ប្រទេសថៃ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងនៅ តំបន់ Bang Lamung ក្នុងប្រទេសថៃ ខូចខាតទាំងស្រុង ខណៈបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវដើម្បីពន្លឿនរក មូលហេតុនៃឧបទ្ទវហេតុ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានពីករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរោងចក្ររបស់ក្រុមហ៊ុន ស៊ូប៉ាវ អ៊ិនធេដ ខូអិលធីឌី ផ្ទះលេខ ៤៤/២ ភូមិ ៨ ឃុំផុង ស្រុកបាងឡាំង ខេត្តឈុនបុរី។

ដែលគេដឹងថារោងចក្រនោះជារោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ម៉ូតូ សម្រាប់ម៉ាករថយន្តល្បីៗ នៅវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៦ ខែមករា  ដោយអគ្គីភ័យបានឆាបឆេះនៅបរិវេណអគារទី២ ក្នុងចំណោមអគារទាំង៥ ហើយអណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ជាមួយគ្នានោះអាគារបានបាក់ដួលរលំ បណ្តាលឲ្យខូចខាតអស់ទាំងស្រុង។

ទោះជាយ៉ាងណាបន្ទាប់ពីមានហេតុការកើតឡើងអាជ្ញាធរក្នុងតំបន់ Chonburi បានចល័តមន្ត្រីជាង ១០០នាក់ និងរថយន្តពន្លត់អគ្គីភ័យជាង ២០ដើម្បីគ្រប់គ្រងភ្លើងកុំឱ្យឆេះរីករាលដាលបន្តទៀត។

យ៉ាងណាមិញបន្ទាប់ពីការគ្រប់គ្រងភ្លើងបានរួចរាល មិនមានរបាយការណ៍បញ្ជាក់ពីអ្នករងគ្រោះដោយសារអគ្គិសភ័យនេះនោះឡើយទេ ប៉ុន្តែសម្រាប់តម្លៃនៃការខូចខាតត្រូវបានគេប៉ាន់ស្មានថាមាន ប្រហែល ១០០ លានបាត។

ដោយឡែកចំពោះមូលហេតុនៃការឆេះនៅមិនទាន់អាចសន្និដ្ឋានពីមូលហេតុពិតនៅឡើយទេ ដែល តម្រូវឱ្យប៉ូលិសប៉ុស្តិ៍ស៊ើបអង្កេតឱ្យបានស៊ីជម្រៅម្តងទៀត៕ ប្រភព៖ Thairath