ទីក្រុងហូជីមិញដំណើរការរថភ្លើងអាកាសលើកដំបូង
ប្រទេសវៀតណាម ៖ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញ ប្រទេសវៀតណាម លើកឡើងថា រថភ្លើងអាកាសដំបូងគេរបស់ក្រុងហូជីមិញ នឹងផ្តល់សេវាកម្មសម្រាប់ពាណិជ្ជកម្ម ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ។ ការសាងសង់នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៣ បន្ទាប់មក គណៈកម្មការនឹងអប់រំដល់បុគ្គលិកនៅខែមិថុនា ឆ្នាំ២០២៤ ។ ទោះយ៉ាងណា បទប្បញ្ញត្តិ ស្តង់ដារ និងនីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹងការធានាសុវត្ថិភាពរបស់ផ្លូវរថភ្លើងមិនទាន់រួចរាល់នៅឡើយទេ ហើយវាប៉ះពាល់ដល់ដំណើរការគម្រោង ។
ក្រៅពីនេះ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញបានកំណត់គោលដៅសាងសង់ស្ពានអាកាសចំនួន៩កន្លែងសម្រាប់តភ្ជាប់ជាមួយស្ថានីយ ហើយការសាងសង់នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៤ ដោយធានាបាននូវសុវត្ថិភាព និងការអប់រំបុគ្គលិកបើករថភ្លើង និងបុគ្គលិកផ្នែកផ្សេងៗ ។ រថភ្លើងនេះមានចម្ងាយផ្លូវសរុបជាង១៩គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រោមដីមានចម្ងាយជាង២គីឡូម៉ែត្រ និងមាន១១ស្ថានីយ ។
ចំណែកថ្លៃសំបុត្រធ្វើដំណើរ គឺនឹងកំណត់តាមចម្ងាយផ្លូវ ហើយថ្លៃសំបុត្រស្មើត្រឹមតែ១២.០០០ដុងសម្រាប់ចម្ងាយផ្លូវមិនលើសពី៥គីឡូម៉ែត្រ ។ ១៤.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី៥គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រ, ១៦.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី១០គីឡូម៉ែត្រ ទៅ១៥គីឡូម៉ែត្រ ព្រមទាំង១៨.០០០ដុងសម្រាប់ចម្ងាយផ្លូវលើសពី១៥គីឡូម៉ែត្រ ។ ចំណែកសំបុត្រធ្វើដំណើរប្រចាំខែ នឹងមានតម្លៃ២៦ម៉ឺនដុង ហើយអតិថិជននឹងអាចជ្រើសរើសទិញសំបុត្រជិះរថភ្លើងសម្រាប់១ថ្ងៃ ឬ៣ថ្ងៃ ក្នុងតម្លៃ៤ម៉ឺនដុង និង៩ម៉ឺនដុង តាមលំដាប់ ។
គួរបញ្ជាក់ថា គម្រោងនេះបានប្រឈមនឹងការយឺតយ៉ាវជាច្រើនលើក ខណៈពេលកន្លងមក ប្រទេសវៀតណាមបានកំណត់បញ្ចប់គម្រោងនៅឆ្នាំ២០១៨ ប៉ុន្តែដោយសារបញ្ហាប្រាក់វិនិយោគ និងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យគម្រោងនេះដំណើរការយឺតយ៉ាវជាបន្តបន្ទាប់ ៕ ប្រភព ៖ AEC connect




















ម្ចាស់គណនីឈ្មោះ ឈិន គឹមឡា បានបង្ហោះថា៖”ចង់ឱ្យមេភូមិ មេឃុំ……ជិះម៉ូតូមកបង្រៀនជាមួយ ខ្ញុំម្តង មើលហាក់មិនពិបាក តែការពិត ពិតជាពិបាក ប្រជាជនរអ៊ូជាង១០ឆ្នាំហើយ ហ៊ឹម!!! ស្រុកខ្ញុំពេលជិះម្តងៗ សឹងតែបកក្រោយទៅផ្ទះវិញ តែដើម្បីសិស្ស គឺត្រូវតែទៅមុខ ទោះត្រូវរអិលដួលយ៉ាងណាក៏ដោយ ពេលខ្លះ លួចយំតិចៗដែរ ទេវតាអើយ សុំផ្លូវ១ខ្សែមក ពិបាកជិះទៅបង្រៀនខ្លាំងណាស់! ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង”។




ជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន។ ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឃើញថាស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ បង្កឱ្យមានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។










យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។
នៅក្នុងនោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង១ខែ៕


