Home Blog Page 1954

នូវែលសេឡង់អនុម័តច្បាប់ថ្មី មនុស្សដែលកើតចាប់ពីឆ្នាំ ២០០៩ ឡើងគ្មានសិទ្ធិទិញបារីជក់

0

បរទេស៖ សភាតំណាងប្រទេសនូវែលសេឡង់កាលពីថ្ងៃអង្គារកន្លងទៅនេះបានអនុម័តច្បាប់ថ្មីប្រឆាំងការជក់បារី ដែលនឹងហាមឃាត់ការលក់ថ្នាំជក់ដល់មនុស្សដែលកើតនៅថ្ងៃទី ១ ឬក្រោយថ្ងៃទី ១ ខែមករាឆ្នាំ ២០០៩ឡើងទៅ ក្នុងគោលបំណងលប់បំបាត់ផ្សែងបារីក្នុងប្រទេស។

នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍បានចេញផ្សាយពីសេចក្ដីប្រកាសអំពីសភាតំណាងប្រទេសនូវែលសេឡង់កាលពីថ្ងៃអង្គារកន្លងទៅនេះបានអនុម័តច្បាប់ថ្មីប្រឆាំងការជក់បារី ដែលនឹងហាមឃាត់ការលក់ថ្នាំជក់ដល់មនុស្សដែលកើតនៅថ្ងៃទី ១ ឬក្រោយថ្ងៃទី ១ ខែមករាឆ្នាំ ២០០៩ឡើងទៅ។

ទន្ទឹមនឹងនោះការហាមប្រាមការលក់បារីនេះមានគោលបំណងបញ្ឈប់មនុស្សជំនាន់ក្រោយពីការជក់បារី ហើយជាវិធានការមួយទៀតដែលរដ្ឋាភិបាលនូវែលសេឡង់កំពុងព្យាយាមជំរុញឱ្យប្រទេសនេះក្លាយជាប្រទេស គ្មានផ្សែងនៅក្នុងឆ្នាំ ២០២៥។

ទោះជាយ៉ាងណាប្រសិនបើអ្នកណាហានបំពានច្បាប់មួយនេះ និងត្រូវបានទទួលទោសតាមច្បាប់ ក៏ដូចជាត្រូវបានផាកពិន័យ ចំពោះការបំពានច្បាប់គឺរហូតដល់ ៣.៣៤ លានដុល្លារ។

ជាមួយគ្នានោះអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលនូវែលសេឡង់លោក អាយីសា វើរ៉ូល(Ayesha Verrall) បាននិយាយថា ទោះជាយ៉ាងណា នាពេលបច្ចុប្បប្រទេសនូវែលសេឡង់មានអត្រាអ្នកជក់បារីទាបបំផុតមួយក្នុងពិភពលោករួចទៅហើយ ដែលអាត្រាបានធ្លាក់ចុះជាលំដាប់ពី៩.៤ភាគរយមកត្រឹមតែ ៨ភាគរយក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។

យ៉ាងណាមិញរដ្ឋមន្ត្រីនេះបានបន្តថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីនេះឡើងមក នឹងជួយឱ្យមនុស្សរស់នៅបានយូរ និងមានសុខភាពល្អ ហើយប្រព័ន្ធថែទាំសុខភាពក៏នឹងសន្សំការចំណាយបានប្រហែសជិត ៤ លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ៕ ប្រភព៖ Sanook

ADB អនុម័តកម្ចី និងថវិកាវិនិយោគជាង ៧០លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់កម្ពុជា

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយ ដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយចំនួន ៥0 លានដុល្លារ និងការវិនិយោគគម្រោងចំនួន២៣លានដុល្លារ ដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះបានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា ដែលនឹងត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយប្រាក់កម្ចីចំនួន ៤0 លានដុល្លារ ពីធនធានសម្បទានរបស់ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន (ACGF)។

សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣ លានដុល្លារនោះ កម្មវិធីបង្កើនថាមពល កកើតឡើងវិញសម្រាប់កម្ពុជា របស់មូលនិធិវិនិយោគអាកាសធាតុ នឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និង ជំនួយចំនួន ៥ លានដុល្លារ ដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹង បន្ថែមប្រាក់កម្ចីចំនួន១២ លានដុល្លារ តាមរយៈកម្មវិធីការស្តាឡើងវិញបៃតងនៃហិរញ្ញវត្ថុ កាតាលីករ បៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។

កម្មវិធីនេះគាំទ្ររបៀបវារៈ នៃអន្តរកម្មរថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល និង ផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការនិងបទបញ្ញាតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពល ដើម្បីបង្កើនភាពបត់បែននិងភាពធន់ និង ពង្រឹងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ។

លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវស័យសាធារណៈ សម្រាប់មហាអនុតំបន់មេគង្គរបស់ ADB មានប្រសាសន៍ថា «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបានផលជាអតិបរមា។ វាត្រូវបានរំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគក្នុងវិស័យសាធារណៈ និង ឯកជនជាមួយបច្ចេកវិទ្យាថ្មីសំខាន់ៗដូចជាប្រសិទ្ធភាពថាមពល និងថ្មផ្ទុក។ វាក៏នឹងជួយកំណត់គោលដៅ ថាមពលស្អាតសម្រាប់ ប្រទេស និង រួមបញ្ចូលការអភិវឌ្ឍថាមពលនិងការធ្វើផែនការប្រើប្រាស់ថាមពល ដែលប្រសើរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ឆ្លើយតបនឹងអាកាសធាតុផងដែរ»។

ការវិនិយោគគម្រោងក្រោមកម្មវិធីនេះ នឹងលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ រួមទាំងការអភិវឌ្ឍប្រព័ន្ធថ្ម ផ្ទុកថាមពល ដែលភ្ជាប់នឹងបណ្តាញអគ្គិសនីដំបូងគេរបស់ប្រទេស ដែលនឹងផ្តល់លទ្ធភាពបន្ថែមឱ្យប្រភព កកើតឡើងវិញតភ្ជាប់ទៅក្នុងបណ្តាញអគ្គិសនី និង កែលម្អស្ថិរភាពបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ ការវិនិយោគនេះ ក៏រួមបញ្ចូលនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវ ប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្ត នៅកំពត និងកែប ដែលនឹងនាំដល់ការសន្សំសំចៃ និងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសាធារណៈ។ តាមរយៈកំណែទម្រង់គោលនយោបាយ ការផលិតអគ្គិសនីកកើតឡើងវិញត្រឹម ២០២៧ ត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ២៥% ពីកម្រិតមូលដ្ឋាន ៤ ៦៧២ ជីហ្គាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២១។

កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុងមាន សកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់ប្រទេសត្រូវបានជំរុញ ដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ ADB ក្នុងឆ្នាំ ២០១៦។

ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេថាមពលពន្លឺព្រះអាទិត្យ និងដាក់ឱ្យដំណើរការ សួនថាមពលពន្លឺព្រះអាទិត្យដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលមានសមត្ថភាព ១០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះ អាទិត្យ មានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើម បង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ជាមួយនឹងថ្មផ្ទុក ដែលត្រូវបានគាំទ្រដោយ ADB ផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIVFigGY42BbQR-XkqeRTXb2p16ffinAOZuOByZvijVnTU1G46V4ect_Utb5qYFldCFwFHZW9i5tdJ0cpFLjE_Cm7OtLfIaJCGAB2dH2C6yAVKuBycXsosJxaUok8rN_ZMpVndQwbr1hcSPVOFkm6JiMPxp-q6rWD49MwDPXSoO1rUJ69RFv7f-LJY2A/s1280/photo_2022-12-15_12-16-20%20(2).jpg

ប្រទះឃើញ «គ្រាប់បែក»១គ្រាប់នៅក្បែរវិមានរដ្ឋសភាជាតិកម្ពុជា

0

ភ្នំពេញ៖ គ្រាប់បែកបង្កៃ ១គ្រាប់ ត្រូវបានអ្នកថែសួន​ប្រទះឃើញដាក់ជាប់ជាមួយនំខេក នៅលើផ្លូវរដ្ឋសភា មុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ។

បើតាមសម្ដីបុរសម្នាក់ឈ្មោះ ហេង ស៊ីលាភ មុខរបររត់តាក់ស៊ី បានប្រាប់ឱ្យដឹងថា៖ នៅម៉ោងប្រហែល ៦:១០នាទី មាននារីកម្មករអនាម័យថែសួនម្នាក់ បានមកប្រាប់គាត់ថា៖ ពូ ! ជួយទៅមើលបន្តិចមើល ! មានដែកស្អីមូលៗជាប់នំខេក នៅលើផ្លូវ ឥឡូវខ្ញុំយកទៅដាក់លើលើសួនច្បារហើយ ។ ពេលខ្ញុំទៅដល់ស្គាល់ច្បាស់ថាគ្រាប់បែក។ ខ្ញុំក៏បានរាយការណ៍ជូនសន្តិសុខណាហ្គាវើលដ៍ រួចរាយការណ៍មកសមត្ថកិច្ច ។

តាមសម្ដីនារីម្នាក់ (មិនស្គាល់) បាននិយាយថា៖ នៅម៉ោងប្រហែលជាង ២រំលងអធ្រាត្រ មានយុវជន ២នាក់ ជិះម៉ូតូមកក្បែរសួនច្បារមុខរដ្ឋសភា និងសួរគ្នាថា៖ យកដាក់កន្លែងណា ? ម្នាក់ទៀតឆ្លើយថា៖ យកដាក់ចំពីមុខតែម្ដងទៅមួយសន្ទុះ ពួកគាត់ជិះម៉ូតូចេញទៅវិញ (គាត់មិនចាប់អារម្មណ៍) ៕

បន្លែ ៤ មុខ ​ដែលអ្នក​មិន​គួរ​បរិភោគ​ឆៅ

0

ល្បីថា «បន្លែស្រស់» គឺល្អសម្រាប់សុខភាព ព្រោះគុណតម្លៃអាហារូបត្ថម្របស់វាភពេញលេញ មិនបាត់បង់កំឡុងពេលចម្អិនអាហារលើសកំដៅ ប៉ុន្តែក៏មានបន្លែស្រស់ បន្លែឆៅមួយចំនួន ដែលមិនស័ក្តិសមសម្រាប់មនុស្សមួយចំនួនដែល និងមិនគួរទទួលទានឆៅ ព្រោះវាអាចមានបញ្ហាសុខភាព ឬបន្លែស្រស់ៗខ្លះអាចមានគ្រោះថ្នាក់ដែលយើងមិននឹកស្មានដល់។

ថ្ងៃនេះសូមណែនាំនូវបន្លែមួយចំនួនដែលអ្នកមិនគួរបរិភោគឆៅ៖

១. សណ្តែកបណ្តុះ

ពន្លក​ឆៅនៃសណ្ដែកបណ្ដុះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេរោគ​បាក់តេរី​ដូច​ជា Salmonella ឬ E. coli ព្រោះនៅពេលដាំសណ្តែកបណ្តុះ សំណើម និងសីតុណ្ហភាពរបស់សណ្តែកបណ្តុះ សមរម្យសម្រាប់ការលូតលាស់នៃមេរោគ ប៉ុន្តែប្រសិនបើយើងយកវាឆ្លងកាត់កំដៅ មេរោគទាំងនេះនឹងត្រូវសំលាប់ ដូច្នេះ​យើង​អាចបរិភោគ​សណ្តែកបណ្តុះ​បាន​ដោយមាន​សុវត្ថិភាព​។

២. ស្ពៃក្ដោប

អ្នកដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីត ឬមុខងាររបស់ក្រពេញទីរ៉ូអ៊ីតដំណើរការទាបជាងធម្មតា ប្រសិនបើអ្នកទទួលទានបន្លែដែលមានផ្ទុកសារធាតុ Goitrogen ដូចជាស្ពៃក្តោប ឬផ្កាខាត់ណា ពពួកសារធាតុ Goitrogen នឹងរារាំងការស្រូបយកអ៊ីយ៉ូត ដូច្នេះដើម្បីឱ្យក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនកាន់តែច្រើន យក​ល្អ​គួរតែទទួលទានបន្លែ​ទាំងនេះ​ដោយ​ចម្អិន​វាមុនពេលបរិភោគ ។

ប៉ុន្តែសម្រាប់មនុស្សធម្មតា មិនមានជំងឺ អាចបរិភោគបានដោយគ្មានបញ្ហាអ្វីឡើយ កង្វល់តែមួយគត់គឺសំណល់ថ្នាំសំលាប់សត្វល្អិតដែលអាចកើតមានពីប្រពន្ធនៃការដាំដុះ ដូច្នេះត្រូវការលាងសម្អាត ដោយបក ទៅជាស្លឹកនឹងលាងឱ្យស្អាត។

៣. ដំឡូងបារាំង

ដំឡូង និងពន្លកឫស អាចមានផ្ទុកសារធាតុ Cyanide ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកព្រោះសារធាតុ Cyanide  ដូច្នេះគួរតែចម្អិនឱ្យលើស ពី ១០ នាទីឬច្រើនជាងនេះ។

៤. សណ្តែកគួរ

មនុស្សមួយចំនួនមានការហើមពោះបន្ទាប់ពីទទួលទានសណ្តែកគួរឆៅ វាអាចទាក់ទងអំពីប្រព័ន្ធពោះវៀនរបស់មនុស្សម្នាក់ៗ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​គឺ​សណ្តែក​គួរ​ជា​ក្រុម​រុក្ខជាតិ​ដែល​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ខ្ពស់ នេះអាចបណ្តាលឱ្យសណ្តែកនេះ ស្រូបយកសារធាតុទាំងនោះបានច្រើនផងដែរ។

ដូច្នេះអ្នកគួរតែលាងទឹកយ៉ាងហ្មត់ចត់ ដោយដៃផ្ទាល់ ហើយប្រហែលជាត្រូវការត្រាំក្នុងទឹកឱ្យយូរ បើមិនដូច្នេះទេគួរតែចម្អិនបន្ថែម។

 របៀបទទួលទានបន្លែដោយសុវត្ថិភាព

ពិតណាស់យើងតែងតែ​បារម្ភ​ពី​បន្លែ​ដែល​មាន​ជាតិ​គីមី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ដូច្នេះវិធីកាត់បន្ថយហានិភ័យ គឺលាងបន្លែឱ្យបានហ្មត់ចត់ អាច​ត្រូវ​ត្រាំ​ក្នុង​ទឹក​រយៈពេល ១០ នាទី មុន​នឹង​លាង​សម្អាត​ម្តងទៀត។

សម្រាប់បាក់តេរី ការលាងបន្លែឱ្យបានហ្មត់ចត់ មិនកាត់បន្ថយបរិមាណបាក់តេរីដែលស្រូបចូលទៅក្នុងបន្លែនោះបានទេ ដូច្នេះគួរតែចម្អិន ដើម្បីឱ្យបាក់តេរីត្រូវបានសំលាប់ដោយកំដៅត្រឹមត្រូវ នោះយើងនឹងអាចបរិភោគបន្លែដោយមានសុវត្ថិភាពសម្រាប់រាងកាយ៕ ប្រភព៖ Sanook

 

លោក អិន សុភិន ប្រកាសឈប់រៀបចំកម្មវិធី Miss Grand Cambodia ដោយសារមូលហេតុមួយនេះ

0

ភ្នំពេញ៖ លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានប្រកាសថាឈប់រៀបចំកម្មវិធី Miss Grand Cambodia ទៀតហើយ។ លោកបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។

ក្រោយពីមានការប្រកាស អ្នកគាំទ្រជាច្រើនក៏សម្តែងការសោកស្តាយ និងគោរពតាមការសម្រេចចិត្តនេះផងដែរ។ សូមរំលឹកថាក្រុមហ៊ុនមហាហង្ស បានទិញសិទ្ធិរៀបចំការប្រកួតMiss Grand Cambodia ពីស្ថាប័ន Miss Grand International នៅឆ្នាំ២០១៩។ សមិទ្ធិផលក្រោយពីបានទិញសិទិ្ធ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោករយៈពេល៣ឆ្នាំជាប់គ្នាមក ជាលទ្ធផល ម្ចាស់មកុដ Miss Grand Cambodia 2020 គឺជាកញ្ញា លីវ ជីលី ដែលតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ទទួលបានឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year» ហើយនៅពេលនោះ កម្ពុជា បានឈានចូល TOP20 ជាលើកដំបូងនៅក្នុងការប្រកួតមួយនេះ។ ហើយនៅឆ្នាំ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia កញ្ញាឈ្នះបានពាន «Popular Votes» និងបានចូលទៅកាន់វគ្គ Top 10 ដោយស្វ័យប្រវត្តិតាមរយៈការឈ្នះសំឡេងបោះឆ្នោតច្រើនជាងគេ។ សម្រាប់ឆ្នាំ២០២២ Miss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥៕

អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក បញ្ជូនគ្រឿងសឹកទៅជួយអ៊ុយក្រែន ចង់អស់ពីឃ្លាំង​

0

ទីក្រុងប៊្រុចសែល៖ ជាមួយនឹងការបង្ហូរគ្រឿងសព្វាវុធ នាំទៅផ្គត់ផ្គង់ ដល់កងទ័ពអ៊ុយក្រែន វាយប្រហារ ទប់ទល់នឹងការលុកលុយរបស់កម្លាំងទាហានរុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង២៩០ថ្ងៃកន្លងមកនេះ កំពុងតែធ្វើឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ប្រឈមមុខនឹងការខ្វះខាតគ្រឿងសឹកយ៉ាងពិតប្រាកដ។

ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា លោកស្រីឯកអគ្គរដ្ឋទូត ជូលៀននេ ស្មីត (Julianne Smith) តំណាងអចិន្រ្ដៃយ៍របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានធ្វើអត្ថាធិប្បាយ នៅក្នុងអំឡុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ ជាមួយនឹងលោកបណ្ឌិត កាតលីន មឺកអ៊ីននីស (Dr. Kathleen McInnis) មន្រ្ដីជាន់ខ្ពស់ នៃកម្មវិធីសន្ដិសុខអន្ដរជាតិរបស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ដ និង ការសិក្សាអន្ដរជាតិ ថា ឃ្លាំងស្ដុកគ្រឿងយុទ្ធោបករណ៍របស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ កំពុងតែថយចុះយ៉ាងខ្លាំង នៅក្នុងអំឡុងពេលសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន។ ស្ថិតក្នុងស្ថានភាពបែបនេះ កិច្ចខិតខំប្រឹងប្រែង កំពុងតែកើតមានឡើង នៅតាមអង្គភាពនានា និង អង្គការជាច្រើនទៀត ដើម្បីបំពេញឃ្លាំងស្ដុកគ្រឿងសឹករបស់ពួកគេឡើងវិញ។

លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា បញ្ហាពាក់ព័ន្ធនឹងក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (ហៅកាត់ UDCG) នោះ សហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលនូវការផ្ដល់ជំនួយគ្រឿងសព្វាវុធ មកពីប្រទេសចំនួន៥០ ហើយប្រទេសមួយចំនួន ក៏មិនមែនជាសមាជិករបស់អង្គការណាតូ នោះដែរ។ ប៉ុន្ដែពួកគេបានជួបគ្នាជារៀងរាល់ខែ ហើយលើកឡើង អំពីវិស័យឧស្សាហកម្មគ្រឿងសព្វាវុធ ដោយ«ព្យាយាមកំណត់ អំពីវិធីសាស្រ្ដ ដែលពួកគេអាចបញ្ជូនសញ្ញាត្រឹមត្រូវ ទៅកាន់ឧស្សាហកម្មមួយនេះ សម្រាប់ការផ្តល់ឱ្យពួកគេ ធានាបានតាមតម្រូវការ ដើម្បីដំណើរការខ្សែសង្វាក់ផលិតកម្មឡើងវិញ»។

នៅក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីខែមិថុនា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើង អំពីការបែកចែកជំនួយសន្ដិសុខ មានទំហំទឹកប្រាក់ រហូតដល់៤០ពាន់លានដុល្លារ។ ចំណែកនៅក្នុងខែវិច្ឆិកា លោករដ្ឋមន្រ្ដី និង លោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក ក៏បានជួបជាមួយនឹងតំណាងប្រទេស ចំនួន៥០ និង អង្គការជាច្រើនទៀត ដែលជាផ្នែកមួយ នៃកិច្ចប្រជុំលើកទី៧របស់ UDCG នេះ។

កិច្ចប្រជុំនាពេលនេះ បានប្រកាស អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធបន្ថែមទៀត ដោយប្រទេសស៊ុយអែត បានផ្ដល់កញ្ចប់ជំនួយ ចំនួន២៧៩លានដុល្លារ, អេស្ប៉ាញ បានផ្ដល់មីស៊ីល Hawk ហើយកាណាដា បានផ្ដល់កញ្ចប់ជំនួយ ៥០០លានដុល្លារ។

ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងនឹងនៅតែរក្សាសន្ទុះ នៃការផ្ដល់ជំនួយោធារបស់យើង ពេញមួយរដូវរងា។ ដូច្នេះក្រុងកៀវ អាចបន្តទទួលបាននូវគ្រឿងសឹក និង ចាប់យកគំនិតផ្តួចផ្តើម នៅលើសមរភូមិ ខណៈកងទ័ពអ៊ុយក្រែន កំពុងតែប្រយុទ្ធជាមួយនឹងការអត់ធ្មត់ និង ការប្តេជ្ញាចិត្ត កាន់តែខ្លាំងឡើង»។

លោក ហ្វ្រែដេរីក កាហ្គេន (Frederick Kagan) មន្រ្ដីជាន់ខ្ពស់ នៃវិទ្យាស្ថានសហគ្រិនអាមេរិក បានថ្លែង ថា «វាជាការពិតណាស់ អង្គការណាតូ មិនធ្លាប់មានគម្រោង ប្រយុទ្ធនឹងសង្គ្រាមបែបនេះទេ។ បញ្ហានេះ ខ្ញុំចង់និយាយ ថា សង្រ្គាមនេះ បានប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ រថក្រោះ និង កាំភ្លើងច្រើនណាស់។ យើងក៏មិនធ្លាប់ស្តុកទុកគ្រឿងសព្វាវុធ សម្រាប់សង្រ្គាមបែបនេះ តាំងពីការចាប់ផ្តើម រហូតមក»។

លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ ក៏បានបញ្ជាក់ទៀត ថា អង្គការណាតូ នៅទីក្រុង Brussels និង សន្និសីទ នៃនាយកគ្រឿងសព្វាវុធជាតិ (CNAD) មកពីប្រទេសជាសមាជិកទាំង៣០ នៃអង្គការសម្ពន្ធមិត្តយោធាបស្ចិមលោកមួយនេះ កំពុងតែសម្លឹងមើល អំពីការទិញគ្រឿងសព្វាវុធ។ បញ្ហានេះ ចង់និយាយ ថា អ្នកចង់បញ្ជូនសញ្ញាទៅកាន់ឧស្សាហកម្មបែបនេះ ហើយមានទំនុកចិត្ត សម្រាប់ចំណាប់អារម្មណ៍ លើខ្សែសង្វាក់ផលិតកម្ម។

លោកស្រី ស្មីត បានបន្ថែម ថា «កិច្ចខិតខំប្រឹងប្រែងនេះ នឹងផ្ដោតទៅលើការថយចុះគ្រឿងសព្វាវុធ ពីក្នុងឃ្លាំង នៅទូទាំងប្រទេស ជាសម្ពន្ធមិត្តរបស់អង្គការណាតូ ដូចជា អេស្ដូនី ដែលបានផ្ដល់ជំនួយសន្ដិសុខយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន។ អ៊ីចឹង ពួកគេកំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធយ៉ាងពិតប្រាកដ ហើយបញ្ហានេះ មិនមែនត្រឹមតែអេស្ដូនី ប៉ុណ្ណោះទេ។ អ្វីដែលយើងមើលឃើញ គឺឃ្លាំងអាវុធបានថយចុះ នៅទូទាំងសម្ពន្ធមិត្តទាំងអស់ ។

លោក អ៊ីម៉ាស់ រេនសាលូ (Urmas Reinsalu) រដ្ឋមន្រ្ដីក្រសួងការបរទេសអេស្ដូនី បានផ្ដល់បទសម្ភាសន៍ ដល់ Newsweek កាលពីសប្ដាហ៍មុន ថា សម្ពន្ធមិត្តរបស់អង្គការណាតូ ចាំបាច់ត្រូវតែបង្កើននូវការផ្ដល់គ្រឿងសព្វាវុធបន្ថែមទៀត ទៅជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយឲ្យក្រុងកៀវ អាចមានលទ្ធភាពទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមនេះ៕

ទម្លាប់ចម្លែកៗរបស់អ្នកប្រាជ្ញ១០រូប ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ

0

ភ្នំពេញ៖ អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតា ដូចមនុស្សដែលនៅជុំវិញយើងឡើយ និយាយដោយឡែកទស្សនវិទូមួយចំនួនមានទម្លាប់ចម្លែកៗ ទៅតាមធម្មជាតិរបស់ពួកគេ។ មានការលើកឡើងថា ទម្លាប់ចម្លែកៗនោះធ្វើឲ្យពួគគេធ្វើការងារបានល្អ និងរកឃើញអ្វីៗដែលពិសេសជាដើម។

ថ្ងៃនេះដែរ​ KBN សូមចែករំលែកពីអ្នកប្រាជ្ញមួយចំនួន ដែលមានទម្លាប់ខុសពីមនុស្សធម្មតា ត្រូវបានគេចារទុកក្នុងប្រវត្តិសាស្ត្រ ដូចខាងក្រោម៖

១៖ ស៉ីហ្គម៉ុន ហ្វ្រូដ (Sigmund Freud)

លោក ស៉ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), លោកក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ លោកគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់គាត់មិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឲ្យប្រពន្ធរបស់លោក ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឲ្យលោកជារៀងរាល់ព្រឹក។ នេះបង្ហាញថា លោកមិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍បានមួយផ្នែកដែរ។

២៖ អេម៉ាញូអែល ខេន (Emmanuel Kant)

លោក អេម៉ាញូអែល ខេន គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧២៤ និងស្លាប់ទៅវិញនៅឆ្នាំ១៨០៤។ ខេន មានទម្លាប់ចម្លែកពេញមួយជីវិតរបស់លោកតែម្តង។ លោក ក្រោកពីដំណេកនៅវេលាម៉ោង៥ព្រឹករួចហូបតែនិងជក់ខ្សៀ។ បន្ទាប់មកលោកធ្វើការរហូតដល់ម៉ោង៧ព្រឹក រួចទៅបង្រៀនសិស្សរហូតដល់ម៉ោង១១ព្រឹក និងសរសេរសៀវភៅ ហើយហូបអាហារថ្ងៃត្រង់នៅវេលាម៉ោង ១រសៀល។ ជារៀងរាល់ថ្ងៃបន្ទាប់ពីអាហារថ្ងៃត្រង់ លោកចំណាយពេល១ម៉ោង ដើររហូតមិនឈប់ឡើយ។ ក្រោយមកទៀត លោកអានសៀវភៅ រហូតដល់ម៉ោង១០យប់ ទើបលោកចូលដំណេក។ នេះជាជីវិតរបស់អ្នកប្រាជ្ញរូបនេះ អំឡុងរយៈពេល២០ឆ្នាំចុងក្រោយ នៃជីវិតរបស់លោក។

៣៖ ហ្វ្រីឌ្រីច នីតឆឹះ (Friedrich Nietzsche)

លោក ហ្វ្រីឌ្រីច នីតឆឹះ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៨៤៤ និងស្លាប់ទៅវិញនៅឆ្នាំ១៩០០។ ក្នុងជីវប្រវត្តិរបស់ នីតឆឹះ បានកត់ត្រាទុកថា លោកជាមនុស្សម្នាក់ ដែលរៀបចំកាលវិភាគសម្រាប់ខ្លួនឯង ដោយតឹងតែងបំផុត ប៉ុន្តែឯកជនភាពគឺជាអាទិភាពសម្រាប់ជីវិតលោក។ និយាយដោយឡែករឿងផ្ទាល់ខ្លួនលោក មិនសូវឲ្យនរណាដឹងឡើយ។ បន្ថែមលើនេះជាទូទៅលោកហូបផ្លែឈើច្រើនណាស់ នៅពេលលោកហូបអាហារថ្ងៃត្រង់ ដែលនេះធ្វើឲ្យគាត់មានបញ្ហាក្រពះពេញមួយជីវិតតែម្តង។

៤៖ ហ្វ្រីឌ្រីច ស្គីលឡឺ (Friedrich Schiller)

លោក ហ្វ្រីឌ្រីច ស្គីលឡឺ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧៥៩ និងស្លាប់ទៅវិញនៅឆ្នាំ១៨០៥។ ស្គីលឡឺ គឺជាកវីខាងកំណាព្យមួយរូប ដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយ។ លោកគឺសហកាលិករបស់លោក ចូហាន់ វុលហ្គាំង វ៉ុន ហ្គូតថេ (Johann Wolfgang von Geothe) ដែលជាអ្នកតែងកំណាព្យដូចគ្នា និងជាទស្សនវិទូផង។ ថ្ងៃមួយ ហ្គូតថេ ទៅលេងផ្ទះ ស្គីលឡឺ ដោយរកមិនឃើញគាត់ក៏អង្គុយហើយសរសេរកំណាព្យ។ ប៉ុន្តែមានក្លិនស្អុយយ៉ាងខ្លាំងនៅក្នុងបន្ទប់របស់ ស្គីលឡឺ ដែលធ្វើឲ្យហ្គូតថេ មិនអាចទ្រាំបាននឹងក្លិន ស្អុយនេះឡើយ។ ហ្គូតថេ ឃើញគំនរផ្លែប៉ោមស្អុយរលួយជាច្រើននៅក្នុងថតតុ ហើយគាត់បានឃើញស្គីលឡឺ ដើរចូលមកនឹងសួរពីមូលហេតុ ដែលមានផ្លែប៉ោមស្អុយរលួយ ជាច្រើនបែបនេះ។ ស្គីលឡឺ ឆ្លើយថា នោះជាគំនរផ្លែប៉ោមស្អុយ ដែលលោករៀបចំឲ្យមានបែបនោះ ព្រោះពេលលោកធុំក្លិនផ្លែប៉ោមស្អុយ ធ្វើឲ្យគាត់សរសេរកំណាព្យបានល្អ។

៥៖ កាល់ ម៉ាក្ស (Karl Marx)

លោក កាល់ ម៉ាក្ស គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៨១៨ និងស្លាប់ទៅវិញនៅឆ្នាំ១៨៨៣។ បញ្ហាដ៏ធំបំផុតរបស់លោក កាល់ ម៉ាក្ស គឺថាលោកតែងតែបណ្តោយខ្លួនឲ្យខកការងារជាច្រើន នៅពេលលោកកំពុងសរសេរពីអ្វីមួយ។ ជំនួសពីការអង្គុយ និងសរសេរនោះ, កាល់ ម៉ាក្ស តែងតែឈរ និងដើរចុះដើរឡើង យ៉ាងតក់ក្រហល់បំផុត រហូតដល់លោករកគំនិតថ្មីដើម្បីបន្តការសរសេរ។ ពេលរកឃើញគំនិតថ្មីនោះ លោកអង្គុយចុះហើយបន្តការសរសេរពីគំនិតនោះដោយសង្ខេបៗ បន្ទាប់មកលោកលោតកញ្ឆក់កញ្ឆេង និងដើរសារជាថ្មីទៀត ដើម្បីរកគំនិតក្នុងការសរសេរ។

៦៖ វ៉ុលទែរ (Voltaire)

លោក វ៉ុលទែរ គឺជាអ្នកប្រាជ្ញជនជាតិបារាំង កើតនៅឆ្នាំ១៦៩៤ និងស្លាប់ទៅវិញនៅឆ្នាំ១៧៧៨។ វ៉ុលទែរ មានទម្លាប់ម្យ៉ាង គឺចូលចិត្តហូបកាហ្វេណាស់។ ប៉ុន្តែការហូបកាហ្វេរបស់លោក ខុសប្លែកពីមនុស្សម្នាយើងកាន់តែឆ្ងាយទៅទៀត និយាយឲ្យងាយយល់ លោកហូបកាហ្វេ រវាង២០ ទៅ៤០ពែងឯណោះក្នុងមួយថ្ងៃៗ។

៧៖ ចច វីលហេម ហ្វ្រីឌ្រីច ហេហ្គល (Georg Wilhelm Friedrich Hegel)

លោក ចច វីលហេម ហ្វ្រីឌ្រីច ហេហ្គល គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ កើតនៅឆ្នាំ១៧៧០ និងស្លាប់ទៅវិញនៅឆ្នាំ១៨៣១។ ហេហ្គល អាចធ្វើការងារ ការសរសេរតែងនិពន្ធបាននៅពេលណា ដែលមានស្ថានភាពល្អតែប៉ុណ្ណោះ។ នៅពេលលោកតែងនិពន្ធអ្វីមួយនៅផ្ទះ លោកតែងតែពាក់អាវសម្រាប់គេង និងមួកកន្តឹបប៉េរ៉េពណ៌ខ្មៅ។ ជាការពិតណាស់ លោកតែងតែធ្វើបែបនេះ ហើយលោកនឹងមិនសរសេរអ្វីទាំងអស់ បើលោកមិនបានធ្វើតាមទម្លាប់ចម្លែកមួយនេះ។

៨៖ អាតសឺ សូផេនហោវអឺ (Arthur Schopenhauer)

លោក អាតសឺ សូផេនហោវអឺ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧៨៨ និងស្លាប់ទៅវិញនៅឆ្នាំ១៨៦០។ ជីវិតរបស់អ្នកប្រាជ្ញ សូផេនហោវអឺ ពិតជាពិបាកយល់ណាស់។ លោកចូលចិត្តធ្វើជាមនុស្ស ដែលអត់មានផ្ទះនៅ (Homeless) និងមិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកផ្សេងឡើយ។ លោកចូលចិត្តបង្កើតមិត្តភាពជាមួយសត្វឆ្កែ ឬនិយាយដោយងាយយល់លោកចូលចិត្តចិញ្ចឹមសត្វឆ្កែ ដើម្បីយកមករាប់អានធ្វើជាមិត្តសម្លាញ់។ ឆ្កែមួយក្បាលងាប់លោកចិញ្ចឹមឆ្កែមួយក្បាលទៀត គឺលោកតែងតែបំពេញចិត្តខ្លួនឯង ដោយតម្រូវឲ្យមានឆ្កែមួយក្បាលនៅក្បែរខ្លួនជានិច្ច។ គ្រប់ឆ្កែទាំងអស់ ដែលលោកចិញ្ចឹមតែងតែដាក់ឈ្មោះថា Atma (មានន័យថា ដួងព្រលឹង)។

៩៖ ឡេអូ ណាដូ ដា វីនស៉ី (Leonardo Da Vinci)

លោក ឡេអូ ណាដូ ដា វីនស៉ី គឺជាអ្នកប្រាជ្ញជនជាតិអ៉ីតាលី កើតនៅឆ្នាំ១៤៥២ និងស្លាប់ទៅវិញនៅឆ្នាំ១៥១៩។ បើតាមប្រវត្តិសាស្ត្របានកត់ត្រាថា លោកមិនត្រឹមតែជាទស្សនវិទូទេ តែលោកក៏ជាអ្នកនិពន្ធ និងអ្នកច្នៃប្រឌិតផងដែរ។ អ្នកប្រាជ្ញរូបនេះមិនទទួលទានដំណេកយប់ឡើយ ប៉ុន្តែបែរជាគេងម្តងត្រឹមតែ២០នាទីប៉ុណ្ណោះរៀងរាល់៤ម៉ោងម្តង។ ការទទួលទានដំណេកបែបនេះ ត្រូវបានគេឲ្យឈ្មោះថា វដ្តនៃការទទួលទានដំណេកបែប Polyphasic (Polyphasic sleep cycle)។

១០៖ អារីស្តូត (Aristotle)

លោក អារីស្តូត គឺជាអ្នកប្រាជ្ញជនជាតិក្រិក កើតនៅឆ្នាំ៣៨៤ និងស្លាប់ទៅវិញនៅឆ្នាំ៣២២ មុនគ្រិស្តសករាជ។ លោកគឺជាគ្រូរបស់ព្រះចៅអាឡិចសង់ ដែលធ្វើសង្គ្រាមឈ្នះសឹងគ្រប់សមរភូមិ កាលពីអតីតកាល។ ទម្លាប់របស់ អារីស្តូត គឺចូលចិត្តកាត់បន្ថយម៉ោងសម្រាក និងអានសៀវភៅដល់ពាក់កណ្តាលអាធ្រាត្រ។ នៅពេលលោកអានសៀវភៅដល់ពាក់កណ្តាលអាធ្រាត្រ លោកមានវិធីសម្រាប់ដាស់ខ្លួនឯងឲ្យក្រោក ដោយលោកកាន់កាក់មួយនៅក្នុងដៃ។ ពេលលោកងងុយដេក កាក់នោះនឹងធ្លាក់ពីដៃរបស់លោក និងបានធ្វើឲ្យលោកភ្ញាក់ពីដំណេកវិញ ហើយបន្តការអានសៀវភៅ រហូតដល់ទ្រាំលែងបានទើបចូលដំណេក។ មានការកត់ត្រាថា ទម្លាប់បែបនេះធ្វើឲ្យអារីស្តូតមានជំងឺក្រពះជាប្រចាំ ហើយលោកស្លាប់ក៏ដោយសារជំងឺក្រពះនេះឯង៕

រុស្ស៊ី វាយអ៊ុយក្រែនអត់ឈ្នះ អួតមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនខ្លាំងជាង១២ដង លើសគ្រាប់បែកបរមាណូអាមេរិក

0

រដ្ឋធានីមូស្គូ៖ មន្រ្ដីជាន់ខ្ពស់របស់ក្រុងមូស្គូ តែងតែគំរាមកំហែងជារឿយៗ អំពីការវាយប្រហារដោយអាវុធមហាប្រល័យលោក ចាប់តាំងពីការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក ហើយឥឡូវនេះ រុស្ស៊ី បានចាប់ផ្ដើមអួតអាង អំពីអនុភាពគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួន មានកម្លាំងខ្លាំងក្លាជាង១២ដង នៃគ្រាប់បែករបស់សហរដ្ឋអាមេរិក ទម្លាក់ នៅក្នុងប្រទេសជប៉ុន។

ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូ អំពីមីស៊ីលបាល្លិស្ទីកអន្ដរទ្វីប នៅលើជើងទម្របាញ់ ហើយត្រូវបានបណ្ដាញផ្សព្វផ្សាយរបស់ប្រទេសមហាអំណាចមួយនេះ យកទៅចុះផ្សាយព្រោងព្រាត នៅក្នុងន័យបង្ហាញ អំពីការព្រមានដល់បស្ចិមលោក។

សារព័ត៌មានរបស់រុស្ស៊ី Komsomolskaya Pravda (កូមសូម៉ូលស្កាយ៉ា ប្រាវដា) បានរាយការណ៍ ថា មីស៊ីលយ៉ាស (Yars) ដែលបានដាក់ នៅក្នុងតំបន់កាលូហ្កា (Kaluga) មានសមត្ថភាពខ្លាំងក្លាជាង១២ដង នៃគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក បានកម្ទេចទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។ មីស៊ីលប្រភេទនេះ អាចបាញ់ទម្ងន់ ៤៦ ០០០តោន និង ប្រតិបត្ដិការ នៅក្នុងចម្ងាយ ១២ ០០០គីឡូម៉ែត្រ ហើយវាអាចវាយប្រហារ ដល់ទឹកដីរបស់សហរដ្ឋអាមេរិក និង ទីកន្លែងណាមួយ នៅតំបន់អឺរ៉ុប ដោយមានកម្លាំងបំផ្ទុះ រហូតដល់៥០០គីឡូតោន។

មីស៊ីលអន្ដរទ្វីប RS-24 Yars ត្រូវបានកែច្នែ ចេញពីមីស៊ីលមុន ប្រភេទ Topol-M ដើម្បីធ្វើឲ្យវាមានកម្លាំងខ្លាំង ហើយត្រូវបានបណ្ដាប្រទេសបស្ចិមលោកស្គាល់ ជាមីស៊ីល SS-29។ មីស៊ីលអន្ដរទ្វីបប្រភេទនេះ ត្រូវបានបង្កើតឡើង ដោយវិទ្យាស្ថានវិស្វកម្មកម្ដៅក្រុងម៉ូស្គូ ហើយបានបាញ់សាកល្បង ជាលើកដំបូង នៅក្នុងឆ្នាំ២០០៧។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីថ្ងៃពុធ ថា មីស៊ីលអន្ដរទ្វីបទាំងនេះ ត្រូវបានដាក់ នៅលើជើងទម្រ ដោយប្រើអង្គភាពដឹកជញ្ជូន និង ផ្ទុកពិសេស នៅក្នុងប្រតិបត្តិការ ដែលបានចំណាយពេល ជាច្រើនម៉ោង។

លោក អាឡិចសេ សូកូឡូវ (Alexei Sokolov) មេបញ្ជាការ នៃការបង្កើតមីស៊ីលកូហ្សេលស្គី ( Kozelsky) បានបញ្ជាក់ ថា «ប្រតិបត្តិការនេះ នឹងធ្វើឡើង នៅក្នុងទិវាកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់រុស្ស៊ី ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃសៅរ៍ ទី ១៧ ខែធ្នូ។ រីឯសារៈសំខាន់ នៃប្រតិបត្តិការនេះ ផ្អែកលើការពិត ដោយថា មីស៊ីលបន្ទាប់ នឹងត្រូវបំពេញកាតព្វកិច្ចប្រយុទ្ធ តាមការគ្រោងទុក»។

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ Tass បានឲ្យដឹង ថា «មាតុភូមិ នឹងទទួលបានគំរូអាវុធមីស៊ីលនុយក្លេអ៊ែរមួយផ្សេងទៀត ដែលនឹងអនុញ្ញាតឱ្យយើង ដោះស្រាយកិច្ចការណាមួយ នៅក្នុងកម្រិតយុទ្ធសាស្ត្រ»។

សារព័ត៌មានដដែលនេះ បានដកស្រង់សម្ដីរបស់លោក វ៉ាឌីម វីយ៉ាហ្សូវស្គី (Vadim Vyazovsky) ជាវិស្វករ បានអះអាង ថា «ខ្ញុំមានមោទកភាព សម្រាប់រុស្ស៊ី ដែលប្រទេសរបស់ខ្ញុំ បានដកឱ្យប្រើប្រាស់នូវអាវុធប្រភេទនេះ ព្រោះវានឹងធ្វើឲ្យមាតុភូមិ អាចរស់នៅសុខស្រួល ដោយសន្តិភាព»។

មីស៊ីល Yars បានដាក់បង្ហាញ កាលពីខែតុលា នៅក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា នៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្រ្ដរបស់រុស្ស៊ី ក្រោមការត្រួតពិនិត្យ ពីប្រធានាធិបតី លោក វ៉ា្លឌីមៀ ពូទីន។ សមយុទ្ធយោធានោះ បានលើកទឹកចិត្ត ដល់អ្នកឃោសនាឲ្យវិមានក្រឹមឡាំង លោក អ៊ីហ្គ័រ កូរ៉ូតចេនកូ (Igor Korotchenko) ថ្លែង នៅតាមកញ្ចក់ទូរទស្សន៍ Russia-1 (រុស្ស៊ី វ៉ាន់) អំពី«សារសំខាន់យ៉ាងខ្លាំង ដែលយើងបានបង្ហាញឱ្យឃើញ ថាតើនរណាជាសត្រូវចម្បងរបស់យើង ហើយអ្វីដែលយើងកំពុងតែរង់ចាំគាត់»។

ការបង្ហាញមីស៊ីលនុយក្លេអ៊ែរ Yars នេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បង្កឲ្យរដ្ឋធានីនានារបស់ពិភពលោក មានការព្រួយបារម្ភ អំពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ដោយសារកងទ័ពរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបរាជ័យ នៅក្នុងការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅក្នុងនាមជាមីស៊ីលអន្ដរទ្វីប (ICBM) នោះ កាំជ្រួច Yars ក៏មិនមែនជាអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះដែរ ហើយអ្នកវិភាគ សង្ស័យ ថា ការងាកទៅរកសង្គ្រាមមិនធម្មតា នឹងផ្តល់អត្ថប្រយោជន៍ខាងយោធាដល់រុស្ស៊ី។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បាន និង កំពុងតែបង្កើនការអះអាង អំពីសមត្ថភាពបរមាណូរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយ។ ជាមួយគ្នានេះដែរ លោក អាឡិចសាន់ដឺរ ខូដាកូវស្គី (Alexander Khodakovsky) មេបញ្ជាការក្រុមឧទ្ទាម នៅតំបន់ដូណែតស្ក៍ (Donetsk) គាំទ្រដោយរុស្ស៊ី បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់រដ្ឋ នៅសប្តាហ៍នេះ ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាវិធីសាស្រ្ដ និង ជម្រើសតែមួយគត់ អាចធ្វើឲ្យរុស្ស៊ីឈ្នះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ បានព្រមានខ្លាំងៗ ដល់សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថា ក្រុងវ៉ាស៊ីនតោន នឹងមិនអត់ឱនដល់ប្រទេសរុស្ស៊ី ប្រសិនបើមានការប្រើប្រាស់អាវុធមហាប្រល័យលោក៕

ព្យុះកំបុតត្បូង បានបោកបក់នៅសហរដ្ឋអាមេរិក បង្កឱ្យមានអ្នកស្លា.ប់ចំនួន៣នាក់

0

បរទេស៖ ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញតំបន់អាមេរិក ដែលបានសម្លាប់មនុស្សចំនួន៣នាក់នៅរដ្ឋ Louisiana ព្រមទាំងបានវាយប្រហារកម្ទេចផ្ទះ ក្នុងរដ្ឋ Mississippi អស់ជាច្រើន ដែលជាការគម្រាមកំហែងយ៉ាងខ្លាំង។

នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ក្នុងស្រុកមួយបានឱ្យដឹងថា ព្យុះកំបុតត្បូងមួយបានបោកបក់ពាសពេញសហរដ្ឋអាមេរិក នៅភាគខាងត្រូង និង នៅភាគខាងជើងនៅក្នុងរដ្ឋ Mississippi ដែលបណ្ដាលឱ្យផ្ទះសម្បែងជាច្រើនបានដួលរលំ និងបានបង្កឱ្យមនុស្សយ៉ាងហោចណាស់៣នាក់បានបាត់បង់ជីវិត។

យ៉ាងណាមិញប្រព័ន្ធព្យុះដ៏ធំនេះបានផ្តល់នូវលក្ខខណ្ឌដូចព្យុះទឹកកកទៅកាន់ Great Plains ហើយត្រូវបានគេរំពឹងថានឹងរុញច្រានព្រិល និងទឹកកកបន្ថែមទៀតចូលទៅក្នុងតំបន់ Appalachia និង New England។

ក្នុងនោះអាជ្ញាធរនៅ Charles Parish ភាគខាងលិចនៃទីក្រុង New Orleans បាននិយាយថា មនុស្ស ៨ នាក់ក្នុងតំបន់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសនៅរសៀលថ្ងៃពុធដោយសារតែព្យុះនេះផងដែរ។

លោក Greg Champagne អាជ្ញាធរក្នុងតំបន់បាននិយាយថា នេះជាព្យុះកំបុតត្បូងដ៏គួរឲ្យរន្ធត់ និង មានកម្លាំងខ្លាំងណាស់ ហើយនារដូវរងារមួយនេះក៏បានទម្លាក់ព្រិលជាង ២ ហ្វីត ឬ ៦០ សង់ទីម៉ែត្រ នៅផ្នែកខ្លះនៃរដ្ឋ South Dakotaផងដែរ។

បញ្ហាព្យុះខាងលើ អាជ្ញារធរគ្រប់តំបន់រងគ្រោះក៏បានដាក់ការព្រមាន ព្រមទាំងបានណែនាំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕ ប្រភព៖ Aol

តំណាងក្រុមហ៊ុនអាជីវកម្ម និងក្រុមអ្នកស្ម័គ្រមួយចំនួន នាំគ្នាដើរឡើងភ្នំបូកគោ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺមហារីក

0

កំពត កម្ពុជា (១២ ធ្នូ ២០២២)៖ ចាប់តាំងពីមានការបើកដំណើរការឡើងវិញ បន្ទាប់ពីវិធានការណ៍បិទខ្ទប់ក្នុងការការពារនៃ​ការរីករាល​ដាល​ជំងឺកូវីដ១៩ អស់រយៈពី ២ ឆ្នាំកន្លងមក យើងឃើញមានកម្មវិធី ព្រឹត្តិការណ៍ធំៗជា​ច្រើនត្រូវបានប្រព្រឹត្តិ​ឡើងជាបន្តបន្ទាប់នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា រួមទាំងសកម្មភាពនៃ​ការធ្វើដំណើរទេសចរណ៍មកកាន់​ប្រទេសយើង ក៏កាន់តែមានភាពសស្រាក់សស្រាំឡើងគួរឲ្យកត់សំគាល់ផងដែរ។ ស្ថាប័ននានា រួមទាំងស្ថាប័ន​រាជ​រដ្ឋា​ភិបាល និងឯកជន រួមទាំងអង្គភាពអាជីវកម្ម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក៏ចេញប្រតិបត្តិ​ការណ៍របស់ខ្លួនឥតឈប់ឈរឡើងវិញ នៅក្នុងការ​បន្ត​និរន្តរភាពបេសកកម្មនៃការកសាងសេដ្ឋកិច្ច​ និងអភិវឌ្ឍន៍​ប្រទេសជាតិយើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPV5lNcivdJe6BczK8TvGSAl2H3K8VpW-O0DMIN5Xd3G9FqVRmmdGJM_PpKZVUbe7mdj3AGK8Nis9mYQFK3je_QxhpGRkVWlgwN7a65MSGsoTcqT283KKmCpbm4IpCry-MwIkDLGoXrUgQUX6a7I6UszpV_QqMM8giofM4pUN2XPL48pjsZitxErDO/s7360/DSC_1351.JPGទោះជាយ៉ាងនេះក្តី ការរាតត្បាតជំងឺកូវីដ ១៩ កន្លងមកបានបន្សល់ទុកនូវបញ្ហា និងវិបត្តមួយចំនួន ដល់​មនុស្សយើងជាពិសេសវិបត្តិសេដ្ឋកិច្ច តួយ៉ាងដូចជាមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានប្រឈមនឹងការ​លំបាកអំពីបញ្ហាជំនួយមូលនិធិសប្បុរសធម៌មានការធ្លាក់ចុះ បណ្តាលឲ្យមានការរាំងស្ទះដល់ដំណើរការបំពេញ​សកម្មភាពសំខាន់ៗមួយចំនួនផងដែរ ក្នុងអំឡុងពេលដែលចំនួនអ្នកជំងឺកុមារគ្រប់ប្រភេទ នៅតែបន្តមកទទួល​សេវាព្យាបាល និងថែទាំនៅមន្ទីរពេទ្យនេះឥតឈប់ឈរ។ ជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និងរៃអង្គាសជា​ច្រើនរបស់មន្ទីរពេទ្យកុមារអង្គរ ថ្មីៗនេះមានយុទ្ធនាការថ្មីជាលើកដំបូងមួយដែលមន្ទីរពេទ្យកុមារអង្គរ បាន​បង្កើត ឡើងគឺ យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក ដែលបានចាប់ផ្តើមតាំងពីដើមខែតុលាឆ្នាំ២០២២ ដោយក្នុងនោះមានរួមបញ្ចូលនូវព្រឹត្តិការណ៍ រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ សៀមរាប រយៈពេល ៩ថ្ងៃ និងសកម្មភាពផ្សព្វផ្សាយជាច្រើនទៀត ទាំងក្នុង និងក្រៅបណ្តាញសង្គម និងយុទ្ធនការនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbunj6lozXgn4E56qbprYnMdzr3UYtuOjV0PelNwG3RMsrV7LXyhtBpkoI9HDqmGIHpSy8EMbpCjqNUnfYlAdAJ8n_EoCcwxhhkaxsw0lidLvavLqf5lUzRdk7K--KfbtBUcjZ4ny6mJNPygcsUjzi9x8slptvs6SxgsJ_0pXZGBf77AS_4UnhyZA/s7360/DSC_1359.JPGនៅចុងបញ្ចប់នៃយុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក មានមនុស្សមួយក្រុមមកពីបណ្តា​ក្រុមហ៊ុនអាជីវកម្ម បានប្រមូលគ្នីគ្នាប្រមាណជាង ៥០នាក់ ដើរឡើងភ្នំបូកគោ នាថ្ងៃទី ១០ ខែធ្នូកន្លងទៅ និងបានបោះតង់សម្រាកនៅលើកំពូលភ្នំបូកគោមួយយប់ថែមទៀត។ កម្មវិធីនេះ ផ្តួចផ្តើម និងដឹកនាំដោយ លោក អ៊ីវ គឹមសួរ ជាគ្រូបង្វឹកអាជីវកម្មមកពីក្រុមហ៊ុន Action COACH ក្រោមការចូលរួមសហការរៀបចំដោយក្រុមហ៊ុន Khmer Ads zone ក្រុមហ៊ុន Tomnerb Tech និង ក្រុមហ៊ុនDM Cambodia ដោយមានការគាំទ្រពីសំណាក់ សាលាខេត្តកំពត មន្ទីរទេសចរណ៍ខេត្ត និង អជ្ញាធរមូលដ្ឋាន ដែលបង្កើតឡើងមិនត្រឹមតែធ្វើការផ្សព្វផ្សាយ រៃអង្គាសមូលនិធិជួយដល់កុមារមានជំងឺមហារីកនៅក្នុង មន្ទីរពេទ្យកុមារអង្គរ ប៉ុណ្ណោះទេគឺជាបំផុសគំនិតហាត់ប្រាណតាមរយៈការដើរ ពង្រីកបណ្តាញធុរៈកិច្ច បង្កើតសេចក្តីរីករាយជួបជុំជាមួយក្រុមគ្រួសារឬមិត្តភក្តិ ព្រមទាំងផ្សព្វផ្សាយទីកន្លែងទេសចរណ៍ដ៏ស្រស់ត្រកាល នៃភាគនារតីនៃប្រទេសកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEielZBBIdSgWSy_4V5owNQ8uvmuqzLd7MdA8--K7qnzOWG-ucZz2xJ3BSf57mL4STH1OseKl-lroLd8gWQkJsd4_uDtthOCLmbDL4I7c7bP1xwf9pyTKXr780UJSN_dtntCm2aOjsJUM7JkPF8Ajkz7UzRkYh_O9OGFx3CgdrWlzxhjwLwDiI3NVWdo/s7360/DSC_1365.JPGកម្មវិធីនេះ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ អមដោយបទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ល្អៗ ពីព្រឹត្តិការណ៍ទាំងមូល ជាពិសេសកម្មវិធីនេះទទួលបាននូវកការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុនអាជីវកម្ម ដ៏ធំ​ចំនួនពីរគឺ ក្រុមហ៊ុនខាំផែនថ្នាំពណ៌ជាតិ និង ក្រុមហ៊ុន ឃាង ហួត អ៊ិនធឺណេសិនណល នាំចូលភេសជ្ជៈខារ៉ាបាវ ព្រមទាំងសហការឧបត្ថម្ភដោយក្រុមហ៊ុន Global Top Star Industrial Co., Ltd ភោជនីយដ្ឋានដើមលាភ សណ្ឋាគារឋានសួគ៌សុខា និងឡឺបូកគោ និង Genesha Resort Kampot សារព័ត៌មានហ្រ្វេសញ៉ូស VVPM CONSTRUCTION និងបណ្តាក្រុមហ៊ុន សប្បុរសជន ជាច្រើនទៀតផងដែរ ដែលជាការចូលរួមជាចំណែកមួយនៃ យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ​ពីជំងឺមហារីក នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sg0Wpq25k9PoKg3mJg2a-3FsdTWVlxglAppmDcbayRtsNlIc3D2-Hfyl0OxijwSnIAPgwCQTxR4Ih0VErqPaZ-DNa4MfLPYRKS3w_xfTvGGfUGkwwmp-kbD2oRjiYtfzgGz5aYqpLHcrljY6LZJPBH-pXyz_lnM4P55w6M4EyqAJ5Ia7xyR5o-Lr/s7360/DSC_1367.JPGនាក្នុងឱកាសនោះដែរ ឯកឧត្តម ចាន់ ថា អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍លើកឡើងថាជាឆ្នាំដំបូងក៏ពិតមែនតែការរៀបចំ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ប្រកបដោយភាពសប្បាយរីករាយសម្រាប់អ្នកចូលរួមទាំងអស់។ លោកក៏បានអំពាវនាវ សុំអោយបងប្អូនសាធារណៈជន ក្រុមហ៊ុនអាជីវកម្ម ព្រមទាំងស្ថាប័នផ្សេងៗមានការចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយៗទៀត អោយបានច្រើនកុះករ ដើម្បីអោយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅតែបន្តសកម្មភាពសប្បុរសធម៌របស់ខ្លួនក្នុងការជួយសង្រ្គោះជីវិតកុមារកម្ពុជា និងលើកកម្ពស់សុខុមាលភាពកុមារដែលជាទំពាំងស្នងឫស្សី និង ជាសសរទ្រូងប្រទេសជាតិនាពេលអនាគត ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកំពតផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB6QK9W7L45TMpMnYVV_V81bRZL1i5dTbzug_Usj6VFf1C19-6RQTVMijXFD8ciia7BTOC-bIUrwhpFKOhmhHSspwqO7AdjU4OCxAxFVzCMrLxj0foQmjmPlVNVXK6tAKpTpN9-AeNbPJ4Au0wSEGfqg6T_NsNdTbgkurnKEMTn31q387puia18lwC/s7360/DSC_1368.JPGលោក អ៊ីវ គឹមសួរ រួមទាំងនាយកមន្ទីរពេទ្យកុមារអង្គរ​ និងអ្នកចូលរួមកម្មវិធីនេះទាំងអស់សូមចូលរួម សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏សប្បុរសរបស់សប្បុរសជន ទាំងអស់ ដែលបានធ្វើឲ្យកម្មវិធីនេះដំណើរការបាន និងបានប្រមូលជំនួយសប្បុរសធម៌ ជួយដល់កុមារជាច្រើន​ដែលកំពុងសម្រាកព្យាបាល ថែទាំជំងឺមហារីក ក៏ដូចជាជំងឺដទៃជាច្រើនទៀត ប្រកបដោយគុណភាព​ និងឥត​គិតកម្រៃនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ហើយក៏បានប្រកាសឲ្យមានការចូលរួមជាបន្តជាមួយគ្នានៅ ខែធ្នូឆ្នាំ ក្រោយៗទៀត ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglUOEZ7oZk6iCHBTOuncFqr_psx63AqA1d-6All2NJJs3QZO7fnKwZ8XgBqLa1j1jNCzeXNFqeo6ticROsMXbfzhSARcYZGCUS3mvwozagq4bQewXoOdL7FknoT__o02AZyRJt1ODJduOrlzLxileqKKIOGZ4ota6YVyif3__JLMTxEr9ekFIyPWxf/s7360/DSC_1393.JPGទំនាក់ទំនងកម្មវិធី និងសារព័ត៌មាន៖

លោក៖ អ៊ីវ គឹមសួរ

T: 015 718 888, E: kimsouriv@gmail.com