ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បារម្ភពីពលរដ្ឋថៃរស់នៅខេត្តភាគត្បូង ដោយលោកបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រៀមចាត់វិធានការតំបន់ណាដែលមានទឹកជំនន់ភ្លាមៗ ឬទឹកហូរពីព្រៃភ្នំ ចន្លោះពីថ្ងៃទី៦-១១ ខែមករា ។ ស្ថាប័នទាំងនេះត្រូវជូនដំណឹងជាមុន និងជម្លៀសពលរដ្ឋចេញ ។
លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ បានថ្លែងកាលពីថ្ងៃទី៥ ខែមករាថា ដោយមានការព្យាករអាកាសធាតុរបស់ឧតុនិយមថា មានសម្ពាធអាកាសទាបក្នុងបរិវេណសមុទ្រចិនខាងត្បូង ទើបធ្វើឱ្យថ្ងៃទី៦-៨ ខែមករា ខេត្តភាគខាងត្បូងមានភ្លៀងធ្លាក់ច្រើន និងខ្លាំងតាមតំបន់ ។ លោកបន្ថែមថា ហេតុនេះទើបនាយករដ្ឋមន្ត្រីបញ្ជាក់ហើយបញ្ជាក់ទៀតដល់គ្រប់ស្ថាប័នទាំងអស់ និងអភិបាលខេត្តនានាត្រៀមខ្លួន និងប្រយ័ត្នចំពោះស្ថានការណ៍ទឹកជំនន់ ជាពិសេស កម្រិតទឹកដែលកើនឡើងយ៉ាងរហ័ស ។
ក្រៅពីនេះ លោកប្រាយុទ្ធ បានជំរុញឱ្យប្រយ័ត្នផងដែរចំពោះអាងស្តុកទឹកទំហំធំដែលបរិមាណទឹកនឹងកើនឡើង រួមទាំងអាងស្តុកទឹកទំហំកណ្តាល និងទំហំតូច ដើម្បីចៀសវាងផលប៉ះពាល់ ឬប៉ះពាល់តិចបំផុតដល់ពលរដ្ឋ និងអ្នកប្រមុខមុខរបរតាមតំបន់ឆ្នេរតាំងពីខេត្តនគររាជសីម៉ា ដល់ខេត្តណារ៉ាធីវ៉ាត់ ។ លោកថា ត្រូវជួយជម្លៀសពលរដ្ឋក្នុងតំបន់ភ្លាមៗ ការពារកុំឱ្យស្លាប់បាត់បង់ជីវិត និងខូចទ្រព្យសម្បត្តិរបស់ពួកគាត់ ។
សម្រាប់ការត្រៀមខ្លួនរបស់ស្ថាប័នពាក់ព័ន្ធ ដែលលោកប្រាយុទ្ធ ផ្តល់ភាពសំខាន់នោះ ដូចជា ការតាមដានអាកាសធាតុ និងទឹកជាបន្តបន្ទាប់ ជាពិសេស តំបន់មានភ្លៀងធ្លាក់ច្រើនជាង៩០មីលីម៉ែត្រក្នុងពេល២៤ម៉ោង និងតំបន់ធ្លាប់ជួបទឹកជំនន់ជាប្រចាំ ។ លើសពីនេះ ត្រូវគ្រប់គ្រងអាងស្តុកទឹកទំហំធំ ទំហំកណ្តាល ទំហំតូច ព្រមទាំងទ្វារទឹក ការពារប្រភពទឹកពីលើដល់ក្រោម ឥទ្ធិពលឡើងចុះនៃទឹកសមុទ្រ បំបាត់អ្វីរារាំងផ្លូវទឹក ត្រៀមឧបករណ៍ និងប្រព័ន្ធទំនាក់ទំនង ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ។ សំខាន់ គឺប្រកាសពីស្ថានការណ៍ទឹកជំនន់ និងដាស់តឿនដល់ពលរដ្ឋដែលគិតថា ពួកគេនឹងរងគ្រោះឱ្យបានដឹងជាមុន ៕