ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់បានរួមគ្នាដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នៅស្ថានីយប៉ូលិសខនគែន ពីបទបង្កការខូចខាតដល់ប្រទេសជាតិក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។

លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន និយាយថា មូលហេតុដាក់ពាក្យបណ្តឹងនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ ដោយសារបញ្ហាឯករាជ្យ និងអធិបតេយ្យជាតិ ដែលជាបញ្ហាសំខាន់បំផុត ។ ប៉ុន្តែលោក ភូមិថាំ បែរជាធ្វេសប្រហែសក្នុងការបំពេញតួនាទី គឺបណ្តោយឱ្យប្រទេសជិតខាងឈ្លានពានថៃ ធ្វើឱ្យថៃបាត់បង់ឯករាជ្យ ។ បើពិចារណាពីភារកិច្ចរបស់កងទ័ពថៃ គឺកងទ័ពបានដណ្តើមតំបន់ចំនួន១១ នេះបង្ហាញថា កន្លងមក ថៃបាត់បង់ឯករាជ្យ ។

លើសពីនេះ កងទ័ពថៃរងរបួសបាក់ជើង ពលរដ្ឋស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ គឺជាបញ្ហាធ្ងន់ធ្ងរដែលមេដឹកនាំថៃត្រូវការពារកុំឱ្យកើតឡើង ប៉ុន្តែមេដឹកនាំថៃបែរជាកាន់ជើងសត្រូវ ជាពិសេស កម្ពុជា ។ នេះជាកំហុសធ្ងន់ធ្ងរណាស់ ទើបយើងដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរ៉ឹងពីបទល្មើសតាមមាត្រា១៥៧, ១១៩, ១២០ និង១២៤ ជាពិសេស ពេលលោក ភូមិថាំ ផ្តល់សម្ភាសន៍ពីប្រធានបទផ្សេងៗ លោកតែងតែនិយាយកាន់ជើងសត្រូវ ។ ការប្រព្រឹត្តខុសមាត្រា១១៩ មានទោសធ្ងន់រហូតដល់ប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ។

លោក ភូមិថាំ ធ្លាប់និយាយជាមួយសារព័ត៌មានថា កម្ពុជាពុំបានតាំងចិត្តបាញ់ថៃ មានន័យថា លោក ភូមិថាំ ទទួលស្គាល់ការឈ្លានពានក្រោមច្បាប់អន្តរជាតិ និងអាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម ។ លោកថែមទាំងនិយាយថា កម្ពុជាពុំបានតាំងចិត្តបាញ់មន្ទីរពេទ្យថៃ ដែលរឿងនេះគួរកម្ពុជាជាអ្នកនិយាយ មិនមែនថៃនិយាយទេ លោក ភូមិថាំ និយាយបែបនេះ ដូចគ្នានឹងនិយាយជំនួសកម្ពុជា ។

លោក ភូមិថាំ គ្មានតួនាទីកាត់ក្តីថា កម្ពុជាបានតាំងចិត្ត ឬមិនតាំងចិត្តបាញ់មន្ទីរពេទ្យថៃទេ ។ លើសពីនេះ លោក ភូមិថាំ ប្រាប់កងទ័ពថា ការល្បាតនៅព្រំដែនរងរបួសដាច់ជើងជាគ្រោះថ្នាក់ប៉ុណ្ណោះ យើងក្នុងនាមជាពលរដ្ឋថៃពុំដឹងនិយាយថាម៉េចទេ ។ យើងដាក់ពាក្យប្តឹងលោក ភូមិថាំ តាមឯកសារភ្ជាប់មកជាមួយ និងជាបំណងរួមរបស់អ្នកតវ៉ាទាំងអស់ដើម្បីការពារឯករាជ្យ និងអធិបតេយ្យ ។ នេះបើតាមការលើកឡើងរបស់លោក ទុល ប្រាសឺតស៊ីន ប្រធានអង្គការប្រឆាំងអំពើពុករលួយខេត្តខនគែន ។

គួរបញ្ជាក់ថា ភាគីថៃបានចោទប្រកាន់កងទ័ពកម្ពុជាបាញ់សំដៅមកលើមន្ទីរពេទ្យនៅព្រំដែន និងតំបន់ស៊ីវិល ប៉ុន្តែភាគីថៃពុំបានលើកឡើងពីកងទ័ពរបស់ខ្លួនឈ្លានពានកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទមានទាំងយន្តហោះទម្លាក់គ្រាប់បែក F-16, Gripen រថក្រោះ, កាំភ្លើងធំ, គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក និងផ្សែងពុលនោះទេ ៕