ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពាក់ព័ន្ធនឹងករណីម្ចាស់ចាងហ្វាងសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានស្ដីបន្ទោស ព្រមទាំងឱ្យបុរសដែលជាដំណើរម្នាក់ សុំទោសឱ្យចេញពីចិត្ត ខណៈបុរសជាអ្នកដំណើរគ្រាន់តែមានចិត្តជួយលើកនារីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដេកដួលកណ្ដាលផ្លូវដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយប្រការណាមួយ តែជាអកុសលលោកត្រូវបានក្រុមអ្នកសារព័ត៌មាន ជាពិសេសលោក សុវណ្ណ រិទ្ធី ស្ដីបន្ទោសថាធ្វើឱ្យបាត់ភស្ដុតាងពេលដែលសមត្ថកិច្ចត្រូវចុះមកវាស់វែងសរសេររបាយការណ៍ជាដើម ដែលការស្ដីថាឱ្យគឺជារឿងដ៏គួរហួសចិត្តយ៉ាងខ្លាំង បណ្ដាលឱ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។

ជាក់ស្ដែងនាមុននេះបន្តិច ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានចេញមុខប្រតិកម្មផងដែរដោយលោកបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកលោកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ឃើញហើយទើសចិត្តពេក ! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ? ។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaKX4bPypiBiKbF0kT0ifGYq8Dbk8yOM3jnwsiYVk5mFcYgLoxqSWYqaTM4UueeehipVTz8nEkUN0M328_BLUOpETyiPUkXzgMbLZemvmx4ORsKUM4LI7odFMRTaMkG09GsKQUF1ChSsNUU4OlALCL5mdi_YUrNZe0xTZfIFwNpg_aub9JcqVzgwjhA/s1080/photo_2023-01-24_16-50-16%20(2).jpg

គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ» ៕