អង្គការណាសា (NASA) និងក្រុមហ៊ុនប៊ូអ៊ីង (Boeing) បានរួមសហការគ្នាផលិតយន្តហោះសម្រាប់ថ្ងៃអនាគត ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយឧស្ម័នពុលរហូតដល់៣០% ហើយវាជាបច្ចេកវិទ្យាការហោះហើរដែលមិនប៉ះពាល់ដល់បរិស្ថាន ។ គេរំពឹងថា យន្តហោះប្រភេទនេះនឹងអាចប្រើប្រាស់នៅឆ្នាំ២០៣០ ។
តាមផែនការ យន្តហោះនេះនឹងធ្វើការហោះហើរសាកល្បងជាលើកដំបូងនៅឆ្នាំ២០២៨ ។ បើតាមទិន្នន័យរបស់អង្គការណាសាឱ្យដឹងថា ការអភិវឌ្ឍបច្ចេកវិទ្យា យន្តហោះថ្មីនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលអាចគាំទ្រគោលដៅរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការបំភាយកាបូនលើអាកាសស្មើសូន្យនៅឆ្នាំ២០៥០ តាមផែនការគ្រោងទុករបស់អាកាសចរណ៍សហរដ្ឋអាមេរិក ។
ចំណែកក្រុមហ៊ុនប៊ូអ៊ីងសង្ឃឹមថា តម្រូវការយន្តហោះប្រភេទថ្មីនេះ នឹងកើនឡើងប្រមាណ៤ម៉ឺនគ្រឿងឯណោះ ក្នុងចន្លោះពីឆ្នាំ២០៣៥ ដល់ឆ្នាំ២០៥០ ។ គម្រោង ផលិតយន្តហោះដែលអង្គការណាសា និងក្រុមហ៊ុនប៊ូអ៊ីងសហការគ្នានេះ អាចកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័នពុលរហូតដល់៣០% បើធៀបនឹងយន្តហោះដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន ។
ទោះយ៉ាងណា វាគ្រាន់តែជាការសាកល្បងដំបូងប៉ុណ្ណោះ ហើយមិនទាន់មានការអភិវឌ្ឍពាណិជ្ជកម្មសម្រាប់ផ្តល់សេវាកម្មហោះហើរពិតប្រាកដក្នុងថ្ងៃអនាគតទេ ដោយសារតែបច្ចេកវិទ្យារបស់យន្តហោះថ្មីនេះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ ៕ ប្រភព ៖ TNN EARTH