ប្រទេសវៀតណាម ៖ បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ បានថយចុះ ការងើបឡើងវិញនៃឧស្សាហកម្មនៅវៀតណាមអាចមិនស្មើគ្នាទេ ខណៈឧស្សាហកម្មខ្លះងើបឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែឧស្សាហកម្មខ្លះទៀតត្រូវបានគេបោះបង់ចោល ។ ទោះយ៉ាងណា សេដ្ឋកិច្ចវៀតណាមនៅតែរីកចម្រើនជាមួយឧស្សាហកម្ម៤ប្រភេទនៅឆ្នាំ២០២៣នេះ ។
១-ឧស្សាហកម្មថាមពល ៖
វៀតណាមទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយស្មើភាព (Just Energy Transition Partnership: JETP) កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ។ នៅឆ្នាំ២០២៣នេះ យើងនឹងឃើញថា កិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់បែបណា នយោបាយនឹងផ្លាស់ប្តូរបែបណា ហើយការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់វៀតណាមនឹងកាន់តែទូលាយផងដែរ ។
២-ឧស្សាហកម្មទេសចរណ៍ ៖
សម្រាប់ឆ្នាំ២០២២ ចាត់ទុកថា ជាឆ្នាំដែលពិបាកក្នុងផ្នែកទេសចរណ៍ គេសង្ឃឹមថា បន្ទាប់ពីវិធានការរឹតបន្តឹងជំងឺកូវីដនៅតាមព្រំដែនបានបញ្ចប់ ឧស្សាហកម្មទេសចរណ៍វៀតណាមនឹងងើបឡើងវិញម្តងទៀត ។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet រំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់៥លាននាក់នៅចុងឆ្នាំ២០២៣នេះ ។
៣-ឧស្សាហកម្មបច្ចេកវិទ្យា ៖
ការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបានលេចធ្លោក្នុងអំឡុងជំងឺកូវីដកន្លងមក ហើយវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានខ្នះខ្នែងខ្លាំងបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ តាមរបាយការណ៍រួមគ្នារបស់ Do Ventures និង NIC បង្ហាញថា ការចាប់ផ្តើមវិនិយោគផ្នែកបច្ចេកវិទ្យា គឺស្មើដល់១,៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ វាបានលូតលាស់យ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០១៩ ស្មើតែ៨៧៤លានដុល្លារអាមេរិក ។ ក្រៅពីនេះ ក៏មានតម្រូវការកម្លាំងពលកម្មមានជំនាញខ្ពស់នៅវៀតណាមផងដែរ ។
៤-ឧស្សាហកម្មការផលិត ៖
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers Index: PMI) បានធ្លាក់ចុះមកនៅត្រឹម៤៧,៤ ពី៥០,៦ នៅខែតុលា ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងផ្នែកផលិតកម្មរបស់វៀតណាម ។ រោងចក្រជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការបញ្ជាទិញថយចុះ ដែលត្រូវកាត់បន្ថយកម្លាំងពលកម្ម ។
ទោះយ៉ាងណា វាធ្វើឱ្យមានកម្លាំងពលកម្មលើសលប់ក្នុងទីផ្សារ ដែលអាចបង្កើតឱកាសដល់ក្រុមហ៊ុនផលិតកាន់តែងាយស្រួលពង្រីកអាជីវកម្ម ។ គេចាត់ទុកថា ផ្នែកផលិត គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចវៀតណាម ហើយគេព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ កាន់តែរីកចម្រើន ៕ ប្រភព ៖ AEC Connect