Home ព័ត៌មានអន្តរជាតិ ស្ថានទូតចិនដាស់តឿនពលរដ្ឋខ្លួន កុំឱ្យចាញ់បោ.កការងារប្រាក់ខែខ្ពស់នៅប្រទេសថៃ

ស្ថានទូតចិនដាស់តឿនពលរដ្ឋខ្លួន កុំឱ្យចាញ់បោ.កការងារប្រាក់ខែខ្ពស់នៅប្រទេសថៃ

115
0

ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីណែនាំបន្ទាន់មួយក្នុងខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីព្រមានពលរដ្ឋខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោ​.កប្រាស់របស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Scammers) ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ។

«គ្រោះថ្នា.ក់បំផុត! ពីភ្ញៀវទេសចរ ឬអ្នកស្វែងរកការងារធ្វើ ក្លាយជាទាសករ Scammers! សូមកុំចាញ់បោ.កអន្ទាក់ប្រាក់ខែខ្ពស់នៅប្រទេសថៃឱ្យសោះ ពីព្រោះអ្នកនឹងធ្លាក់ខ្លួនទៅក្នុងបណ្តាញបោកប្រា.ស់តាមទូរស័ព្ទ» នេះជាការដាស់តឿនរបស់ស្ថានទូតចិនប្រចាំទីក្រុងបាងកក ទៅកាន់ពលរដ្ឋរបស់ខ្លួន តាមរយៈសេចក្តីណែនាំជាបន្ទាន់មួយនៅខែមិថុនា។

ស្ថានទូតចិនប្រចាំទីក្រុងបាងកក បានចេញសេចក្តីណែនាំ និងព្រមានជាបន្តបន្ទាប់ ចាប់ពីតាំងពីខែមេសា រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦ ដើម្បីដាស់តឿនដល់ពលរដ្ឋកុំឱ្យចាញ់បោកក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Scammers) នៅប្រទេសថៃ។ ស្ថានទូតចិនបានសង្កេតឃើញល្បិចបោកប្រាស់ជាច្រើនដែលបានកើតឡើងក្នុងប្រទេសនេះ ដូចជា៖

-សន្យាផ្តល់ការងារប្រាក់ខែខ្ពស់៖ ក្រុមបោកប្រាស់បានប្រើប្រាស់បណ្តាញសង្គម និងការផ្ញើសារ ដើម្បីផ្សព្វផ្សាយជ្រើសរើសបុគ្គលិកក្រោមរូបភាពផ្តល់ការងារងាយស្រួល ប្រាក់ខែខ្ពស់ និងចេញថ្លៃសំបុត្រយន្តហោះ រួមទាំងកន្លែងស្នាក់នៅ។

-បង្ខាំង និងបង្ខំឱ្យធ្វើការខុសច្បាប់៖ នៅពេលជនរងគ្រោះធ្វើដំណើរមកដល់ទីក្រុងបាងកក ក៏ត្រូវបាននាំទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា (ជាពិសេស នៅស្រុកមេស៊ត ខេត្តតាក) ហើយក៏បង្ខាំង ទារប្រាក់ និងបង្ខំឱ្យធ្វើការក្នុងបណ្តាញបោកប្រាស់តាមទូរស័ព្ទ។

ស្ថានទូតចិនណែនាំឱ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឬចៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនដែលប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើគ្មានការចាំបាច់ ដើម្បីកុំឱ្យក្លាយជាជនរងគ្រោះត្រូវគេជួញដូរឆ្លងដែន ពីព្រោះគ្មានការងារណាដែផ្តល់ប្រាក់ខែខ្ពស់ ឬផ្តល់អាហារមិនគិតថ្លៃនោះទេ។ រីឯភ្ញៀវទេសចរចិនវិញ ត្រូវជ្រើសរើសក្រុមហ៊ុនទេសចរណ៍មានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីកុំឱ្យចាញ់បោកការធ្វើដំណើរកម្សាន្តតម្លៃថោកខុសធម្មតា ប៉ុន្តែបង្ខំឱ្យទិញទំនិញតម្លៃថ្លៃ។

នេះជាការដាស់តឿនជាលើកទី២ របស់ស្ថានទូតចិនក្នុងរយៈពេល២ខែមកនេះ។ ក្នុងសេចក្តីណែនាំរបស់ស្ថានទូតចិន ក៏បញ្ជាក់ដែរថា ក្នុងរយៈពេលជាច្រើនឆ្នាំ អាជ្ញាធរថៃបានត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន មិនថាការធ្វើការខុសច្បាប់លួចលាក់, បណ្តាញឆបោក, ការភ្នាល់អនឡាញ និងជួញដូរមនុស្ស។ អាជ្ញាធរថៃ និងចិន បានបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងរឹតបន្តឹងត្រួតពិនិត្យការឆ្លងដែនខុសច្បាប់ដើម្បីលុបបំបាត់បណ្តាញក្រុម Scammers ដូច្នេះ ភ្ញៀវទេសចរចិនត្រូវរៀបចំគម្រោងធ្វើដំណើរយ៉ាងច្បាស់លាស់។

សូមបញ្ជាក់ថា តាមទិន្នន័យចុងក្រោយគិតត្រឹមខែមិថុនា ជនជាតិចិន គឺជាជនរងគ្រោះដែលត្រូវបានគេបោកបញ្ឆោតឱ្យមកធ្វើការខុសច្បាប់នៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងចំនួនដ៏ច្រើនជាងគេរហូតដល់រាប់ពាន់នាក់។ ជនជាតិចិនភាគច្រើនចាញ់បោកការសន្យាផ្តល់ការងារប្រាក់ខែខ្ពស់ នៅពេលហោះហើរមកដល់ទីក្រុងបាងកក ត្រូវបានដកហូតលិខិតឆ្លងដែន រួចក៏ត្រូវគេជួញដូរយកទៅបង្ខាំងឱ្យធ្វើការជា Scammers នៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា៕