បច្ចេកវិទ្យា AI បានដណ្តើមទីផ្សារការងាររបស់បុគ្គលិក សូម្បីតែតបសារអតិថិជន
ក្រុមហ៊ុនមួយនៅអឺរ៉ុបលើកឡើងថា ពួកគេអាចសន្សំសំចៃប្រាក់រហូតដល់ជាង៤០លានដុល្លារអាមេរិកឯណោះ បន្ទាប់ពីបានប្រើប្រាស់បច្ចេកវិទ្យា AI ជួយឆ្លើយតបសាររបស់អតិថិជន ។ ក្រុមហ៊ុនទាំងនេះបញ្ជាក់ថា បច្ចេកវិទ្យា AI មួយអាចបំពេញការងារជំនួសមនុស្សស្មើជាង៧០០នាក់ ហើយ AI ធ្វើការមានប្រសិទ្ធភាពខ្ពស់ ដោយសារវាអាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។
Klarna គឺជាក្រុមហ៊ុនទិញសម្ភារៈបង់រំលស់ (Buy Now Pay Later) ដ៏ធំនៅតំបន់អឺរ៉ុប បានលើកឡើងថា ក្រុមហ៊ុននេះបានយកប្រព័ន្ធបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន OpenAI មកប្រើប្រាស់សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន ។ នៅឆ្នាំ២០២៤ ការជជែកជាមួយអតិថិជន២នាក់ក្នុងចំណោម៣នាក់ គឺក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យា AI ទាំងអស់ ។
អ្នកតំណាងក្រុមហ៊ុន Klarna ឱ្យដឹងថា ការសន្ទនាជាមួយអតិថិជនដោយប្រើប្រាស់បច្ចេកវិទ្យា AI គឺស្មើនឹង២លាន៣សែនលើក ហើយវាស្មើនឹងការបំពេញការងាររបស់បុគ្គលិកធម្មតា ចំនួន៧០០នាក់ ។ ហេតុនេះ ការប្រើប្រាស់ AI អាចជួយសន្សំសំចៃថវិការបស់ក្រុមហ៊ុន Klarna រហូតដល់ជាង៤០លានដុល្លារអាមេរិក ។
ប្រព័ន្ធជជែកជាមួយអតិថិជន គឺក្រុមហ៊ុន Klarna បានប្រើប្រាស់កម្មវិធី App សម្រាប់ប្រើប្រាស់ជាមួយអតិថិជនក្នុងប្រទេសចំនួន២៣ ។ App នេះអាចយល់ដឹងពីភាសាចំនួន៣៥ ហើយវាអាចធ្វើការបានរយៈពេល២៤ម៉ោងទៀតផង ។ ចំណែកគុណភាពនៃការឆ្លើយតបសារអតិថិជនវិញ ចាត់ទុកថា ស្មើនឹងគំនិតរបស់មនុស្ស ដោយសារ AI អាចវាយតម្លៃពីការពេញចិត្តរបស់អតិថិជន ។
លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ឆ្លើយតបសំណួររបស់អតិថិជន គឺអាចជួយកាត់បន្ថយរយៈពេលជជែកជាមធ្យមជាមួយអតិថិជនផងដែរ ។ ជាក់ស្តែង វាអាចកាត់បន្ថយរយៈពេលជជែកពី១១នាទី មកស្មើត្រឹមតែ២នាទីប៉ុណ្ណោះ ។
ចំណែកប្រធានបទដែលគេតែងជជែកគ្នាយ៉ាងខ្លាំងនោះ តើបច្ចេកវិទ្យា AI នឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើដែរឬទេ? ។ ទោះយ៉ាងណា ក្រុមហ៊ុន Klarna ពុំបានបញ្ជាក់ថា តើក្រុមហ៊ុននេះបានកាត់បន្ថយបុគ្គលិកចាស់ៗរបស់ខ្លួនដែរឬអត់ នៅពេលក្រុមហ៊ុនជ្រើសរើសយក AI? ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុននេះពុំចាំបាច់ជួលបុគ្គលិកថ្មីបន្ថែមទៀតទេ ដោយសារបច្ចេកវិទ្យា AI អាចធ្វើការឱ្យក្រុមហ៊ុនបាន ៕



















ក្រោយពីទទួលសំណុំរឿងភ្លាម តំណាងអយ្យការបានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនបុគ្គល ឈ្មោះ តាំ ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ មកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីសាកសួរអំពីដំណើររឿងខាងលើ តាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០១ អ.យ/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
















