ប្រទេសជប៉ុន ៖ លោក យ៉ូស៊ុ តាណាកា (Yosuke Tanaka) អ្នកជ្រមុជទឹកជនជាតិជប៉ុនបង្ហោះសារថា លោកបានប្រទះឃើញមឹកយក្សដ៏កម្រមានប្រវែង២,៥ម៉ែត្រកាលពីដើមខែមករាកន្លងមក ហើយលោកមានសំណាងណាស់ដែលប្រទះឃើញមឹកយក្សនៅរស់បែបនេះ ។ លោកប្រាប់ថា វាបានហែលមកក្បែរៗ ខណៈលោកកំពុងជ្រមុជទឹក ។

លោក តាណាកា និយាយថា ៖ «វាជារឿងអស្ចារ្យបំផុតក្នុងជីវិត ព្រោះនឹងមានឱកាសតិចណាស់ដែលមឹកយក្សប្រភេទនេះហែលឡើងលើផ្ទៃទឹក ខណៈវាជាសត្វសមុទ្ររស់ក្នុងទឹកជ្រៅប៉ុណ្ណោះ ។ មឹកយក្សអាចធំលូតលាស់ និងមានប្រវែងពី១២ម៉ែត្រ ដល់១៤ម៉ែត្រ ។ យើងអាចឃើញវាបាន ទាល់តែរង់ចាំឱ្យវាងាប់សិន ឬបើមិនដូច្នេះទេ នឹងមានក្លិនស្អុយសាយភាយមកលើច្រាំង» ។

លោក ស៊ូណេមី គូបូដឺរ៉ា (Tsunemi Kubodera) ជំនាញផ្នែកសត្វរបស់ជប៉ុន ជាអ្នកថតរូប និងវីដេដូមឹកយក្សជាច្រើន និយាយថា ជាការពិតហើយ កាលពីឆ្នាំ២០១៦ ក៏មានការកត់ត្រាថា មានមឹកយក្សជាច្រើនរស់នៅក្នុងទឹកសមុទ្រប្រទេសជប៉ុនពីខែមករា ដល់ខែមីនា ។

ទោះយ៉ាងណា ការស្រាវជ្រាវរកឃើញថា មឹកយក្សទាំងនេះតែងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsushima រវាងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ។ វាបានឆ្លងកាត់ពីទិសខាងជើងទៅខាងត្បូង ហើយមានមឹកជាច្រើនក្បាលដែលផ្លាស់ទីខុសពេលវេលា ធ្វើឱ្យពួកវាត្រូវជួបនឹងទឹកត្រជាក់ខ្លាំង ហើយជាប់នៅក្នុងទឹកជ្រៅដែលពួកវាហែលឆ្លងកាត់នោះ ។ ហេតុនេះហើយ ពួកវាមិនអាចនៅក្នុងទឹកជ្រៅបន្តទៀតបាន ទើបហែលឡើងមកលើផ្ទៃទឹក ព្រោះលើផ្ទៃទឹកមានសីតុណ្ហភាពក្តៅជាងនៅក្រោមទឹក ។

ប៉ុន្តែគួរឱ្យសោកស្តាយពេលដឹងថា មឹកយក្សនេះជិតផុតពូជហើយ ដោយយើងសង្កេតលើស្បែករបស់វា ព្រោះមឹកដែលមានសុខភាពល្អ គឺមានស្បែករលោង ខ្លាញ់ និងមានពណ៌ក្រហមតិចៗ ប៉ុន្តែមឹកយក្សដែលគេប្រទះឃើញនេះកំពុងតែចុះខ្សោយកម្លាំង ៕ ប្រភព ៖ TNN EARTH