ទីក្រុងប៊្រុចសែល៖ ជាមួយនឹងការបង្ហូរគ្រឿងសព្វាវុធ នាំទៅផ្គត់ផ្គង់ ដល់កងទ័ពអ៊ុយក្រែន វាយប្រហារ ទប់ទល់នឹងការលុកលុយរបស់កម្លាំងទាហានរុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ អស់រយៈពេលជាង២៩០ថ្ងៃកន្លងមកនេះ កំពុងតែធ្វើឲ្យអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ប្រឈមមុខនឹងការខ្វះខាតគ្រឿងសឹកយ៉ាងពិតប្រាកដ។

ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក Newsweek បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ថា លោកស្រីឯកអគ្គរដ្ឋទូត ជូលៀននេ ស្មីត (Julianne Smith) តំណាងអចិន្រ្ដៃយ៍របស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ បានធ្វើអត្ថាធិប្បាយ នៅក្នុងអំឡុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ ជាមួយនឹងលោកបណ្ឌិត កាតលីន មឺកអ៊ីននីស (Dr. Kathleen McInnis) មន្រ្ដីជាន់ខ្ពស់ នៃកម្មវិធីសន្ដិសុខអន្ដរជាតិរបស់មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ដ និង ការសិក្សាអន្ដរជាតិ ថា ឃ្លាំងស្ដុកគ្រឿងយុទ្ធោបករណ៍របស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ កំពុងតែថយចុះយ៉ាងខ្លាំង នៅក្នុងអំឡុងពេលសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន។ ស្ថិតក្នុងស្ថានភាពបែបនេះ កិច្ចខិតខំប្រឹងប្រែង កំពុងតែកើតមានឡើង នៅតាមអង្គភាពនានា និង អង្គការជាច្រើនទៀត ដើម្បីបំពេញឃ្លាំងស្ដុកគ្រឿងសឹករបស់ពួកគេឡើងវិញ។

លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ ថា បញ្ហាពាក់ព័ន្ធនឹងក្រុមទំនាក់ទំនងការពារអ៊ុយក្រែន (ហៅកាត់ UDCG) នោះ សហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលនូវការផ្ដល់ជំនួយគ្រឿងសព្វាវុធ មកពីប្រទេសចំនួន៥០ ហើយប្រទេសមួយចំនួន ក៏មិនមែនជាសមាជិករបស់អង្គការណាតូ នោះដែរ។ ប៉ុន្ដែពួកគេបានជួបគ្នាជារៀងរាល់ខែ ហើយលើកឡើង អំពីវិស័យឧស្សាហកម្មគ្រឿងសព្វាវុធ ដោយ«ព្យាយាមកំណត់ អំពីវិធីសាស្រ្ដ ដែលពួកគេអាចបញ្ជូនសញ្ញាត្រឹមត្រូវ ទៅកាន់ឧស្សាហកម្មមួយនេះ សម្រាប់ការផ្តល់ឱ្យពួកគេ ធានាបានតាមតម្រូវការ ដើម្បីដំណើរការខ្សែសង្វាក់ផលិតកម្មឡើងវិញ»។

នៅក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីខែមិថុនា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើង អំពីការបែកចែកជំនួយសន្ដិសុខ មានទំហំទឹកប្រាក់ រហូតដល់៤០ពាន់លានដុល្លារ។ ចំណែកនៅក្នុងខែវិច្ឆិកា លោករដ្ឋមន្រ្ដី និង លោកឧត្ដមសេនីយ៍ ម៉ាក់ មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក ក៏បានជួបជាមួយនឹងតំណាងប្រទេស ចំនួន៥០ និង អង្គការជាច្រើនទៀត ដែលជាផ្នែកមួយ នៃកិច្ចប្រជុំលើកទី៧របស់ UDCG នេះ។

កិច្ចប្រជុំនាពេលនេះ បានប្រកាស អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធបន្ថែមទៀត ដោយប្រទេសស៊ុយអែត បានផ្ដល់កញ្ចប់ជំនួយ ចំនួន២៧៩លានដុល្លារ, អេស្ប៉ាញ បានផ្ដល់មីស៊ីល Hawk ហើយកាណាដា បានផ្ដល់កញ្ចប់ជំនួយ ៥០០លានដុល្លារ។

ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងនឹងនៅតែរក្សាសន្ទុះ នៃការផ្ដល់ជំនួយោធារបស់យើង ពេញមួយរដូវរងា។ ដូច្នេះក្រុងកៀវ អាចបន្តទទួលបាននូវគ្រឿងសឹក និង ចាប់យកគំនិតផ្តួចផ្តើម នៅលើសមរភូមិ ខណៈកងទ័ពអ៊ុយក្រែន កំពុងតែប្រយុទ្ធជាមួយនឹងការអត់ធ្មត់ និង ការប្តេជ្ញាចិត្ត កាន់តែខ្លាំងឡើង»។

លោក ហ្វ្រែដេរីក កាហ្គេន (Frederick Kagan) មន្រ្ដីជាន់ខ្ពស់ នៃវិទ្យាស្ថានសហគ្រិនអាមេរិក បានថ្លែង ថា «វាជាការពិតណាស់ អង្គការណាតូ មិនធ្លាប់មានគម្រោង ប្រយុទ្ធនឹងសង្គ្រាមបែបនេះទេ។ បញ្ហានេះ ខ្ញុំចង់និយាយ ថា សង្រ្គាមនេះ បានប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ រថក្រោះ និង កាំភ្លើងច្រើនណាស់។ យើងក៏មិនធ្លាប់ស្តុកទុកគ្រឿងសព្វាវុធ សម្រាប់សង្រ្គាមបែបនេះ តាំងពីការចាប់ផ្តើម រហូតមក»។

លោកស្រី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការណាតូ ក៏បានបញ្ជាក់ទៀត ថា អង្គការណាតូ នៅទីក្រុង Brussels និង សន្និសីទ នៃនាយកគ្រឿងសព្វាវុធជាតិ (CNAD) មកពីប្រទេសជាសមាជិកទាំង៣០ នៃអង្គការសម្ពន្ធមិត្តយោធាបស្ចិមលោកមួយនេះ កំពុងតែសម្លឹងមើល អំពីការទិញគ្រឿងសព្វាវុធ។ បញ្ហានេះ ចង់និយាយ ថា អ្នកចង់បញ្ជូនសញ្ញាទៅកាន់ឧស្សាហកម្មបែបនេះ ហើយមានទំនុកចិត្ត សម្រាប់ចំណាប់អារម្មណ៍ លើខ្សែសង្វាក់ផលិតកម្ម។

លោកស្រី ស្មីត បានបន្ថែម ថា «កិច្ចខិតខំប្រឹងប្រែងនេះ នឹងផ្ដោតទៅលើការថយចុះគ្រឿងសព្វាវុធ ពីក្នុងឃ្លាំង នៅទូទាំងប្រទេស ជាសម្ពន្ធមិត្តរបស់អង្គការណាតូ ដូចជា អេស្ដូនី ដែលបានផ្ដល់ជំនួយសន្ដិសុខយ៉ាងច្រើន ជួយដល់ប្រទេសអ៊ុយក្រែន។ អ៊ីចឹង ពួកគេកំពុងតែប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធយ៉ាងពិតប្រាកដ ហើយបញ្ហានេះ មិនមែនត្រឹមតែអេស្ដូនី ប៉ុណ្ណោះទេ។ អ្វីដែលយើងមើលឃើញ គឺឃ្លាំងអាវុធបានថយចុះ នៅទូទាំងសម្ពន្ធមិត្តទាំងអស់ ។

លោក អ៊ីម៉ាស់ រេនសាលូ (Urmas Reinsalu) រដ្ឋមន្រ្ដីក្រសួងការបរទេសអេស្ដូនី បានផ្ដល់បទសម្ភាសន៍ ដល់ Newsweek កាលពីសប្ដាហ៍មុន ថា សម្ពន្ធមិត្តរបស់អង្គការណាតូ ចាំបាច់ត្រូវតែបង្កើននូវការផ្ដល់គ្រឿងសព្វាវុធបន្ថែមទៀត ទៅជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយឲ្យក្រុងកៀវ អាចមានលទ្ធភាពទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមនេះ៕