“ហូបស្ពឺអត់?” ជាប្រយោគខ្លីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម ក្នុងរយៈពេលប្រមាណ ២-៣ ថ្ងៃមកនេះ ជាពិសេសយុវជន បាននាំគ្នាប្រើពាក្យនេះ ក្នុងន័យកម្សាន្តជាមួយដៃគូ មិត្តភ្ដិ ។
ប្រយោគខ្លីខាងលើនេះផងដែរ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា បានដកស្រង់ចេញពីប្រវត្តិស្នេហារបស់ថ្នាក់ដឹកនាំកំពូលរបស់យើង គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលមានសរសេរនៅក្នុងសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ស្រាវជ្រាវ និងចងក្រងដោយ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំង បច្ចុប្បន្ន សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានយកមកផលិតជាវីដេអូសំឡេង ប្រកបដោយគុណភាព និងផ្សាយជាទម្រង់ឌីជីថល ។ ហើយថ្មីៗនេះ ចំណាប់អារម្មណ៍មហាជនបានផ្ទុះឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពី ទំព័រហ្វេសប៊ុក Pich Chanmony Fan និង ប្រាក់ ម៉េងហ៊ុយ បានយកវីដេអូអត្ថាធិប្បាយខាងលើ ត្រង់ចំណុច ប្រវត្តិស្នេហារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅផ្សព្វផ្សាយ ។
តើនរណា ជាម្ចាស់សំឡេង អត្ថាធិប្បាយប្រវត្តិលោកជំទាវ ពេជ ចន្ទមុន្នី ស្ត្រីទី១ របស់កម្ពុជា ?
អ្នកនាង សក្ដ័ ពុទ្ធារី មានអាជីពជាពិធីការិនី អ្នកសារព័ត៌មាន និងអត្ថាធិប្បាយព័ត៌មាន ដែលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាព និងឱកាសការងារច្រើនទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ។
ដោយសារតែសមត្ថភាព បទពិសោធន៍ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ អ្នកនាង សក្ដ័ ពុទ្ធារី ក៏ទទួលបានឱកាសពីឯកឧត្ដមបណ្ឌិត ឆាយ សុផល ជាអ្នកអត្ថាធិប្បាយផ្លូវការ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ។

ក្នុងនាមជាអ្នកអត្ថាធិប្បាយសៀវភៅប្រវត្តិរបស់ស្ត្រីទី១ នៃកម្ពុជា អ្នកនាង សក្ដ័ ពុទ្ធារី បានបង្ហាញអារម្មណ៍រំភើបថា ត្បិតតែការងារជាពិធីការិនី អ្នកអត្ថាធិប្បាយ ជាអាជីពរបស់អ្នកនាងក៏ពិតមែន ប៉ុន្តែសម្រាប់ការចាត់តាំងទទួលបន្ទុកលើការងារអត្ថាធិប្បាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» បានធ្វើឱ្យអ្នកនាងសប្បាយចិត្តកាន់តែខ្លាំង ។ ហើយសេចក្ដីស្រឡាញ់ និងគោរព កាន់តែបណ្ដាលចិត្តឱ្យអ្នកនាង ប្ដេជ្ញាថារ នឹងបំពេញការងារឱ្យបានល្អបំផុត ។
អ្នកនាងបន្តថា នៅក្នុងដំណើរការនៃការងារបញ្ចូលសំឡេង អ្នកនាងបានដាក់មនោសញ្ចេតនាឱ្យស្ថិតនៅក្នុងទិដ្ឋភាពពិតៗនៃសាច់រឿង មានចំណុចខ្លះរីករាយ រំភើប ហើយមានចំណុចខ្លះស្រក់ទឹកភ្នែក ក៏មានដែរ ពោលគឺអារម្មណ៍បានអណ្ដែតអណ្ដូងទៅតាមកាព្យព្យាង្គនីមួយៗនៃដំណើរប្រវត្តិរបស់លោកជំទាវតែម្ដង។
ជាចុងបញ្ចប់ អ្នកនាង សក្ដ័ ពុទ្ធារី បានបញ្ជាក់ថា ដូចការរំពឹងទុកមែន តួយ៉ាងលទ្ធដែលទទួលបាននៅពេលនេះ គឺ វីដេអូអត្ថាធិប្យាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសពីសំណាក់ក្រុមយុវវ័យ តែម្ដង ៕



.jpg)

		
	









