ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យ លើករណី លោកគ្រូ អនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ក្រោយមានការចុះផ្សាយពីបណ្តាញសារព័ត៌មាន និងរិះគន់ពីបណ្តាញអ្នកលេងសង្គម។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានឈានមុខនៅថ្ងៃទី ២៤ ខែមករាថា ករណីខាងលើនេះ ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។
លោកបន្តថា បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា មានករណីផ្ទុះការរិះគន់ផ្អើលពេញហ្វេសប៊ុកជុំវិញករណីគ្រូអនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន។ ករណីនេះ កើតឡើង កាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៕