សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ សម្តេចនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋមន្ត្រី, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងតំណាងយុវជនកម្ពុជា នឹងអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី។
ក្នុងការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំនឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក៕











