រដ្ឋធានីហ្សាការតា៖ បច្ចុប្បន្ន ប្រជាជន នៅលើពិភពលោក កំពុងតែនិយមប្រើប្រាស់បណ្ដាញសង្គម និង ផ្សព្វផ្សាយពាណិជ្ជកម្ម លើប្រព័ន្ធឌីជីថល ព្រោះវាមានភាពងាយស្រួល ប៉ុន្ដែឥឡូវ ប្រទេសឥណ្ឌូណេស៊ី បានដាក់បម្រាមដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ហើយនឹងត្រូវអនុវត្ដភ្លាមៗ ដោយមិនព្យារពេលយូរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ថា ប្រទេសឥណ្ឌូណេស៊ី បានហាមឃាត់ដល់ប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក នៅលើផ្លេតហ្វម (Platform) នានារបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅក្នុងប្រទេស ដែលមានប្រជាជន ចំនួន២៧៤លាននាក់។ ប៉ុន្ដែវិធានការនេះ កំពុងតែធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការនិយមចូលចិត្ត TikTok របស់បណ្ដាញសង្គម នៃប្រទេសចិន។
ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលបំណង ការពារពាណិជ្ជករអហ្វឡាញ និង ទីផ្សារនានារបស់ប្រទេសមហាសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយបេះ។ បន្ថែមពីលើនេះ រដ្ឋាភិបាល បានកំណត់តម្លៃលក់ហួសហេតុខ្លាំង នៅលើផ្លេតហ្វមបណ្តាញទំនាក់ទំនងសង្គម។ សកម្មភាពបែបនេះ កំពុងតែគំរាមកំហែង ដល់សហគ្រាសធុនតូច និង មធ្យម ផងដែរ។
លោក ហ្ស៊ូលគីហ្ល៊ី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា បទប្បញ្ញត្តិនេះ នឹងចូលជាធរមានភ្លាមៗ ព្រោះមានបំណងធានាដល់ការប្រកួតប្រជែងអាជីវកម្ម «ដោយស្មើភាពគ្នា និង យុត្តិធម៌»។ ច្បាប់នេះ ក៏មានគោលបំណង ធានាការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ បន្ថែមទៀតផង។
បទប្បញ្ញត្តិនោះ តម្រូវឱ្យផ្លេតហ្វមពាណិជ្ជកម្មអេឡិកត្រូនិក នៅក្នុងប្រទេសឥណ្ឌូណេស៊ី កំណត់តម្លៃអប្បបរមា ចំនួន១០០ដុល្លារអាមេរិក សម្រាប់ទំនិញមួយចំនួន ត្រូវបានទិញ ដោយផ្ទាល់ មកពីបរទេស។
ថ្វីបើលោក ជេរី សាមប៊ួហ្កា (Jerry Sambuaga) អនុរដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្ម បាននិយាយជាចំហ សំដៅដល់ TikTok ជាឧទាហរណ៍ សម្រាប់ការលក់ទំនិញ នៅលើបណ្តាញសង្គម យ៉ាងណាក៏ដោយ ក៏លោក រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី មិនបាននិយាយនោះឡើយ។
ដោយឡែក អ្នកនាំពាក្យ របស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok ប្រចាំនៅក្នុងឥណ្ឌូណេស៊ី មិនបានឆ្លើយតប ជុំវិញការស្នើអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ នោះឡើយ។ ប៉ុន្ដែអ្នកនាំពាក្យរបស់ក្រុមហ៊ុនមួយនេះ បានអះអាង កាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គួរតែពិចារណា លើ «ជីវភាពរបស់អ្នកលក់ក្នុងស្រុក ជាង៦លាននាក់»នៅលើបណ្ដាសង្គម TikTok ផងដែរ៕










