កញ្ញា អ៊ិន លក្ខណា ម្ចាស់មកុដ Miss Supranational Cambodia ២០២២ និងជាបេក្ខនារីផ្លូវការមួយរូបចូលរួមប្រកួត Miss Grand Cambodia 2023 ដោយស្ថាប័ននេះក៏បានចេញមុខប្រតិកម្មដូចគ្នាទៅលើគណនីហ្វេកប៊ុកមួយដែលបានលើកឡើងថាម្ចាស់មកុដកំណត់រួចហើយគឺជាកញ្ញា អ៊ិន លក្ខណា ដោយទទួលបានលក្ខខណ្ឌពិសេសជាមួយលោកស្រី អ៊ឹម សុគន្ធា ម្ចាស់ថ្មីរបស់ Miss Grand Cambodia ខណៈបេក្ខនារីដទៃចូលរួមគ្រាន់តែអមឆាកប៉ុណ្ណោះ។
ស្ថាប័ន Miss Grand Cambodia បានបង្ហោះរូបភាពនិងសារនៅយប់ថ្ងៃទី៧ ខែមេសា ថា «ស្ថាប័នយើងខ្ញុំសូមបដិសេធទាំងស្រុង សម្រាប់ម្ចាស់អាខោន មួយនេះបានផុសឡើង ខាងស្ថាប័នយើងខ្ញុំមិនប្រព្រឹត្តទង្វើបែបនេះឡើយ ហើយកាន់តែមិនពាក់ព័ន្ធការហៅឬសន្យាដល់នរណាម្នាក់មកប្រឡងផ្តល់មកុដជូនជាផលដោះដូរដាច់ខាត ។
-ចំណុចទី១ នៃការផុស ធ្វើឱ្យប៉ះពាល់ដល់ឈ្មោះម្ចាស់កម្មវិធី Miss Grand Cambodia ឆ្នាំថ្មីយ៉ាងខ្លាំង
-ទី២ ធ្វើឱ្យបេក្ខភាពដែលកំពុងស្ថិតក្នុងការប្រឡងឬជម្រុះ មានការយល់ ច្រឡំយ៉ាងខ្លាំងចំពោះកម្មវិធី ព្រោះខាងកម្មវិធីប្រកាន់ខ្ជាប់ ចំណុចសំខាន់ៗ ដូចជា៖
-បេក្ខភាពត្រូវមាន៖ ភាពស្រស់ស្អាត សមត្ថភាព ភាពវ័យឆ្លាត និង មានទេពកោសល្យ ស័ក្តិសមជាបវរកញ្ញា
-មិនមានសែបក្ខពួក គឺគ្រប់យ៉ាងចេញពីភាពខំប្រឹង
-ភាពសុក្រឹតជាចាំបាច់ ដូច្នេះចំពោះការលើកឡើងរបស់បុគ្គល @stephen Serr ប្រៀបដូចជាមិនឱ្យតម្លៃដល់បវកញ្ញាកម្ពុជា ថាមិនមានសមត្ថភាពពិតប្រាកដផងដែរ»។
មិនត្រឹមតែមានការប្រតិកម្មពីខាងស្ថាប័ន Miss Grand Cambodia ថ្មីប៉ុណ្ណោះទេ កញ្ញា អ៊ិន លក្ខណា ជាសាមីខ្លួនក្លាយជាប្រធានបទថ្មីជជែកក្នុងវិស័យបវរកញ្ញា បានចេញមុខប្រតិកម្មដូចគ្នាដោយនាងបានរៀបរាប់ថា «រឿងនេះមិនត្រឹមប៉ះពាល់ដល់ក្រុមហ៊ុនទេថែមទាំងប៉ះពាល់កេរ្តិ៍ឈ្មោះដែលនាងខ្ញុំខំប្រឹងដូចគ្នា ខ្ញុំមិនដែលទាំងបានជួបបងស្រីសូម្បីតែម្ដង ហើយខ្ញុំក៏បានប្រកាសថានឹងចូលរួមប្រកួតនៅក្នុងឆ្នាំ2023 តាំងពីបងស្រីមិនទាន់ទិញកម្មវិធីមកម្លេះ ខ្ញុំជឿជាក់ថាកម្មវិធីឆ្នាំហ្នឹងនឹងសុក្រិតសម្រាប់បេក្ខភាពទាំងអស់យ៉ាងពិតប្រាកដ»។
ជុំវិញរឿងខាងលើនេះដែលមានពាក្យចចាមអារ៉ាមថា អ៊ិន លក្ខណា ជាម្ចាស់មកុដ Miss Grand Cambodia 2023 ព្រោះតែមានការដោះដូរនេះ អ្នកលេងបណ្តាញសង្គមលើកឡើងថាគួរតែចាត់ការតាមផ្លូវច្បាប់ វែកមុខបុគ្គលខាងលើនេះដែលនិយាយប៉ះពាល់ដល់ស្ថាប័ន Miss Grand Cambodia ថ្មី៕











