលរដ្ឋភាគច្រើនបានយកទឹកពីអណ្តូងក្នុងភូមិទៅប្រើប្រាស់ ប៉ុន្តែត្រូវត្រងវាឱ្យស្អាតសិន មុននឹងយកមកផឹក និងប្រើប្រាស់ក្នុងផ្ទះបាយ ។ ពលរដ្ឋក្នុងភូមិបានជួបបញ្ហាលំបាកជាខ្លាំង ដោយសារខ្វះខាតទឹកប្រើប្រាស់ជាញឹកញាប់ ។ ពួកគេនិយាយថា គ្មានទឹកសម្រាប់បោកគក់ខោអាវទេ ហើយពួកគេត្រូវរស់នៅកខ្វក់បែបនេះជាច្រើនខែទៀត ហើយត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ។

ក្រសួងកសិកម្មបានប្រកាសថា ហាមពលរដ្ឋយកទឹកស្អាតទៅលាងរថយន្ត ស្រោចដើមឈើ និងលាងផ្លូវ ហើយបើអ្នកណាល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ព្រមទាំងដាក់ពន្ធនាគារចាប់ពី៦ថ្ងៃ ដល់៦ខែ ។

គេបានកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាតពេលយប់ក្នុងតំបន់មួយចំនួននៅក្រុងទុយនីស និងទីក្រុងផ្សេងៗអស់រយៈពេលជាង២សប្តាហ៍មកហើយ ។ វិធានការនេះបានធ្វើឱ្យពលរដ្ឋមិនពេញចិត្តជាខ្លាំង ដោយសារត្រូវរស់នៅដោយគ្មានទឹកប្រើប្រាស់ ខណៈពួកគេកំពុងរងផលប៉ះពាល់ដោយសារអតិផរណា និងសេដ្ឋកិច្ចធ្លាក់ចុះស្រាប់ទៅហើយ ។

ជាមួយគ្នានេះ មានការរាយការណ៍ថា ទំនប់ទឹក Sidi Salem ស្ថិតនៅភាគខាងជើងប្រទេស ដែលគេចាត់ទុកថា ជាកន្លែងផលិតទឹកស្អាតសំខាន់មួយសម្រាប់ចែកចាយទៅកាន់តំបន់ជាច្រើន ពេលនេះ បរិមាណទឹកក្នុងទំនប់បានស្រកចុះនៅសល់ត្រឹម១៦%ប៉ុណ្ណោះ ។ ទំនប់ទឹកនេះអាចផ្ទុកទឹកបានចំនួន៥៨០លានម៉ែត្រគូប ៕

ប្រភព ៖ Tnn earth