ភ្នំពេញ៖ លោក អ៉ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស បានប្រកាសថាឈប់រៀបចំកម្មវិធី Miss Grand Cambodia ទៀតហើយ។ លោកបានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ២០២៣តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។

ក្រោយពីមានការប្រកាស អ្នកគាំទ្រជាច្រើនក៏សម្តែងការសោកស្តាយ និងគោរពតាមការសម្រេចចិត្តនេះផងដែរ។ សូមរំលឹកថាក្រុមហ៊ុនមហាហង្ស បានទិញសិទ្ធិរៀបចំការប្រកួតMiss Grand Cambodia ពីស្ថាប័ន Miss Grand International នៅឆ្នាំ២០១៩។ សមិទ្ធិផលក្រោយពីបានទិញសិទិ្ធ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោករយៈពេល៣ឆ្នាំជាប់គ្នាមក ជាលទ្ធផល ម្ចាស់មកុដ Miss Grand Cambodia 2020 គឺជាកញ្ញា លីវ ជីលី ដែលតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ទទួលបានឈ្នះពានរង្វាន់ដល់ទៅ ២គឺពាន «Grand Pageant’s Choice Award» និង ពាន «Country’s Choice of The Year» ហើយនៅពេលនោះ កម្ពុជា បានឈានចូល TOP20 ជាលើកដំបូងនៅក្នុងការប្រកួតមួយនេះ។ ហើយនៅឆ្នាំ២០២១ កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia កញ្ញាឈ្នះបានពាន «Popular Votes» និងបានចូលទៅកាន់វគ្គ Top 10 ដោយស្វ័យប្រវត្តិតាមរយៈការឈ្នះសំឡេងបោះឆ្នោតច្រើនជាងគេ។ សម្រាប់ឆ្នាំ២០២២ Miss Grand Cambodia ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥៕