Home Blog Page 1912

អាជ្ញាធរខេត្តកណ្ដាលទុករយៈពេល ៣០ថ្ងៃ ឲ្យម្ចាស់អាជីវកម្មកំពង់ចម្លង ដែលប្រើប្រាស់ទូកឱប ប្ដូរមកប្រើប្រាស់ទូកដែក…

0

ភ្នំពេញ៖ ចំពោះម្ចាស់អាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទូកចម្លង ក្នុងរយៈ ពេល ៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។

នេះជាការបញ្ជាក់របស់លោក ជី ស៉ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាលនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមពីបណ្ដាម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ។

ក្នុងកិច្ចប្រជុំលោកបានធ្វើការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ដល់ម្ចាស់កំពង់ចម្លងទាំងអស់ក្នុងខេត្តកណ្ដាលថាដើម្បីអាចប្រកបអាជីវកម្មកំពង់ចម្លងបាន ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ។

លោកបញ្ជាក់ថា យោងតាមសចក្ដីជូនដំណឹងនេះ គឺតំរូវឲ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។ ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឲ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម។ អ្នកបើកទូកចម្លង ត្រូវប័ណ្ណបើកបរទូត ត្រូវរៀបចំផ្លូវឡើងចុះ និងផែ ឲ្យស្របតាមលក្ខណៈបញ្ចេកទេស។

ជាមួយគ្នានោះលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអំពាវនាវ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាពិសេសម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ សូមជួយចូលរួមសហការគ្នាដើម្បីអនុវត្តតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ៕

កម្ពុជា​ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ខណៈ២ថ្ងៃទៀតចិនបើកប្រទេសឡើងវិញ

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ប្រកបដោយបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ពោលគឺបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០%នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួលបាន៣.៤លាននាក់ និងម៉ាឡេស៊ីទទួលបាន៣.១លាននាក់។ ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។

ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។

សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។

កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។

សេចក្ដីប្រកាសបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមប្រកាសបញ្ជាក់ជូនថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជាប្រទេសដែលបានទទួលនូវការវាយតម្លែពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ «រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។

ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្រ្តរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការទាក់ទាញទេសចរចិន ដូចជា យុទ្ធសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិនលើសេវាកម្មចំនួន៧ (សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ សេវាដឹកជញ្ជូនទេសចរណ៍ រមណីយដ្ឋាន សេវាកម្សាន្តទេសចរណ៍និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China-Ready មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្តង់ដាគុណភាពសេវាកម្ម)។

ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ទេសចរចិន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ផងដែរ។
សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រីករាយនិងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត។

គួរជម្រាបថា រដ្ឋាភិបាលចិនបានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក៕

សម្ដេច ស ខេង៖ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ មុនចូលរួមប្រកួតត្រូវធ្វើតេស្ដរកសារធាតុញៀនជាមុនសិន

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា មុនចូលរួមការប្រកួត ឬហ្វឹកហាត់ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែធ្វើតេស្ដរកសារធាតុញៀនជាមុនសិន ដោយមិនអាចខានបានឡើយ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវជៀសវៀងឱ្យបានដាច់ខាតការប្រើប្រាស់គ្រឿងញៀន។

សម្ដេចមានប្រសាសន៍ថា “ចាប់ពីថ្ងៃនេះតទៅ សូមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវចាត់ទុកការធ្វើតេស្ដគ្រឿងញៀន ជាការចាំបាច់ មិនអាចខានបាន។ កាលណាយើងខកខានមិនបានធ្វើតេស្ដសារធាតុញៀន គឺមិនទាន់មានសិទ្ធិចូលរួមប្រកួតប្រជែងបានទេ។ អញ្ចឹងមុនចូលរួមប្រកួត ចាំបាច់ត្រូវតែមានការបញ្ជាក់អំពីការធ្វើតេស្ដសារធាតុញៀនជាមុនសិន បើអវិជ្ជមាន បានអនុញ្ញាតឱ្យចូលប្រកួត និងហ្វឹកហាត់ ប៉ុន្ដែបើវិជ្ជមាន គឺមិនអនុញ្ញាតឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅក្នុងកីឡាក្រសួងមហាផ្ទៃផងដែរ”។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឱ្យបានកក់ក្ដៅ ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះ ឱ្យកាន់តែមានការរីកចម្រើន។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសន្យាថា នឹងពិនិត្យលទ្ធភាព ដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេសក្របខណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និងកីឡាការិនីដែលមានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។

សម្ដេចក្រឡាហោម បានណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន៕

ប្រមុខចារកម្មយោធារបស់ប្រទេសអ៊ុយក្រែនបានអះអាងថា លោកពូទីនមានជំងឺមហារីក ហើយនឹងស្លាប់ក្នុងពេលឆាប់ៗនេះ

0

អន្តរជាតិ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន បានអះអាងឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្លាក់ខ្លួនឈឺជាដំណាក់កាលដោយជំងឺមហារីក ហើយនឹងស្លាប់ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail

លោក ឃីរីឡូ ប៊ូដាណាល់ (Kyrylo Budanov) ដែលជានាយកផ្នែកស៊ើបការណ៍សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែនបានពិភាក្សាអំពីសង្រ្គាមដែលកំពុងបន្តនិងមេដឹកនាំរុស្ស៊ីនៅក្នុងបទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ ដោយលោកបាន​រំពឹង​ថា​ នឹង​មាន​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យទៅក្រុម​អាណានិគម​រុស្ស៊ី​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​លោកពូទីន ត្រូវបានស្លាប់។

ការ​រំពឹង​ទុក​អំពី​សុខភាព​លោក​ពូទីន​ បាន​បន្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ មេដឹកនាំរុស្សីវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានពាក្យចចាមអារ៉ាមថា កំពុងទទួលរងនូវជំងឺមហារីក ជំងឺផាកឃីនសុន និងជំងឺជាច្រើនផ្សេងទៀត។ ដោយលោក Budanov បាននិយាយថា “យើងគិតថាវាជាជំងឺមហារីក” ខណៈលោកបានបន្ថែមទៀតថាព័ត៌មានមួយនេះ «យើងទទួលបានពីប្រភពមនុស្សដែលជិតស្និទ្ធនឹងលោកពូទីន»។

ប៉ុស្តិ៍ Telegram General SVR ដែលអះអាងថា មានប្រភពខាងក្នុងមួយចំនួននៅក្នុងវិមានក្រឹមឡាំង បាននិយាយថា ថ្មីៗនេះវេជ្ជបណ្ឌិតរបស់លោកពូទីនបានកត់សម្គាល់ពី “ការចុះខ្សោយយ៉ាងខ្លាំងនៅក្នុងសុខភាពរបស់គាត់” ហើយបានផ្តល់អនុសាសន៍ថា គាត់ចាកចេញពីការបង្ហាញខ្លួនជាសាធារណៈណាមួយ ដូច្នេះគាត់អាចសម្រាកបាន។

បណ្តាញ Telegram ក៏​បាន​រាយការណ៍​ដែរ​ថា ពេលនេះ​លោកពូទីន មានការចុះខ្សោយកម្លាំង​ខ្លាំង​ងាយនឹងវិលមុខ និង​ឈឺក្បាល​ជា​ញឹក​ញាប់ ហើយជួនកាលក៏បានសន្លប់​បាត់​ស្មារតីផងដែរ។ របាយការណ៍អំពីសុខភាពមិនល្អរបស់លោកពូទីនត្រូវបានគាំទ្រដោយការលុបចោលការធ្វើដំណើរដែលបានគ្រោងទុក និងការចូលរួមជាសាធារណៈមួយចំនួន។

កាលពីសប្តាហ៍មុនគឺនៅថ្ងៃទី២៨ ខែធ្នូលោកពូទីនបានដកខ្លួនចេញពីការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ ភូសស្កូ (Pskov) ដែលជាទីក្រុងនៅជិតព្រំដែនអេស្តូនី។ ការលុបចោលនេះត្រូវបានស្តីបន្ទោសជាផ្លូវការចំពោះលក្ខខណ្ឌនៃការហោះហើរមិនអំណោយផល ប៉ុន្តែការព្យាករណ៍អាកាសធាតុបានបង្ហាញថា អាកាសធាតុគ្មានអ្វីប្រក្រតីទេ គឺអំណោយផលបានល្អណាស់។

ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ចទៅកាន់រោងចក្ររថក្រោះដ៏ធំបំផុតរបស់រុស្ស៊ីនៅ នីស្នី ថាកូល (Nizhny Tagil) នៅលើភ្នំ អ៊ុយរ៉ាល់ (Ural) ក៏ត្រូវបានផ្អាកផងដែរ។ សូម្បី​តែ​ការ​បង្ហាញ​ខ្លួន​ធម្មតា​នៅ​ក្នុង​កិច្ច​ប្រជុំ​ចុង​ឆ្នាំ​នៃ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល។

លោកពូទីន ក៏បានបដិសេធមិនបន្តធ្វើសន្និសីទកាសែតនៅខែធ្នូ ដែលជាធម្មតាយើងឃើញប្រធានាធិបតីនិយាយរហូតដល់បួនម៉ោង និងឆ្លើយសំណួរពីអ្នកកាសែត និងអ្នកទស្សនា។ សូម្បី​តែ​ការ​ប្រកួត​វាយ​កូន​គោល​លើ​ទឹកកក​ចុង​ឆ្នាំ​របស់​ពូទីន​ក៏​ត្រូវ​បាន​លុប​ចោល​ដែរ ៕

កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ

0

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ ពេញមួយឆ្នាំ២០២២ កើន ឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ។

ដោយឡែកចំណូលពីការលក់បណ្ណ ចូលទស្សនាប្រាសាទកោះកែរ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ មានភ្ញៀវទេសចរចូលទស្សនាចំនួន ៦០៣០នាក់ ទទួលបានទឹកប្រាក់ ៩០៤៥០ដុល្លារ។

ចំពោះការលក់សំបុត្រជិះទូក ទស្សនាបឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ ទទួលបានចំណូល ១៦៥ ៣០៨ដុល្លារ។

ទិន្នន័យរបស់ដោយគ្រឹះស្ថានអង្គរ បង្ហាញពីសញ្ញាមួយបញ្ជាក់ថា និន្នាការភ្ញៀវទេសចរចាប់ផ្តើម កម្រើកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញពេញលេញ ចាប់តាំងពីចុងឆ្នាំ២០២១មក និងការគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ បង្កើតបាននូវជំនឿចិត្តដល់ភ្ញៀវទេសចរ៕

នាយករដ្ឋមន្ត្រីថៃបារម្ភពី ទឹកជំនន់នៅខេត្តភាគខាងត្បូង

0

ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បារម្ភពីពលរដ្ឋថៃរស់នៅខេត្តភាគត្បូង ដោយលោកបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រៀមចាត់វិធានការតំបន់ណាដែលមានទឹកជំនន់ភ្លាមៗ ឬទឹកហូរពីព្រៃភ្នំ ចន្លោះពីថ្ងៃទី៦-១១ ខែមករា ។ ស្ថាប័នទាំងនេះត្រូវជូនដំណឹងជាមុន និងជម្លៀសពលរដ្ឋចេញ ។

លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ បានថ្លែងកាលពីថ្ងៃទី៥ ខែមករាថា ដោយមានការព្យាករអាកាសធាតុរបស់ឧតុនិយមថា មានសម្ពាធអាកាសទាបក្នុងបរិវេណសមុទ្រចិនខាងត្បូង ទើបធ្វើឱ្យថ្ងៃទី៦-៨ ខែមករា ខេត្តភាគខាងត្បូងមានភ្លៀងធ្លាក់ច្រើន និងខ្លាំងតាមតំបន់ ។ លោកបន្ថែមថា ហេតុនេះទើបនាយករដ្ឋមន្ត្រីបញ្ជាក់ហើយបញ្ជាក់ទៀតដល់គ្រប់ស្ថាប័នទាំងអស់ និងអភិបាលខេត្តនានាត្រៀមខ្លួន និងប្រយ័ត្នចំពោះស្ថានការណ៍ទឹកជំនន់ ជាពិសេស កម្រិតទឹកដែលកើនឡើងយ៉ាងរហ័ស ។

ក្រៅពីនេះ លោកប្រាយុទ្ធ បានជំរុញឱ្យប្រយ័ត្នផងដែរចំពោះអាងស្តុកទឹកទំហំធំដែលបរិមាណទឹកនឹងកើនឡើង រួមទាំងអាងស្តុកទឹកទំហំកណ្តាល និងទំហំតូច ដើម្បីចៀសវាងផលប៉ះពាល់ ឬប៉ះពាល់តិចបំផុតដល់ពលរដ្ឋ និងអ្នកប្រមុខមុខរបរតាមតំបន់ឆ្នេរតាំងពីខេត្តនគររាជសីម៉ា ដល់ខេត្តណារ៉ាធីវ៉ាត់ ។ លោកថា ត្រូវជួយជម្លៀសពលរដ្ឋក្នុងតំបន់ភ្លាមៗ ការពារកុំឱ្យស្លាប់បាត់បង់ជីវិត និងខូចទ្រព្យសម្បត្តិរបស់ពួកគាត់ ។

សម្រាប់ការត្រៀមខ្លួនរបស់ស្ថាប័នពាក់ព័ន្ធ ដែលលោកប្រាយុទ្ធ ផ្តល់ភាពសំខាន់នោះ ដូចជា ការតាមដានអាកាសធាតុ និងទឹកជាបន្តបន្ទាប់ ជាពិសេស តំបន់មានភ្លៀងធ្លាក់ច្រើនជាង៩០មីលីម៉ែត្រក្នុងពេល២៤ម៉ោង និងតំបន់ធ្លាប់ជួបទឹកជំនន់ជាប្រចាំ ។ លើសពីនេះ ត្រូវគ្រប់គ្រងអាងស្តុកទឹកទំហំធំ ទំហំកណ្តាល ទំហំតូច ព្រមទាំងទ្វារទឹក ការពារប្រភពទឹកពីលើដល់ក្រោម ឥទ្ធិពលឡើងចុះនៃទឹកសមុទ្រ បំបាត់អ្វីរារាំងផ្លូវទឹក ត្រៀមឧបករណ៍ និងប្រព័ន្ធទំនាក់ទំនង ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ។ សំខាន់ គឺប្រកាសពីស្ថានការណ៍ទឹកជំនន់ និងដាស់តឿនដល់ពលរដ្ឋដែលគិតថា ពួកគេនឹងរងគ្រោះឱ្យបានដឹងជាមុន ៕

ឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តដ៏ធំ ខូចខាតគ្មានសល់នៅក្នុងប្រទេសថៃ

0

ប្រទេសថៃ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងនៅ តំបន់ Bang Lamung ក្នុងប្រទេសថៃ ខូចខាតទាំងស្រុង ខណៈបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវដើម្បីពន្លឿនរក មូលហេតុនៃឧបទ្ទវហេតុ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានពីករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងចក្ររបស់ក្រុមហ៊ុន ស៊ូប៉ាវ អ៊ិនធេដ ខូអិលធីឌី ផ្ទះលេខ ៤៤/២ ភូមិ ៨ ឃុំផុង ស្រុកបាងឡាំង ខេត្តឈុនបុរី។

ដែលគេដឹងថារោងចក្រនោះជារោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ម៉ូតូ សម្រាប់ម៉ាករថយន្តល្បីៗ នៅវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែមករា  ដោយអគ្គីភ័យបានឆាបឆេះនៅបរិវេណអគារទី២ ក្នុងចំណោមអគារទាំង៥ ហើយអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាមួយគ្នានោះអាគារបានបាក់ដួលរលំ បណ្តាលឲ្យខូចខាតអស់ទាំងស្រុង។

ទោះជាយ៉ាងណាបន្ទាប់ពីមានហេតុការកើតឡើងអាជ្ញាធរក្នុងតំបន់ Chonburi បានចល័តមន្ត្រីជាង ១០០នាក់ និងរថយន្តពន្លត់អគ្គីភ័យជាង ២០ដើម្បីគ្រប់គ្រងភ្លើងកុំឱ្យឆេះរីករាលដាលបន្តទៀត។

យ៉ាងណាមិញបន្ទាប់ពីការគ្រប់គ្រងភ្លើងបានរួចរាល មិនមានរបាយការណ៍បញ្ជាក់ពីអ្នករងគ្រោះដោយសារអគ្គិសភ័យនេះនោះឡើយទេ ប៉ុន្តែសម្រាប់តម្លៃនៃការខូចខាតត្រូវបានគេប៉ាន់ស្មានថាមាន ប្រហែល ១០០ លានបាត។

ដោយឡែកចំពោះមូលហេតុនៃការឆេះនៅមិនទាន់អាចសន្និដ្ឋានពីមូលហេតុពិតនៅឡើយទេ ដែល តម្រូវឱ្យប៉ូលិសប៉ុស្តិ៍ស៊ើបអង្កេតឱ្យបានស៊ីជម្រៅម្តងទៀត៕ ប្រភព៖ Thairath

 

 

អេស្ប៉ាញបង្ខំក្រុមហ៊ុនផលិតបារីចេញថ្លៃការបោសសម្អាតកន្ទុយបារី

0

ប្រទេសអេស្ប៉ាញ ៖ ក្រុមហ៊ុនផលិតបារីនៅប្រទេសអេស្ប៉ាញ ត្រូវចេញថ្លៃការបោសប្រមូលកន្ទុយបារីជាច្រើនដែលអ្នកជក់បោះចោលផ្តេសផ្តាសជារៀងរាល់ឆ្នាំ ក្រោមការអនុវត្តច្បាប់ថ្មីអំពីបរិយាកាស ច្បាប់ថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃសុក្រ ទី៦ ខែមករា តទៅ ។

វាជាផ្នែកមួយនៃវិធានការកាត់បន្ថយសំរាម រួមទាំងការហាមប្រើប្រាស់កាំបិត ស្លាបព្រា សម និងចានផ្លាស្ទិក (ប្រើតែម្តងបោះចោល) សំឡីត្បារត្រចៀក កែវជ័រ ទុយោជ័រ និងកាត់បន្ថយការវេចខ្ចប់ដោយប្រើផ្លាស្ទិក ។ ច្បាប់នេះ គឺតាមការណែនាំពីសហភាពអឺរ៉ុប ដែលផ្តោតលើការប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោល និងមានគោលដៅធ្វើឱ្យអ្នកបំផ្លាញបរិស្ថានទទួលខុសត្រូវនូវអ្វីដែលខ្លួនធ្វើ ។ ក្រៅពីនេះ អ្នកផលិតបុរីត្រូវផ្តល់ចំណេះដឹងដល់អ្នកជក់ ហាមបោះចោលកន្ទុយបារីនៅទីសាធារណៈ តែនៅមិនទាន់ដឹងថា ការបោសសម្អាតកន្ទុយបារីនឹងអនុវត្តដូចម្តេច ឬមានការបង់ប្រាក់ប៉ុន្មាន ។

តាមការស្រាវជ្រាវមួយនៅ Catalonia របស់អេស្ប៉ាញបញ្ជាក់ថា ការបង់ប្រាក់សម្រាប់ការបោសសម្អាតកន្ទុយបារី គឺចន្លោះពី១២-២១យូរ៉ូក្នុងមនុស្សម្នាក់/១ឆ្នាំ ។

មុននេះ រដ្ឋាភិបាលមានវិធីយកកន្ទុយបារីប្តូរយកប្រាក់ (កន្ទុយបារី១ អាចប្តូរបាន២០សេន) ដែលធ្វើឱ្យតម្លៃបារីបច្ចុប្បន្នជាមធ្យមប្រមាណ៥យូរ៉ូ ។ គេជឿថា ក្រុមហ៊ុនបារីនឹងដំឡើងថ្លៃបារីសម្រាប់អ្នកជក់ វាជាវិធីមួយធ្វើឱ្យពលរដ្ឋឈប់ជក់បារី ។

ទិន្នន័យរដ្ឋាភិបាលឆ្នាំមុនថា មានពលរដ្ឋអេស្ប៉ាញជក់បារីប្រមាណ២២% ខណៈជាមធ្យមពលរដ្ឋជក់បារីនៅ EU ស្មើ១៨,៤% ។ អ្នកជក់បារីមានចំនួនច្រើន ជាពិសេស ក្រុមអ្នកអាយុតិច តែពលរដ្ឋភាគច្រើនយល់ស្របនឹងការរឹតបន្តឹងការជក់បារីតាមទីសាធារណៈ ។

តាមការស្ទង់់មតិរបស់សមាគមវេជ្ជសាស្ត្រឱ្យដឹងថា ៨៥%នៃអ្នកឆ្លើយតបការស្ទង់មតិ បានយល់ស្របចំពោះវិធានការរឹតបន្តឹងនេះ ខណៈ៧២%គាំទ្រការហាមជក់បារីនៅផ្នែកខាងក្រៅបារ ឬហាងបាយ ។ កន្ទុយបារី គឺជាបញ្ហាមួយនៃការចោលសំរាមផ្តេសផ្តាស ពិភពលោកបានជួបបញ្ហាច្រើនបំផុត ដោយកន្ទុយបារីនីមួយៗប្រើពេលប្រមាណ១០ឆ្នាំទើបរលាយ ហើយបញ្ចេញជាតិពុលផងដែរ ។ អេស្ប៉ាញបានប្រកាសឱ្យឆ្នេរ៥០០កន្លែង គឺជាទីធ្លាគ្មានការជក់បារី ដើម្បីបន្ថយចំនួនកន្ទុយបារីធ្លាក់ចូលសមុទ្រ និងលើកកម្ពស់អនាម័យ ៕

លោកស្រី ទ្រី ដាណា ប្រកាសតតាំងតាមផ្លូវច្បាប់ជាមួយក្រុមហ៊ុនទេសចរណ៍មួយ ក្រោយពីធ្វើបែបនេះដាក់ក្រុមគ្រួសារលោកស្រី

0

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានប្រតិកម្មបញ្ចេញអារម្មណ៍ពិតពាក់ព័ន្ធនឹង​ក្រុមហ៊ុនទេសចរណ៍ ធូវើដ៍ ត្រាវែល (2World Travel Cambodia) ដោយបានបម្រើសេវាកម្មមិនល្អ មិនសមរម្យចំពោះតម្លៃដំណើរកំសាន្ដដែលលោកស្រី ទ្រី ដាណា បានជ្រើសរើសធ្វើដំណើរកំសាន្តកាលពីចុងឆ្នាំកន្លងទៅនេះ ដោយលោកស្រីបានព្រមានធ្វើការប្ដឹងផ្ដល់យកប្រាក់ដែលចំនាយយកមកវិញដើម្បីធ្វើជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាជាដាច់ខាត បើនៅតែមិនបានទៀតនោះលោកស្រីនឹងបន្តចាត់ការតាមផ្លូវច្បាប់។

ជាក់ស្ដែងលោកស្រីបានបង្ហោះសារយ៉ាងវែងអន្លាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកស្រីដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងរកយុត្តិធម៍តាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia ដែលបានរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំ ប្រើពាក្យសម្ដីគ្មានការទទួលខុសត្រូវ មើលងាយខ្ញុំ ហើយបើខ្ញុំឈ្នះក្តីនេះ ថវិកាដែលឈ្នះក្តីខ្ញុំយកចូល មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហើយខ្ញុំនឹងបន្ថែមថវិកាពីលើនោះទៀត! ថវិកា 10760$ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់ ខ្ញុំមិនស្ដាយទេ តែស្ដាយពេលវេលា និងអាណិតកូនៗ ហើយរឹតតែមិនអាចទទួលយកបាន គឺការគ្មានទំនួលខុសត្រូវ និងមើលងាយមកលើនាងខ្ញុំ!

នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។ ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។

នៅពេលទំនាក់ទំនងទៅសួរព័ត៍មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៍ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។ នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ?

ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។
ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់!

ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!»

 

ជិះទូកកម្សាន្តសុខៗស្រាប់តែក្រឡាប់កណ្ដាលសមុទ្រពន្លិចអ្នកទេសចររាប់សិបនាក់នៅកោះបាលី

0

បរទេស៖ អ្នកទេសចរជាច្រើននាក់បានគេចពីសេចក្តីស្លាប់ បន្ទាប់ពីទូកទេសចរណ៍ល្បឿនលឿនមួយគ្រឿងនៅ កោះបាលីប្រទេសឥណ្ឌូណេស៊ី បានជួបនឹងខ្យល់បក់ខ្លាំង បណ្តាលឱ្យទូកក្រឡាប់លិចនៅកណ្តាល សមុទ្រ។

នាថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍បានឱ្យដឹងថាមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយមានទូកល្បឿនលឿនមួយគ្រឿងកំពុងធ្វើដំណើរដឹកអ្នកដំណើរចំនួន២៨នាក់ពីកោះ Noosa  Penida ទៅកោះ Sanur ក្នុងកោះបាលី ស្រាប់តែទូកនេះបានជួបនឹងរលកដ៏ខ្លាំងៗ និងខ្យល់បក់បោក រហូតចាប់ផ្តើមបាត់បង់លំនឹង ហើយបានលិចបន្តិចម្តងៗចូលទៅក្នុងទឹក។

ហេតុការណ៍នេះផងដែរបានបង្កឱ្យភ្ញៀវទេសចរមានការភ័យស្លន់ស្លោ ប៉ុន្តែនៅតែរាប់ថាសំណាងល្អ ដែលគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ និងបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះឡើយ ព្រោះមានទូកនៅ ក្បែរជួយភ្ញៀវទេសចរទាំងនោះទាន់ពេលវេលា ហើយពួកគេបានប្រញាប់ពាក់ពងការពារ និងលោតចេញពីទូកជាបន្តបន្ទាប់ ខណៈទូកលិចបណ្តើរៗ។

ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុអាជ្ញាធរកំពុងស៊ើបអង្កេតថាតើហេតុអ្វីបានជាទូកចេញទៅសមុទ្រ ក្នុងពេលអាកាសធាតុអាក្រក់បែបនេះ? ដោយសារតែភាគរយមានហានិភ័យនៃគ្រោះថ្នាក់ជាមួយភ្ញៀវទេសចរ ក្នុងទូកល្បឿនលឿនមានភាគច្រើន រវាងការធ្វើដំណើរទៅកាន់នីមួយ។

គួរបញ្ជាក់ថាទីភ្នាក់ងារអាកាសធាតុក្នុងតំបន់ក៏ បានចេញការព្រមានពី អាកាសធាតុធ្ងន់ធ្ងរចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃ ទី ៤ ខែមករា ហើយកំពុងបន្តការព្រមានដល់ល្ងាចថ្ងៃទី ៥ ខែមករាផងដែរ  ខណៈពេលដែលអ្នកដំណើរ ធ្វើដំណើរឆ្លងកាត់កោះត្រូវបានណែនាំដោយមន្ត្រីកំពង់ផែឱ្យធ្វើដំណើរតាមសាឡាង ជាជាងដោយទូកទូកល្បឿនលឿនដើម្បីជាសុវត្ថិភាព៕ ប្រភព៖ Thairath