មេដឹកនាំប្រទេសនានាលើពិភពលោក បានបង្ហាញក្តីរីករាយដែលអាមេរិកព្រមព្រៀងជាមួយអ៊ីរ៉ង់ឈប់បា.ញ់រយៈពេល២សប្តាហ៍ ក្រោមលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ហើយមេដឹកនាំទាំងនេះជំរុញឱ្យភាគីទាំងអស់ពាក់ព័ន្ធនឹងសង្គ្រា.មឈានទៅរកការចរចាដោយសន្តិវិធីដើម្បីទទួលបានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ។
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំប្រទេសជាច្រើនបានបង្ហាញក្តីរីករាយ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដែលជាការបង្ហាញសញ្ញាល្អពីសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ ហើយពិភពលោកនឹងមានសន្តិភាពឡើងវិញ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres និយាយថា អង្គការសហប្រជាជាតិសូមអបអរចំពោះការប្រកាសឈប់បាញ់រយៈពេល២សប្តាហ៍របស់អាមេរិក និងអ៊ីរ៉ង់ ហើយយើងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនៅមជ្ឈិមបូព៌ាគោរពច្បាប់អន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់ ដើម្បីឈានទៅរកសន្តិភាពយូរអង្វែងក្នុងតំបន់ ។
ចំណែកលោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថា រដ្ឋាភិបាលអាល្លឺម៉ង់រីករាយចំពោះការព្រមព្រៀងឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ហើយគោលដៅពេលនេះ គឺការចរចានាពេលឆាប់ៗដើម្បីបញ្ចប់សង្គ្រាមជារៀងរហូត ដោយការចរចាអាចធ្វើឡើងតាមរយៈការទូតប៉ុណ្ណោះ ។
រីឯរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះសារបង្ហាញក្តីរីករាយក្នុងបណ្តាញសង្គម X និងអំពាវនាវឱ្យអាមេរិកបង្ហាញគោលជំហរដូចគ្នានេះ ដើម្បីបញ្ចង់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ លោកថា ៖ «ចំណាត់ការម៉ឺងម៉ាត់របស់អាមេរិកទទួលបានលទ្ធផល យើងជឿថា ដល់ពេលអាមេរិកមានចំណាត់ការម៉ឺងម៉ាត់បង្ខំឱ្យរុស្ស៊ីឈប់បង្កសង្គ្រាមជាមួយអ៊ុយក្រែន» ។
លោក មិណូរុ ឃិហារ៉ាក់ អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនថា ការកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាយ៉ាងពិតប្រាកដមានសារៈសំខាន់បំផុត ជប៉ុនរំពឹងនឹងមានកិច្ចព្រមព្រៀងចុងក្រោយតាមរយៈការទូតឆាប់ៗ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានព្យាយាមចរចាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់តាមទូរស័ព្ទរួចហើយ ។
ដូចគ្នានេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏រីករាយចំពោះបទឈប់បាញ់ដែរ និងអំពាវនាវឱ្យជំរុញសន្តិភាពយូរអង្វែងក្នុងតំបន់ ។ ក្នុងសារបង្ហោះក្នុងបណ្តាញសង្គម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សំណើ១០ចំណុចបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ ត្រូវតែប្រែក្លាយជាសំណើសន្តិភាព ហើយមិនមែនសម្រាប់តែអ៊ីរ៉ង់ទេ ប៉ុន្តែសន្តិភាពនឹងកើតឡើងចំពោះប្រទេសអ៊ីរ៉ាក់ លីបង់ និងយេម៉ែន ផងដែរ ។
ចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី ក៏បានបង្ហាញក្តីរីករាយដូចគ្នាចំពោះបទឈប់បាញ់នេះ ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងចរចាដោយសន្តិវិធី ៕










