ភ្នំពេញ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
យោងតាមសេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា វីរុសកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ រីឯស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅក្នុងតំបន់ ធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាម បណ្ដាប្រទេសមួយចំនួន ហើយក៏អាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩ បម្លែងថ្មីៗ ពីប្រទេសមួយទៅប្រទេសមួយ ដែលគួរឱ្យមានការព្រួយបារម្ភលើលទ្ធភាពអាចនឹងមានការផ្ទុះឡើងវិញនូវការរាតត្បាតក្នុងសហឪគមន៍ ប្រសិនបើភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍មានការថមថយចុះខ្លាំង ព្រមទាំងខ្វះការប្រុងប្រយ័ត្ន ដែលតម្រូវឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ ទី៦ និងដូសបន្តបន្ទាប់) ឱ្យបានត្រឹមត្រូវបើដល់វេនចាក់។
ក្រសួងបានឲ្យដឹងទៀតថា ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការ ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើនដែលអាចមានហានិភ័យនៃការចម្លងនូអ៊ឺរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅ ក្នុង បរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ នឹងអាចមានការជួបជុំពិសារអាហារជុំ គ្នាច្រើន ឬក្នុងទ្រង់ទ្រាយធំ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើត មានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួនក្នុងប្រទេសផងដែរនោះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងចៀសវាងការពុលចំណីអាហារនៅគ្រប់កាលៈទេសៈ។
អាស្រ័យហេតុនេះ ក្រសួងសូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មីៗ ជំងឺ ផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬ ពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ជាពិសេសពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕