ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មាន Straits Times បានចុះផ្សាយពីរូបភាពពពកចម្លែកមួយនៅទីក្រុង Bintulu រដ្ឋ Sarawak ស្ថិតនៅទិសពាយ័ព្យរបស់កោះ Borneo ប្រទេសម៉ាឡេស៊ី ហើយវាបានធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង ។ អ្នកលេងបណ្តាញសង្គមម៉ាឡេស៊ីបានបញ្ចេញគំនិតខុសៗគ្នាទាក់ទងនឹងបាតុភូតចម្លែកនេះ ។
មនុស្សភាគច្រើនសង្ស័យទៅលើមេឃពណ៌ប្រផេះងងិត មានខ្សែពពកពណ៌សវែង ដែលបានបង្ហាញឡើងកាលពីព្រឹកថ្ងៃទី៦ ខែមេសា ហើយមនុស្សមួយចំនួនបានថតរូបភាព និងថតវីដេអូ រួចចែកចាយនៅក្នុងបណ្តាញសង្គម ។
អ្នកនាង សាហ្វីយ៉ា រ៉ូស បានបង្ហោះរូបភាព និងសរសេរអក្សរនៅក្រោមរូបភាពថា វាស្រស់ស្អាតខ្លាំងណាស់ ហើយមើលទៅ ដូចជណ្តើរឡើងឋានសួគ៌អីចឹង ខណៈនារីម្នាក់ទៀតឈ្មោះ ជេយា លី និយាយថា វាស្រស់ស្អាត និងពិសេសខ្លាំងណាស់ ។ រីឯអ្នកខ្លះទៀតរំភើបពេលឃើញពពកចម្លែកនេះ ហើយសង្ស័យថា តើវានឹងកើតខ្យល់ព្យុះផ្គររន្ទះឬអត់ ?
នារីម្នាក់ឈ្មោះ អេស្តេបា បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «សង្ឃឹមថា វានឹងមិនកើតហេតុការណ៍ដូចនៅទីក្រុងស៊ីប៊ូ ដែលរងគ្រោះដោយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យដើមឈើរលំ កាលពីថ្ងៃទី៥ ខែមេសា កន្លងមក» ។
ការិយាល័យឧតុនិយមម៉ាឡេស៊ីលើកឡើងថា គេហៅបាតុភូតនេះថា ពពក Arcus ជាពពកដែលធ្វើឱ្យកើតភ្លៀងខ្យល់ ប៉ុន្តែគ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គ្រាន់តែវាអាចនាំឱ្យភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងមានរន្ទះបាញ់ ។ ចំណែកការិយាល័យឧតុនិយមអង់គ្លេសវិញថា ពពក Arcus កើតឡើងនៅពេលពពកមានកម្រិតទាប និងទំហំធំ ហើយពពកនេះនឹងបង្កើតខ្យល់ព្យុះខ្លាំងក្លា និងផ្គររន្ទះផងដែរ ៕
ប្រភព ៖ khaosod










