ប្រទេសអេស្ប៉ាញ ៖ ក្រុមហ៊ុនផលិតបារីនៅប្រទេសអេស្ប៉ាញ ត្រូវចេញថ្លៃការបោសប្រមូលកន្ទុយបារីជាច្រើនដែលអ្នកជក់បោះចោលផ្តេសផ្តាសជារៀងរាល់ឆ្នាំ ក្រោមការអនុវត្តច្បាប់ថ្មីអំពីបរិយាកាស ច្បាប់ថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃសុក្រ ទី៦ ខែមករា តទៅ ។

វាជាផ្នែកមួយនៃវិធានការកាត់បន្ថយសំរាម រួមទាំងការហាមប្រើប្រាស់កាំបិត ស្លាបព្រា សម និងចានផ្លាស្ទិក (ប្រើតែម្តងបោះចោល) សំឡីត្បារត្រចៀក កែវជ័រ ទុយោជ័រ និងកាត់បន្ថយការវេចខ្ចប់ដោយប្រើផ្លាស្ទិក ។ ច្បាប់នេះ គឺតាមការណែនាំពីសហភាពអឺរ៉ុប ដែលផ្តោតលើការប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោល និងមានគោលដៅធ្វើឱ្យអ្នកបំផ្លាញបរិស្ថានទទួលខុសត្រូវនូវអ្វីដែលខ្លួនធ្វើ ។ ក្រៅពីនេះ អ្នកផលិតបុរីត្រូវផ្តល់ចំណេះដឹងដល់អ្នកជក់ ហាមបោះចោលកន្ទុយបារីនៅទីសាធារណៈ តែនៅមិនទាន់ដឹងថា ការបោសសម្អាតកន្ទុយបារីនឹងអនុវត្តដូចម្តេច ឬមានការបង់ប្រាក់ប៉ុន្មាន ។

តាមការស្រាវជ្រាវមួយនៅ Catalonia របស់អេស្ប៉ាញបញ្ជាក់ថា ការបង់ប្រាក់សម្រាប់ការបោសសម្អាតកន្ទុយបារី គឺចន្លោះពី១២-២១យូរ៉ូក្នុងមនុស្សម្នាក់/១ឆ្នាំ ។

មុននេះ រដ្ឋាភិបាលមានវិធីយកកន្ទុយបារីប្តូរយកប្រាក់ (កន្ទុយបារី១ អាចប្តូរបាន២០សេន) ដែលធ្វើឱ្យតម្លៃបារីបច្ចុប្បន្នជាមធ្យមប្រមាណ៥យូរ៉ូ ។ គេជឿថា ក្រុមហ៊ុនបារីនឹងដំឡើងថ្លៃបារីសម្រាប់អ្នកជក់ វាជាវិធីមួយធ្វើឱ្យពលរដ្ឋឈប់ជក់បារី ។

ទិន្នន័យរដ្ឋាភិបាលឆ្នាំមុនថា មានពលរដ្ឋអេស្ប៉ាញជក់បារីប្រមាណ២២% ខណៈជាមធ្យមពលរដ្ឋជក់បារីនៅ EU ស្មើ១៨,៤% ។ អ្នកជក់បារីមានចំនួនច្រើន ជាពិសេស ក្រុមអ្នកអាយុតិច តែពលរដ្ឋភាគច្រើនយល់ស្របនឹងការរឹតបន្តឹងការជក់បារីតាមទីសាធារណៈ ។

តាមការស្ទង់់មតិរបស់សមាគមវេជ្ជសាស្ត្រឱ្យដឹងថា ៨៥%នៃអ្នកឆ្លើយតបការស្ទង់មតិ បានយល់ស្របចំពោះវិធានការរឹតបន្តឹងនេះ ខណៈ៧២%គាំទ្រការហាមជក់បារីនៅផ្នែកខាងក្រៅបារ ឬហាងបាយ ។ កន្ទុយបារី គឺជាបញ្ហាមួយនៃការចោលសំរាមផ្តេសផ្តាស ពិភពលោកបានជួបបញ្ហាច្រើនបំផុត ដោយកន្ទុយបារីនីមួយៗប្រើពេលប្រមាណ១០ឆ្នាំទើបរលាយ ហើយបញ្ចេញជាតិពុលផងដែរ ។ អេស្ប៉ាញបានប្រកាសឱ្យឆ្នេរ៥០០កន្លែង គឺជាទីធ្លាគ្មានការជក់បារី ដើម្បីបន្ថយចំនួនកន្ទុយបារីធ្លាក់ចូលសមុទ្រ និងលើកកម្ពស់អនាម័យ ៕