ភ្នំពេញ៖ ពិធីបុណ្យទន្លេលើកទី៧ នឹងធ្វើឡើងក្នុងខេត្តកំពង់ធំនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំអំពីវឌ្ឍនភាពការងារដែលបានប្រគល់ជូនមន្ទីរអង្គភាព ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំ។

លោក ងួន រតនៈ បានលើកឡើងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន និងធានាបានភាពសប្បាយរីករាយ ទាមទារឲ្យមានការចូលរួមពីមន្ទីរអង្គភាព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវសំខាន់ៗ ដែលត្រូវរៀបចំពិធីបុណ្យទន្លេក្នុងក្រុងស្ទឹងសែន ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងភ្លើង តាមស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងផ្ទះបងប្អូនប្រជាពលរដ្ឋ ឱ្យបានស្អាត និងភាពស្រស់បំព្រង ដើម្បីបង្ហាញភាពទាក់ទាញ ដល់អ្នកចូលរួមផងដែរ។

ជាមួយគ្នានោះ លោកអភិបាលខេត្តកំពង់ធំក៏បាន ក្រើនរំលឹកដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវខិតខំអនុវត្តភារកិច្ចដែលបានប្រគល់ជូនឲ្យបានរួចរាល់ មុនថ្ងៃរៀបចំពិធីរៀបចំពិធីបុណ្យទន្លេប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕