បន្ទាប់ពីពីបានធ្វើការសង្កេត តាមដានលើស្ថានភាពធាតុអាកាសរួចមក ឃើញថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៣ មានប្រព័ន្ធសម្ពាធទាបមួយបានកើតឡើង អូសកាត់លើព្រះរាជាណាចក្រកម្ពុជា ។ យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង )នៃប្រពន្ធ័សម្ពាធទាប ខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិចស្របជួរភ្នំដងរែក។
ជាក់ស្ដែងនៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្ន។ ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឃើញថាស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ បង្កឱ្យមានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
ហេតុដូច្នេះមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ៕











