យុវជនល្ខោនខោលកម្ពុជា បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្តល់ឱកាសឱ្យសិល្បករល្ខោនខោលបានបញ្ចេញស្នាដៃបង្ហាញពីសិល្បៈល្ខោនខោលដ៏អស្ចារ្យរបស់កម្ពុជាលើឆាកអន្តរជាតិ ដោយនឹងចូលរួមក្នុងកម្មវិធី International Mask Festival ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ខាងមុខនេះ។
ទន្ទឹមនឹងទទួលបានឱកាសដ៏ពិសេសនេះ យុវជនល្ខោនខោលកម្ពុជា បេ្តជ្ញាចិត្តនឹងធ្វើឱ្យបានល្អអស់ពីសមត្ថភាពដើម្បីបង្ហាញអន្តរជាតិថា ល្ខោនខោលខ្មែរអស្ចារ្យ ជាពិសេសគឺយុវជនរបស់កម្ពុជា មានសមត្ថភាព និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងកិច្ចថែរក្សា ការពារ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។
ជាមួយគ្នានេះដែរ យុវជនល្ខោនខោលក៏មិនភ្លេចថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈដែលបានឧបត្ថម្ភការធ្វើដំណើរពី ភ្នំពេញ-សូឡូ-ភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបាន ឧបត្ថម្ភផ្នែកសម្លៀកបំពាក់ និងថតភ្លេង នូវទឹកប្រាក់ចំនួន ១,២០០,០០០រៀល ។ ឯកឧត្តម សរ សុពុត្រា ប្រធានកិត្តិយសយុវជនល្ខោនខោលកម្ពុជា ដែលបានឧបត្ថម្ភសិល្បករចំនួន ៦រូប ក្នុងម្នាក់ចំនួន ៤០០,០០០រៀល។
ល្ខោនខោលជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរដែលគេជឿថាល្ខោនពាក់មុខខ្មុកសំដែងនេះកើតឡើងនាអំឡុងសតវត្សទី៩ ដោយសំអាងលើចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។ បើតាមសៀវភៅ «បញ្ជីសារពើភ័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បានវិវឌ្ឍចេញពីល្ខោនព្រះរាជទ្រព្យទៅជាល្ខោនដែលសំដែងដោយមនុស្សប្រុសសុទ្ធ។
គួរបញ្ជាក់ថា ល្ខោនខោលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស ប្រទេសម៉ូរីស៕











