Home ព័ត៌មានអន្តរជាតិ ស្ត្រីម្នាក់ស៊ីឈ្នួលលាងចានឱ្យគេ ប៉ុន្តែមានរថយន្តទំនើបជិះ

ស្ត្រីម្នាក់ស៊ីឈ្នួលលាងចានឱ្យគេ ប៉ុន្តែមានរថយន្តទំនើបជិះ

161
0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមនៅចិនបានចែកចាយវីដេអូមួយនៅទីក្រុង Chengdu ខេត្ត Sichuan ដែលមានស្ត្រីម្នាក់ពាក់អាវឆ្នូតពណ៌ផ្កាឈូក ពាក់ស្បែកជើងកវែង ព្រមទាំងមានក្រណាត់ចងចង្កេះការពារភាពកខ្វក់ ប៉ុន្តែស្ត្រីរូបនេះបានចុះពីរថយន្ត Bentley ជារថយន្តទំនើបមានតម្លៃថ្លៃ ។

កាលពីថ្ងៃទី៤ ខែមេសា កន្លងមក គេបានចែកចាយវីដេអូមួយបង្ហោះនៅក្នុង Weibo និងមានការចុចទស្សនាជាង៨,៤លានដង ហើយការបង្ហោះនេះបានសរសេរថា ៖ «អ្វីដែលស្ត្រីរូបនេះខ្វះ មិនមែនប្រាក់ទេ ប៉ុន្តែគាត់ចង់ធ្វើការដើម្បីបំពេញពេលវេលារបស់ខ្លួន» ។

តាមការចុះផ្សាយរបស់សារព័ត៌មានចិន Oriental Daily News និង The China Times ថា ស្ត្រីរូបនេះជាអ្នកមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែបានមកលាងចានឱ្យគេនៅក្នុងហាងមួយ ព្រោះមិនចង់ចំណាយពេលវេលាឥតប្រយោជន៍ប៉ុណ្ណោះ ។

ស្ត្រីរូបនេះទទួលស្គាល់ថា ការតាំងចិត្តរបស់ខ្លួនមកធ្វើការក្នុងហាងលក់អាហារនេះ គឺមិនមែនចង់រកប្រាក់នោះទេ ប៉ុន្តែខ្លួនធ្វើដើម្បីកុំឱ្យពេលវេលាកន្លងផុតទៅឥតប្រយោជន៍ ព្រោះការនៅផ្ទះគួរឱ្យធុញទ្រាន់ណាស់ ហើយមានអារម្មណ៍ថា មិនសប្បាយចិត្តទេ បើថ្ងៃណាមិនបានលាងចាន ។ ចំណែកកូនស្រីរបស់ស្ត្រីនេះនិយាយថា នាងមិនអាចហាមឃាត់ម្តាយរបស់នាងមិនឱ្យធ្វើការទេ ដូច្នេះ នាងក៏យល់ព្រមបើករថយន្តជូនម្តាយទៅធ្វើការ និងជូនមកផ្ទះវិញ ។

អ្នកលេងបណ្តាញសង្គមចិនមួយចំនួនបានសរសើរស្ត្រីនេះពីការព្យាយាមធ្វើការ និងប្រើប្រាស់ពេលវេលាយ៉ាងមានអត្ថន័យ ក្នុងនោះអ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «នៅពេលអ្នកមិនខ្វះប្រាក់ចាយ អ្នកនឹងមានក្តីសុខនូវអ្វីដែលអ្នកបានធ្វើ» ៕

ប្រភព ៖ The standard wealth