ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេចរណ៍ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពីក្រុមហ៊ុនទេសចរណ៍ចំនួន ១៨ ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ ជំនួបនេះធ្វើឡើងនាព្រឹក ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ពោលគឺ បន្ទាប់ពីឯកឧត្ដមទើបតែបានចូលបំពេញភារកិច្ចតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងក្រសួងទេសចរណ៍ ។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្ដាប់យ៉ាងយកចិត្តទឹកដាក់ នូវរាល់ធាតុចូល, បញ្ហាប្រឈម និងសំណូមពរដែលលើកឡើង ហើយឯកឧត្តម នឹងយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង អន្តរក្រសួង ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។
សម្រាប់ថ្ងៃទី១ នៃការកាន់តំណែងជារដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍នេះ ឯកឧត្ដម ហួត ហាក់ មិនត្រឹមតែបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទេសចរណ៍អន្តរជាតិទាំង ១៨ខាងលើនេះទេ ពោលគឺនៅរសៀលនេះ ឯកឧត្ដម ក៏អនុញ្ញាតឱ្យក្រុមហ៊ុនវិស័យឯកជនក្នុងស្រុក ចូលជួបពិភ្សាការងារ ផងដែរ ។
សូមបញ្ជាក់ថា ឯកឧត្ដម ហួត ហាក់ ជារដ្ឋមន្ត្រីថ្មីក្រសួងទេសចរណ៍ ជំនួសតំណែងឯកឧត្ដម សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។ គិតមកដល់ថ្ងៃទី ២១ ខែកញ្ញា នេះ ទើបតែមានរយៈពេល ១ថ្ងៃប៉ុណ្ណោះដែលឯកឧត្ដមរដ្ឋមន្ត្រី បានឈានជើងចូលដល់ទីស្ដីការក្រសួងទេសចរណ៍ ៕