Home Blog Page 1874

ឯកឧត្តម ជុំ កុសល បង្ហាញការហួសចិត្តជុំវិញទង្វើរបស់លោក សុវណ្ណ រិទ្ធី ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍យប់មិញ

0

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពាក់ព័ន្ធនឹងករណីម្ចាស់ចាងហ្វាងសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានស្ដីបន្ទោស ព្រមទាំងឱ្យបុរសដែលជាដំណើរម្នាក់ សុំទោសឱ្យចេញពីចិត្ត ខណៈបុរសជាអ្នកដំណើរគ្រាន់តែមានចិត្តជួយលើកនារីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដេកដួលកណ្ដាលផ្លូវដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយប្រការណាមួយ តែជាអកុសលលោកត្រូវបានក្រុមអ្នកសារព័ត៌មាន ជាពិសេសលោក សុវណ្ណ រិទ្ធី ស្ដីបន្ទោសថាធ្វើឱ្យបាត់ភស្ដុតាងពេលដែលសមត្ថកិច្ចត្រូវចុះមកវាស់វែងសរសេររបាយការណ៍ជាដើម ដែលការស្ដីថាឱ្យគឺជារឿងដ៏គួរហួសចិត្តយ៉ាងខ្លាំង បណ្ដាលឱ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។

ជាក់ស្ដែងនាមុននេះបន្តិច ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បានចេញមុខប្រតិកម្មផងដែរដោយលោកបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុកលោកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ឃើញហើយទើសចិត្តពេក ! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ? ។ ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfaKX4bPypiBiKbF0kT0ifGYq8Dbk8yOM3jnwsiYVk5mFcYgLoxqSWYqaTM4UueeehipVTz8nEkUN0M328_BLUOpETyiPUkXzgMbLZemvmx4ORsKUM4LI7odFMRTaMkG09GsKQUF1ChSsNUU4OlALCL5mdi_YUrNZe0xTZfIFwNpg_aub9JcqVzgwjhA/s1080/photo_2023-01-24_16-50-16%20(2).jpg

គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ ។ សូមគិតឡើងវិញ កុំប្រើតួនាទីជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ» ៕

ក្រសួងអប់រំកំពុងពិនិត្យករណីគ្រូអនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកនៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

0

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យ លើករណី លោកគ្រូ អនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ក្រោយមានការចុះផ្សាយពីបណ្តាញសារព័ត៌មាន និងរិះគន់ពីបណ្តាញអ្នកលេងសង្គម។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់សារព័ត៌មានឈានមុខនៅថ្ងៃទី ២៤ ខែមករាថា ករណីខាងលើនេះ ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។

លោកបន្តថា បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា មានករណីផ្ទុះការរិះគន់ផ្អើលពេញហ្វេសប៊ុកជុំវិញករណីគ្រូអនុវត្តវិន័យយកម៉ូទ័រឈូសសក់សិស្សឡើងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន។ ករណីនេះ កើតឡើង កាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៕

ឧស្សាហកម្ម៤ប្រភេទរីកចម្រើននៅវៀតណាមក្នុងឆ្នាំនេះ

0

ប្រទេសវៀតណាម ៖ បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ បានថយចុះ ការងើបឡើងវិញនៃឧស្សាហកម្មនៅវៀតណាមអាចមិនស្មើគ្នាទេ ខណៈឧស្សាហកម្មខ្លះងើបឡើងវិញយ៉ាងឆាប់រហ័ស ប៉ុន្តែឧស្សាហកម្មខ្លះទៀតត្រូវបានគេបោះបង់ចោល ។ ទោះយ៉ាងណា សេដ្ឋកិច្ចវៀតណាមនៅតែរីកចម្រើនជាមួយឧស្សាហកម្ម៤ប្រភេទនៅឆ្នាំ២០២៣នេះ ។

១-ឧស្សាហកម្មថាមពល ៖
វៀតណាមទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយស្មើភាព (Just Energy Transition Partnership: JETP) កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ។ នៅឆ្នាំ២០២៣នេះ យើងនឹងឃើញថា កិច្ចព្រមព្រៀងនេះត្រូវបានប្រើប្រាស់បែបណា នយោបាយនឹងផ្លាស់ប្តូរបែបណា ហើយការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់វៀតណាមនឹងកាន់តែទូលាយផងដែរ ។

២-ឧស្សាហកម្មទេសចរណ៍ ៖
សម្រាប់ឆ្នាំ២០២២ ចាត់ទុកថា ជាឆ្នាំដែលពិបាកក្នុងផ្នែកទេសចរណ៍ គេសង្ឃឹមថា បន្ទាប់ពីវិធានការរឹតបន្តឹងជំងឺកូវីដនៅតាមព្រំដែនបានបញ្ចប់ ឧស្សាហកម្មទេសចរណ៍វៀតណាមនឹងងើបឡើងវិញម្តងទៀត ។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet រំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិរហូតដល់៥លាននាក់នៅចុងឆ្នាំ២០២៣នេះ ។

៣-ឧស្សាហកម្មបច្ចេកវិទ្យា ៖
ការចាប់ផ្តើមអាជីវកម្មរបស់វៀតណាមបានលេចធ្លោក្នុងអំឡុងជំងឺកូវីដកន្លងមក ហើយវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានខ្នះខ្នែងខ្លាំងបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ តាមរបាយការណ៍រួមគ្នារបស់ Do Ventures និង NIC បង្ហាញថា ការចាប់ផ្តើមវិនិយោគផ្នែកបច្ចេកវិទ្យា គឺស្មើដល់១,៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ វាបានលូតលាស់យ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០១៩ ស្មើតែ៨៧៤លានដុល្លារអាមេរិក ។ ក្រៅពីនេះ ក៏មានតម្រូវការកម្លាំងពលកម្មមានជំនាញខ្ពស់នៅវៀតណាមផងដែរ ។

៤-ឧស្សាហកម្មការផលិត ៖
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (Purchasing Managers Index: PMI) បានធ្លាក់ចុះមកនៅត្រឹម៤៧,៤ ពី៥០,៦ នៅខែតុលា ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងពីការធ្លាក់ចុះយ៉ាងខ្លាំងក្នុងផ្នែកផលិតកម្មរបស់វៀតណាម ។ រោងចក្រជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការបញ្ជាទិញថយចុះ ដែលត្រូវកាត់បន្ថយកម្លាំងពលកម្ម ។

ទោះយ៉ាងណា វាធ្វើឱ្យមានកម្លាំងពលកម្មលើសលប់ក្នុងទីផ្សារ ដែលអាចបង្កើតឱកាសដល់ក្រុមហ៊ុនផលិតកាន់តែងាយស្រួលពង្រីកអាជីវកម្ម ។ គេចាត់ទុកថា ផ្នែកផលិត គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចវៀតណាម ហើយគេព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៣ កាន់តែរីកចម្រើន ៕ ប្រភព ៖ AEC Connect

រុស្ស៊ីថាពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខ បើអឺរ៉ុបបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់ប្រទេសរុស្ស៊ីនិយាយថា ពលរដ្ឋអ៊ុយក្រែននឹងរងទុក្ខវេទនា បើប្រទេសលោកខាងលិចបញ្ជូនរថក្រោះទៅឱ្យកងទ័ពអ៊ុយក្រែន ខណៈមានសំណួរថា តើប្រទេសអាល្លឺម៉ង់នឹងអនុញ្ញាតឱ្យបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យកងទ័ពអ៊ុយក្រែនដែរឬទេ ។

លោក Peskov បន្តថា នៅពេលនេះ មានការជជែកគ្នាពីរឿងការបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ដែលវាបង្ហាញឱ្យឃើញពីការភ័យស្លន់ស្លោនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ (NATO) ។ លោកដាស់តឿនថា គ្រប់ប្រទេសទាំងអស់ដែលមានចំណែករួមក្នុងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន គឺត្រូវរួមគ្នាទទួលខុសត្រូវចំពោះផលវិបាកដែលនឹងកើតមានឡើង ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តមិនបានទទួលជោគជ័យក្នុងកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ដោយសារពួកគេមិនអាចបញ្ចុះបញ្ចូលអាល្លឺម៉ង់ឱ្យយល់ព្រមបញ្ជូនរថក្រោះចម្បាំង Leopard 2 ទៅឱ្យអ៊ុយក្រែន វាជារថក្រោះដែលអ៊ុយក្រែនត្រូវការដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពរុស្ស៊ីជាថ្មីទៀត ។

ទោះយ៉ាងណា អ្នកវិភាគឱ្យដឹងថា ការដែលអាល្លឺម៉ង់មិនបញ្ជូនរថក្រោះចម្បាំងទៅឱ្យអ៊ុយក្រែននោះ ដោយសារតែអាល្លឺម៉ង់មិនត្រូវការចូលរួមនៅក្នុងសង្គ្រាម ហើយខ្លាចថា រុស្ស៊ីនឹងលួចយកបច្ចេកវិទ្យារថក្រោះចម្បាំងរបស់ខ្លួន បើសិនជាអ៊ុយក្រែនចាញ់សង្គ្រាមជាមួយរុស្ស៊ី ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDkVr-JUY6aDPNzGG79HNL86r6HTnk0MUtuzZDxD2UKMfc0U3TivFbeG5JlbE9PnhMuVRhQy0ktpiM4mmPCzT830Au3_0_RGDzczn-86Lyfv3C3rxUAPerjRMYu3XazReNnJ2cf9L2uXp9fEHcQs3iZfXAIQEbMiCyPe8MllDL3pn78yB6JX5JOPhPvA/s850/photo_2023-01-24_15-20-05%20(2).jpg

គួរបញ្ជាក់ថា រថក្រោះចម្បាំង Leopard 2 ជារថក្រោះសំខាន់របស់កងទ័ពអាល្លឺម៉ង់ និងជារថក្រោះដ៏អស្ចារ្យបំផុតក្នុងពិភពលោក ។ រថក្រោះនេះត្រូវបានដាក់ឱ្យប្រចាំការលើកទី១ កាលពីឆ្នាំ១៩៧៩ ហើយអាវុធសំខាន់ គឺវាមានកាំភ្លើងរថក្រោះទំហំ១២០មីលីម៉ែត្រ និងបាញ់រហូតដល់៤២គ្រាប់ ។ លើសពីនេះ រថក្រោះចម្បាំងនេះប្រើប្រាស់ប្រព័ន្ធឌីជីថលធ្វើឱ្យការវាយប្រហារមានភាពច្បាស់លាស់ ខណៈវាបំពាក់ដោយកាមេរ៉ាបង្វែរពន្លឺ មានប្រព័ន្ធ GPS មានភាពបត់បែនខ្ពស់ និងផ្លាស់ទីបានលឿន បើទោះជារថក្រោះនេះមានទម្ងន់រហូតដល់៧៤តោនក្តី ៕ ប្រភព ៖ TNN World

ជប៉ុនជាប់លំដាប់ទី២ ដែលមានអត្រាមនុស្សចាស់ច្រើនលើពិភពលោក

0

ប្រទេសជប៉ុន ៖ ជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់ ដោយសារអត្រាកំណើតក្នុងប្រទេសនេះថយចុះ ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការគាំទ្រការផ្តល់កំណើត បើទោះជាពេលមុននេះ រដ្ឋាភិបាលធ្លាប់បានធ្វើម្តងហើយ ប៉ុន្តែមិនបានសម្រេច ។

លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា ថ្លែងថា ប្រទេសជប៉ុនមិនអាចបំពេញមុខងារសង្គមបានទេ ដោយសារអត្រាកំណើតថយចុះ ។ ប្រទេសជប៉ុនមានពលរដ្ឋសរុបចំនួន១២៥លាននាក់ ហើយគេវាយតម្លៃថា អត្រាកំណើតកាលពីឆ្នាំ២០២២ ស្មើមិនដល់៨០ម៉ឺននាក់ទេ ខណៈនៅឆ្នាំ១៩៧០ អត្រាកំណើតស្មើជាង២លាននាក់ឯណោះ ។

ទោះយ៉ាងណា អត្រាកំណើតកំពុងតែថយចុះនៅប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងរបស់ជប៉ុនផងដែរ ប៉ុន្តែវាចាត់ទុកជាបញ្ហាធ្ងន់ធ្ងរមួយនៅជប៉ុន ដោយសារអ្នកមានអាយុច្រើនបានកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈមនុស្សវ័យធ្វើការដែលត្រូវថែទាំមនុស្សចាស់ បែរជាថយចុះទៅវិញ ។ ជប៉ុនជាប្រទេសដែលមានពលរដ្ឋអាយុ៦៥ឆ្នាំឡើងស្ថិតក្នុងលំដាប់ទី២ របស់ពិភពលោក ឬស្មើប្រមាណ២៨% ។

លោក គីស៊ីដា ថ្លែងទៅកាន់សមាជិករដ្ឋសភាថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាសង្គម ដោយការផ្តោតអារម្មណ៍លើនយោបាយទាក់ទងនឹងកុមារ និងការថែទាំកូន គឺយើងមិនអាចរង់ចាំបានទៀតទេ ។ លោកត្រូវការឱ្យរដ្ឋាភិបាលបង្កើនថវិកាចំណាយទ្វេដងលើគម្រោងទាក់ទងនឹងកុមារ ហើយរដ្ឋាភិបាលនឹងបង្កើតភ្នាក់ងារថ្មីមួយដើម្បីដោះស្រាយបញ្ហានៅខែមេសាខាងមុខ ។

ទោះយ៉ាងណា កន្លងមក រដ្ឋាភិបាលជប៉ុនជាច្រើនអាណត្តិហើយបានព្យាយាមជំរុញយុទ្ធសាស្ត្រដូចគ្នានេះ ប៉ុន្តែគ្មានលទ្ធផល ។ កាលពីឆ្នាំ២០២០ បណ្តាអ្នកវិភាគរំពឹងថា ពលរដ្ឋជប៉ុននឹងថយចុះពីចំនួន១២៨លាននាក់នៅឆ្នាំ២០១៧ មកនៅត្រឹម៥៣លាននាក់នៅចុងសតវត្សនេះ ខណៈបច្ចុប្បន្ន ពលរដ្ឋជប៉ុនមានចំនួនមិនដល់១២៥លាននាក់ផង ។

អ្នកជំនាញប្រាប់ថា ជប៉ុនគួរតែយកចិត្តទុកដាក់នឹងសង្គមមនុស្សចាស់ ។ អត្រាកំណើតថយចុះបណ្តាលមកពីកត្តាជាច្រើនដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ស្ត្រីមានការសិក្សារៀនសូត្រខ្ពស់ និងធ្វើការកាន់តែច្រើន ពួកគេមិនចង់មានកូនទេ គឺពួកគេប្រើមធ្យោបាយពន្យារកំណើត ៕ ប្រភព ៖ TNN World

អ្នកជ្រមុជទឹកជប៉ុនភ្ញាក់ផ្អើលដោយប្រទះឃើញមឹកយក្ស

0

ប្រទេសជប៉ុន ៖ លោក យ៉ូស៊ុ តាណាកា (Yosuke Tanaka) អ្នកជ្រមុជទឹកជនជាតិជប៉ុនបង្ហោះសារថា លោកបានប្រទះឃើញមឹកយក្សដ៏កម្រមានប្រវែង២,៥ម៉ែត្រកាលពីដើមខែមករាកន្លងមក ហើយលោកមានសំណាងណាស់ដែលប្រទះឃើញមឹកយក្សនៅរស់បែបនេះ ។ លោកប្រាប់ថា វាបានហែលមកក្បែរៗ ខណៈលោកកំពុងជ្រមុជទឹក ។

លោក តាណាកា និយាយថា ៖ «វាជារឿងអស្ចារ្យបំផុតក្នុងជីវិត ព្រោះនឹងមានឱកាសតិចណាស់ដែលមឹកយក្សប្រភេទនេះហែលឡើងលើផ្ទៃទឹក ខណៈវាជាសត្វសមុទ្ររស់ក្នុងទឹកជ្រៅប៉ុណ្ណោះ ។ មឹកយក្សអាចធំលូតលាស់ និងមានប្រវែងពី១២ម៉ែត្រ ដល់១៤ម៉ែត្រ ។ យើងអាចឃើញវាបាន ទាល់តែរង់ចាំឱ្យវាងាប់សិន ឬបើមិនដូច្នេះទេ នឹងមានក្លិនស្អុយសាយភាយមកលើច្រាំង» ។

លោក ស៊ូណេមី គូបូដឺរ៉ា (Tsunemi Kubodera) ជំនាញផ្នែកសត្វរបស់ជប៉ុន ជាអ្នកថតរូប និងវីដេដូមឹកយក្សជាច្រើន និយាយថា ជាការពិតហើយ កាលពីឆ្នាំ២០១៦ ក៏មានការកត់ត្រាថា មានមឹកយក្សជាច្រើនរស់នៅក្នុងទឹកសមុទ្រប្រទេសជប៉ុនពីខែមករា ដល់ខែមីនា ។

ទោះយ៉ាងណា ការស្រាវជ្រាវរកឃើញថា មឹកយក្សទាំងនេះតែងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsushima រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។ វាបានឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូង ហើយមានមឹកជាច្រើនក្បាលដែលផ្លាស់ទីខុសពេលវេលា ធ្វើឱ្យពួកវាត្រូវជួបនឹងទឹកត្រជាក់ខ្លាំង ហើយជាប់នៅក្នុងទឹកជ្រៅដែលពួកវាហែលឆ្លងកាត់នោះ ។ ហេតុនេះហើយ ពួកវាមិនអាចនៅក្នុងទឹកជ្រៅបន្តទៀតបាន ទើបហែលឡើងមកលើផ្ទៃទឹក ព្រោះលើផ្ទៃទឹកមានសីតុណ្ហភាពក្តៅជាងនៅក្រោមទឹក ។

ប៉ុន្តែគួរឱ្យសោកស្តាយពេលដឹងថា មឹកយក្សនេះជិតផុតពូជហើយ ដោយយើងសង្កេតលើស្បែករបស់វា ព្រោះមឹកដែលមានសុខភាពល្អ គឺមានស្បែករលោង ខ្លាញ់ និងមានពណ៌ក្រហមតិចៗ ប៉ុន្តែមឹកយក្សដែលគេប្រទះឃើញនេះកំពុងតែចុះខ្សោយកម្លាំង ៕ ប្រភព ៖ TNN EARTH

អ្វីដែល ខ្លាំង! អ្វីដែល ច្បាស់! នឹងមកដល់នាពេលឆាប់ៗនេះ ក្នុងការស្វាគមន៍ មហាព្រឹត្តិការណ៍ដ៏កក្រើកបំផុតប្រចាំឆ្នាំ 2023 ពី សាមសុង!

0

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣៖ ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំនេះ នឹងធ្វើឱ្យលោកអ្នករំភើបរីករាយខ្លាំងប៉ុណ្ណា…! តោះ! ត្រៀមខ្លួនទំាងអស់គ្នា..!! មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យ និងកក្រើកបំផុតប្រចាំឆ្នាំ 2023 នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ!! ខកចិត្តបាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎ហ្វេនៗ!! ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងកុំឱ្យកំពូលមហាព្រឹត្តិការណ៍នេះហួសពីខ្សែនេត្រារបស់លោកអ្នកឱ្យសោះ…!

បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ…! សូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ម៉ោងរោទ៍លើប្រតិទិនរបស់ខ្លួនដើម្បីស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 10:00 ព្រឹក (San Francisco) ត្រូវនឹងថ្ងៃទី 02 ខែកុម្ភៈ ឆ្នាំ 2023 វេលាម៉ោង 01:00 យប់ (Cambodia) …តាមរយៈអនឡាញ…លើគេហទំព័រផ្លូវការ សាមសុង…តាមហ្វេសប៊ុកផ្លូវការ សាមសុង…និងតាម YouTube channel ផ្លូវការរបស់ សាមសុង…!

អ៊ីចឹង!! ថាតើនឹងមានអ្វីដែលពិសេសអស្ចារ្យ…មានអ្វីដែលធ្វើឱ្យលោកអ្នកមិនអាចទប់ចិត្ត…មិនអាចទប់អារម្មណ៍បាន…! ម្ដងនេះរឹតតែកក្រើកហើយ! សូមកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៎…!!

ដូចនេះដើម្បីកុំឱ្យខកខាននូវការទស្សនាមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំនេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោមនេះ៖

http://Samsung.com

https://www.facebook.com/SamsungCambodia

https://www.youtube.com/Samsung

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា

0

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។ ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕

NASA និង Boeing សហការគ្នាផលិតយន្តហោះកាត់បន្ថយជាតិពុល

0

អង្គការណាសា (NASA) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) បានរួមសហការគ្នាផលិតយន្តហោះសម្រាប់ថ្ងៃអនាគត ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័នពុលរហូតដល់៣០% ហើយវាជាបច្ចេកវិទ្យាការហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថាន ។ គេរំពឹងថា យន្តហោះប្រភេទនេះនឹងអាចប្រើប្រាស់នៅឆ្នាំ២០៣០ ។

តាមផែនការ យន្តហោះនេះនឹងធ្វើការហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ២០២៨ ។ បើតាមទិន្នន័យរបស់អង្គការណាសាឱ្យដឹងថា ការអភិវឌ្ឍបច្ចេកវិទ្យា យន្តហោះថ្មីនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចគាំទ្រគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការបំភាយកាបូនលើអាកាសស្មើសូន្យនៅឆ្នាំ២០៥០ តាមផែនការគ្រោងទុករបស់អាកាសចរណ៍សហរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig3PAz0fmUgj4Xx1A1SqmzXjLY8jXnoLn8Vo-0vEcCJt_ASGv_PFxnnionkyDPYSvFXIj9Uhhpi6abYrSrIn6hEZFRvzDrFVMfNNk-sF9S5oocrA7fk_2bnjzHnboDS01CyoYzKJNJR_y_mLp9OAuTsKdhOeMEcfXTcVQPWXdzNGWkqPhxwUh-qPjc/s800/photo_2023-01-24_11-23-32.jpg

ចំណែកក្រុមហ៊ុនប៊ូអ៊ីងសង្ឃឹមថា តម្រូវការយន្តហោះប្រភេទថ្មីនេះ នឹងកើនឡើងប្រមាណ៤ម៉ឺនគ្រឿងឯណោះ ក្នុងចន្លោះពីឆ្នាំ២០៣៥ ដល់ឆ្នាំ២០៥០ ។ គម្រោង ផលិតយន្តហោះដែលអង្គការណាសា និងក្រុមហ៊ុនប៊ូអ៊ីងសហការគ្នានេះ អាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នពុលរហូតដល់៣០% បើធៀបនឹងយន្តហោះដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន ។

ទោះយ៉ាងណា វាគ្រាន់តែជាការសាកល្បងដំបូងប៉ុណ្ណោះ ហើយមិនទាន់មានការអភិវឌ្ឍពាណិជ្ជកម្មសម្រាប់ផ្តល់សេវាកម្មហោះហើរពិតប្រាកដក្នុងថ្ងៃអនាគតទេ ដោយសារតែបច្ចេកវិទ្យារបស់យន្តហោះថ្មីនេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZcV2iDWtFNijeKM7K8iMx2Ds5xuF9ZE_euSiFI4gpx8HSaWWbit2o8uA9m5xYWmj7i6IwUINvwrQ1-dLd5qiLtOXSEUAYYIRHOJiwQxC4f1MHLi9SYtLDNCNYz9yluOYsIRgv6CGECf8byQedIJ65wOunAgXKrcdGo6SJ_2-v1YiSAJsVOE0UrpNK/s1280/photo_2023-01-24_11-23-33.jpg ប្រភព ៖ TNN EARTH

មុខងារសំខាន់ៗ ដែលយើងជួបជាប្រចាំ ពេលប្រើប្រាស់តេឡេក្រាម

0

តេឡេក្រាម ជាកម្មវិធីទំនាក់ទំនងសង្គម ដ៏ពេញនិយមនាសម័យបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN សូមណែនាំវិធីសាស្ត្រងាយៗ និងមុខងារសំខាន់ៗមួយចំនួន ដែលយើងតែងជួបជាប្រចាំថ្ងៃរាល់ពេលប្រើប្រាស់តេឡេក្រាម។

1. ADD Friends ចូលក្នុងគ្រប់ដែលមានទីតាំងក្បែរគ្នា:

  • ចូលទៅ Contact > Find People Nearby
  • បើសិនមុខងារមិនដំណើរការ អ្នកអាចចូលទៅបើក Location ក្នុងកម្មវិធី Telegram ឱ្យដំណើរការជាមុនសិនTelegram's People Nearby Feature Can Be Exploited to Reveal User's Exact Location, Bug Hunter Claims; Company Says 'It's Expected' | Tech Times

2. ដាក់កាលវិភាគផ្ញើសារ

  •  ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ ណាមួយ
  • ចុចលើប៊ូតុងផ្ញើសារដែលមានសញ្ញាព្រួញឱ្យជាប់ > Schedule Message > បន្ទាប់មករើសថ្ងៃនិងម៉ោងផ្ញើ ជាការស្រេចHow to Make a Scheduled Message in Telegram - t9gram.com

3.ផ្ញើសារមិនឱ្យឮសំឡេង

  • ចូលទៅកាន់ឆាតណាមួយ > វាយសារ ឬជ្រើសរើសរូប/វីដេអូ
  • ចុចលើប៊ូតុងផ្ញើសារសញ្ញាព្រួញឱ្យជាប់ > Send Without SoundHow to Send Messages Without Notification Sound in Telegram

4. បង្កើត Chat Folders

  • Setting > Chat Folders > Create New Folder សម្រាប់បង្កើត Folder
  • ចុចលើ Add Chats ដើម្បីដាក់ឆាតណាមួយ ចូលទៅកាន់ Folder ទើបបង្កើតអម្បាញ់មិញ។Telegram v6.0.1 update brings Chat folders, channel stats, Archives and more

5. ផ្ញើសារត (Forward) ទៅអោយអ្នកដ៏ទៃ ដោយមិនជាប់ឈ្មោះម្ចាស់ដើម

  • ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត> រើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត> ចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត
  • ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច៕https://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200