ប្រទេសទុយនេស៊ី ៖ ទុយនេស៊ី ជាប្រទេសស្ថិតនៅអាហ្វ្រិកខាងជើងបានជួបគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត ដោយសារបរិមាណទឹកក្នុងទំនប់ធំៗក្នុងប្រទេសបានរីងស្ងួតទាំងអស់ ។ រដ្ឋាភិបាលបានប្រកាសផ្តល់ទឹកស្អាតដល់ពលរដ្ឋ រួមទាំងហាមពលរដ្ឋយកទឹកទៅប្រើប្រាស់ក្នុងចម្ការទៀតផង ។
ទំនប់ទឹកជាច្រើនកន្លែងនៅប្រទេសនេះបានរីងស្ងួតទឹកអស់ ហើយពលរដ្ឋត្រូវចំណាយប្រាក់ដើម្បីទិញទឹកប្រើប្រាស់ ដោយសាររដ្ឋាភិបាលប្រកាសផ្អាកការផ្គត់ផ្គង់ទឹក៧ម៉ោងក្នុង១យប់ ។ ប្រទេសទុយនេស៊ីបានប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេល៤ឆ្នាំមកហើយ រហូតធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ទូទាំងប្រទេសតែម្តង ។ ជាមួយគ្នានេះ រដ្ឋាភិបាលបានប្រើប្រាស់វិធានការផ្គត់ផ្គង់ទឹកស្អាតនៅខែមីនា ឆ្នាំ២០២៣ និងហាមពលរដ្ឋប្រើប្រាស់ទឹកក្នុងផ្នែកកសិកម្ម រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។
ពលរដ្ឋភាគច្រើនបានយកទឹកពីអណ្តូងក្នុងភូមិទៅប្រើប្រាស់ ប៉ុន្តែត្រូវត្រងវាឱ្យស្អាតសិន មុននឹងយកមកផឹក និងប្រើប្រាស់ក្នុងផ្ទះបាយ ។ ពលរដ្ឋក្នុងភូមិបានជួបបញ្ហាលំបាកជាខ្លាំង ដោយសារខ្វះខាតទឹកប្រើប្រាស់ជាញឹកញាប់ ។ ពួកគេនិយាយថា គ្មានទឹកសម្រាប់បោកគក់ខោអាវទេ ហើយពួកគេត្រូវរស់នៅកខ្វក់បែបនេះជាច្រើនខែទៀត ហើយត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ។
ក្រសួងកសិកម្មបានប្រកាសថា ហាមពលរដ្ឋយកទឹកស្អាតទៅលាងរថយន្ត ស្រោចដើមឈើ និងលាងផ្លូវ ហើយបើអ្នកណាល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ព្រមទាំងដាក់ពន្ធនាគារចាប់ពី៦ថ្ងៃ ដល់៦ខែ ។
គេបានកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាតពេលយប់ក្នុងតំបន់មួយចំនួននៅក្រុងទុយនីស និងទីក្រុងផ្សេងៗអស់រយៈពេលជាង២សប្តាហ៍មកហើយ ។ វិធានការនេះបានធ្វើឱ្យពលរដ្ឋមិនពេញចិត្តជាខ្លាំង ដោយសារត្រូវរស់នៅដោយគ្មានទឹកប្រើប្រាស់ ខណៈពួកគេកំពុងរងផលប៉ះពាល់ដោយសារអតិផរណា និងសេដ្ឋកិច្ចធ្លាក់ចុះស្រាប់ទៅហើយ ។
ជាមួយគ្នានេះ មានការរាយការណ៍ថា ទំនប់ទឹក Sidi Salem ស្ថិតនៅភាគខាងជើងប្រទេស ដែលគេចាត់ទុកថា ជាកន្លែងផលិតទឹកស្អាតសំខាន់មួយសម្រាប់ចែកចាយទៅកាន់តំបន់ជាច្រើន ពេលនេះ បរិមាណទឹកក្នុងទំនប់បានស្រកចុះនៅសល់ត្រឹម១៦%ប៉ុណ្ណោះ ។ ទំនប់ទឹកនេះអាចផ្ទុកទឹកបានចំនួន៥៨០លានម៉ែត្រគូប ៕
ប្រភព ៖ Tnn earth










