មេដឹកនាំគណបក្សកាវក្លៃមានទំនុកចិត្តលើការបង្កើតរដ្ឋាភិបាល
ប្រទេសថៃ ៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីលោកបញ្ចប់ការប្រជុំពិភាក្សា និងចូលរួមទទួលទានអាហារជាមួយមេដឹកនាំគណបក្សនយោបាយចំនួន៥ ថា ការប្រជុំពិភាក្សានៅថ្ងៃទី១៧ ខែឧសភា មានគោលជំហរច្បាស់លាស់មួយ ហើយលោកពេញចិត្តក្នុងការជជែកពិភាក្សាគ្នានេះ ។ ចំណែកបរិយាកាសការប្រជុំវិញដំណើរការទៅដោយរលូន ហើយវាបង្ហាញពីភាពច្បាស់លាស់ក្នុងការចូលរួមបង្កើតរដ្ឋាភិបាល ។
ចំណែកការបារម្ភអំពីស្ថិរភាពរបស់រដ្ឋាភិបាល លោក Pita Limjaroenrat លើកឡើងថា សូមឱ្យមានទំនុកចិត្តលើការឯកភាពគ្នារបស់គណបក្សផ្សេងៗ និងភាពច្បាស់លាស់ក្នុងការបំពេញការងារនេះ ។ លោកបន្តថា សូមឱ្យពលរដ្ឋទាំងអស់សប្បាយចិត្ត ហើយគ្មានអ្វីដែលពលរដ្ឋត្រូវបារម្ហនោះទេ ដោយលោកនឹងព្យាយាមធ្វើឱ្យមានស្ថិរភាពខ្ពស់ក្នុងការដឹកនាំប្រទេស និងឆាប់រហ័សបំផុត ។ រីឯភាគីមួយចំនួនបារម្ភពីហេតុការណ៍នយោបាយមិនល្អផ្សេងៗ លោកសូមបញ្ជាក់ថា គ្មានទេ ។
ក្រៅពីនេះ លោក Pita Limjaroenrat បានបង្ហោះរូបភាព ព្រមទាំងខ្លឹមសារនៅក្នុង Instagram របស់លោកថា ៖ «ការបង្កើតរដ្ឋាភិបាលរបស់ខ្ញុំ គឺមានការឯកភាពគ្នា ច្បាស់លាស់ និងមានផែនការជាក់ស្តែង ។ សូមឱ្យពលរដ្ឋទាំងអស់ សង្គមស៊ីវិល ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនសប្បាយចិត្តសម្រាប់ស្ថិរភាព និងសក្តានុពលរបស់ប្រទេសថៃ» ។
ចំណែកលោក Chonnan Srikaew មកពីគណបក្សភឿថៃ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មាន២គណបក្សទៀតនឹងចូលរួមបង្កើតរដ្ឋាភិបាល គឺគណបក្សផ្លាំងសាំងឃុមម៉ៃ ចំនួន១អាសនៈ និងគណបក្សភឿថៃរួមផ្លាំង ចំនួន២អាសនៈ ។ គណបក្សទាំងពីរនេះបានទំនាក់ទំនងផ្ទាល់ទៅកាន់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ដើម្បីសុំចូលរួមបង្កើតរដ្ឋាភិបាល ដែលធ្វើឱ្យពេលនេះ មានគណបក្សនយោបាយចូលរួមបង្កើតរដ្ឋាភិបាលចំនួន៨គណបក្ស និងមាន៣១៣អាសនៈ ៕ ប្រភព ៖ Mono News
ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
សៀមរាប កម្ពុជា ១១ ឧសភា ២០២៣៖
ចាប់តាំងពីឆ្នាំ ២០១៣ មកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ជាន់ថ្នាក់ ពុទ្ធបរិស័ទ បណ្តាស្ថាប័ន និងក្រុមហ៊ុននានា រួមទាំងក្រុមប្រឹក្សាភិបាល ក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ បានមូលមតិគ្នាជាឯកច្ឆន្ទនឹងប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១០ នៅថ្ងៃ ថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដោយឯកទេស និងទូទៅ ដល់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដូចដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទទាំងអស់បានជ្រាបរួចមកហើយថា មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ ជាងនេះទៅទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាព
មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
កិច្ចការដ៏សំខាន់ និងចាំបាច់ទាំងអស់ខាងលើនេះ រួមជាមួយនឹងកិច្ចការអភិវឌ្ឍនូវគុណភាពនៃការព្យាបាល និងថែទាំជាច្រើនទៀត អាចប្រព្រឹត្តិទៅបានអាស្រ័យមានការឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាសម្រាប់ដំណើរការប្រតិបត្តិរបស់ខ្លួនពី ៥ ទៅ ៦ លានដុល្លារអាមេរិក ហើយថវិកាទាំងនោះប្រមាណជា ៧៥% បានមកពីសប្បុរជននៅក្រៅប្រទេស និង ២៥% បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពី ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។ ចាប់តាំងពីឆ្នាំទី ១ មកដល់ឆ្នាំទី៩ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ បានប្រមូលថវិកាសរុបចំនួនជិត ៩ សែនដុល្លារអាមេរិក និងឆ្នាំនេះ ម្ចាស់ផ្តើមបុណ្យទាំងអស់ គ្រោងនឹងប្រមូលជំនួយថវិកាឲ្យបានយ៉ាងច្រើនតាមការដែលអាចធ្វើបាន សម្រាប់ជួយទ្រទ្រង់ឲ្យមន្ទីរពេទ្យកុមារអង្គរ នៅតែអាចបន្តបេសកកម្មរបស់ខ្លួនឲ្យបានយូរអង្វែងទៅមុខទៀត។
អ្វីដែលប្លែកជាងឆ្នាំមុនៗ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី ១០ នេះគឺ មានការដង្ហែរអង្គផ្កាប្រាក់ធ្វើឡើងដោយបណ្តាស្ថាប័ននានា ក្រុមហ៊ុនឧបត្ថម្ភពិធីបុណ្យ និងសប្បុរសជនមួយចំនួន អមដោយភ្លេងឆៃយ៉ាំ នៅក្នុងក្រុងសៀមរាបដោយចាប់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ឆ្ពោះទៅកាន់វត្តរាជបូណ៌ ដោយកាត់តាមផ្សារចាស់ និងតាមផ្លូវមាត់ស្ទឹង ដើម្បីញ៉ាំងឲ្យមានការផ្សព្វផ្សាយ និងធ្វើឲ្យពិធីបុណ្យកាន់តែអធិកអធម។ ពេលទៅដល់វត្តរាជបូណ៌ ពិធីនឹងចាប់ផ្តើមដោយមានសេចក្តីរាយការណ៍អំពីមន្ទីរពេទ្យ របស់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យកុមារអង្គរ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ការសម្តែងព្រះធម៌ទេសនាដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងព្រះសង្ឃល្បីៗជាច្រើនអង្គ ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសលទ្ធផលបឋមនៃថវិកាដែលទទួលបានជាកិច្ចបញ្ចប់ពិធីបុណ្យ។
នេះជាដំណឹងមួយ ដើម្បីនិមន្តព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជាការគោរពអញ្ជើញសម្តេច ទ្រង់ អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសទាំងអស់ឲ្យចូលរួមពិធីបុណ្យឲ្យបានច្រើនកុះករ ព្រមទាំងចាប់មគ្គផលបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារកម្ពុជា។សប្បុរសជនជិតឆ្ងាយក៏អាចចូលរួមបរិច្ចាគបច្ច័យតាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនី វីង ដែលមានមុខងារនៅក្នុង Wing Bank App ឬតាមរយៈភ្នាក់ងារ វីង ដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។
ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖
-
- ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)
ឬភ្នាក់ងារ វីង៖ លេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ) - ធនាគារ អេប៊ីអេ (ABA): 000 320 555
- ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
- ធនាគារ ហត្ថា (HATTHA)៖ 168 000 384 857
- ធនាគារ ស្ថាបនា (Sathapana): 07808082834100102
- ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)

ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ
ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖
អ្នកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍ នៃមន្ទីរពេទ្យកុមារអង្គរ
events@angkorhospital.org or 098 / 017 725 745
គណបក្សភូមិចៃថៃប្រកាសមិនគាំទ្រនាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ
ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែឧសភា គណបក្សភូមិចៃថៃបានចេញសេចក្តីថ្លែងការណ៍មួយមិនគាំទ្រនាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ ដោយសារគណបក្សនេះមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ។ ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សភូមិចៃថៃសូមជម្រាបថា គោលជំហររបស់គណបក្សភូមិចៃថៃ គឺមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សនយោបាយណាដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទេ ។ នេះជាគោលជំហររបស់គណបក្សភូមិចៃថៃ ដែលមេដឹកនាំគណបក្សនេះធ្លាប់បានថ្លែងទៅកាន់មហាជនកាលពីពេលកន្លងមក ។
គោលជំហរចម្បងរបស់គណបក្សភូមិចៃថៃ គឺមិនអាចផ្លាស់ប្តូរ ឬទាមទារបានទេ ។ ហេតុនេះ គណបក្សភូមិចៃថៃមិនគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទេ ។ ការអំពាវនាវ ការគំរាមកំហែង និងដាក់សម្ពាធមកលើគណបក្សភូមិចៃថៃឱ្យគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនយោបាយ ដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ នឹងមិនអាចធ្វើឱ្យគណបក្សភូមិចៃថៃ និងសមាជិករបស់គណបក្សផ្លាស់ប្តូរគោលជំហរបានទេ ។
ហេតុនេះ បើការបង្កើតរដ្ឋាភិបាលដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ ទទួលជោគជ័យនោះ គណបក្សភូមិចៃថៃនឹងធ្វើជាគណបក្សប្រឆាំងដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលសម្រាប់ជាផលប្រយោជន៍របស់ពលរដ្ឋ និងការពារស្ថាប័នសំខាន់របស់ជាតិឱ្យអស់ពីសមត្ថភាព ។
គណបក្សភូមិចៃថៃសូមអំពាវនាវឱ្យគណបក្សមានសំឡេងគាំទ្រច្រើន គោរព និងស្តាប់គណបក្សមានសំឡេងគាំទ្រតិចទៅតាមគោលការណ៍ប្រជាធិបតេយ្យ មិនមែនគំរាមកំហែង និងដាក់សម្ពាធឱ្យធ្វើតាមតម្រូវការរបស់គណបក្សមានសំឡេងគាំទ្រច្រើនទេ ។ គណបក្សសូមអំពាវនាវឱ្យគណបក្សនយោបាយ និងសមាជិកគណបក្ស ដែលដាក់សម្ពាធឱ្យគណបក្សភូមិចៃថៃគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្ស ដែលមានគោលនយោបាយធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ បានបង្ហាញពីគោលជំហរការធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ របស់គណបក្សលោកឱ្យពលរដ្ឋថៃដឹងផង ។
គណបក្សភូមិចៃថៃបញ្ជាក់ថា ខ្លួនជាគណបក្សនយោបាយសំខាន់មួយដែលបំពេញតួនាទីការពារស្ថាប័នសំខាន់របស់ជាតិ ។ ដូច្នេះ គណបក្សភូមិចៃថៃនឹងបំពេញតួនាទីនេះសម្រាប់ពលរដ្ឋទាំងអស់ មិនថាគណបក្សភូមិចៃថៃនឹងស្ថិតក្នុងឋានៈអ្វីក៏ដោយ ៕ ប្រភព ៖ Thairath
ប្រាក់យន់ធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៥ ខែធៀបនឹងប្រាក់ដុល្លារ
បរទេស៖ កាលពីថ្ងៃទី១៧ ខែឧសភា តម្លៃប្រាក់យន់នៅក្នុងទីផ្សារអន្តរជាតិបានធ្លាក់ចុះ ០.២% ធៀបនឹង USD ដែលនេះជាតម្លៃទាបបំផុតក្នុងរយៈពេល ៥ ខែចុងក្រោយនេះ ដោយសារតែទិន្នន័យសេដ្ឋកិច្ចចិនមិនសូវមានសុទិដ្ឋិនិយមក្នុងសប្តាហ៍នេះ។
សរុបចាប់តាំងពីដើមឆ្នាំមក ប្រាក់យន់បានធ្លាក់ចុះ ១.២% ដូច្នោះហើយក្នុង ១ដុល្លារស្មើនឹង ៧ យន់។ ប៉ុន្តែនៅក្នុងទីផ្សារប្រទេសចិន តម្លៃនៃរូបិយប័ណ្ណនៅថ្ងៃទី១៧ ខែឧសភា នេះក៏បានធ្លាក់ចុះ ០.២% មកនៅត្រឹមជាង ៦ យន់ក្នុងមួយដុល្លារវិញ។
រូបិយប័ណ្ណរបស់ប្រទេសចិនបានធ្លាក់ចុះដោយសារតែ ទិន្នន័យខែមេសា ជាបន្តបន្ទាប់ ដូចជាទិន្នផលរោងចក្រ ការលក់រាយ ការវិនិយោគលើទ្រព្យសកម្មថេរបានកើនឡើងយឺតជាងការរំពឹងទុក។ ក្រៅពីនេះ ប្រាក់យន់ក៏មានទំនោរធ្លាក់ចុះក្នុងត្រីមាសនេះផងដែរ ដោយសារលំហូរមូលធនចាកចេញ ហើយប្រជាជនធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើង។
កាលពីខែមីនា អភិបាលធនាគារកណ្តាលនៃប្រទេសចិន PBOC លោក Yi Gang បាននិយាយថា ៧ យន់ក្នុងមួយដុល្លារមិនមែនជាឧបសគ្គផ្លូវចិត្តសម្រាប់រូបិយប័ណ្ណទៀតទេ។ ហេតុផលគឺដោយសារយន្តការអត្រាប្តូរប្រាក់កាន់តែមានភាពបត់បែន ហើយការប្រែប្រួលមិនមែនជាបញ្ហាធំសម្រាប់អាជីវកម្ម ឬគ្រួសារនោះទេ។ កាលពីខែមេសា លោកបាននិយាយថា ប្រទេសចិនបានបញ្ឈប់ការជ្រៀតជ្រែកក្នុងទីផ្សាររូបិយប័ណ្ណ។ ប្រសិនបើតម្លៃនៃរូបិយប័ណ្ណនេះធ្លាក់ចុះទាបពេក PBOC ក៏មានវិធីជាច្រើនដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះផងដែរ៕
ប្រភព៖vnexpress
ទឹកត្រូវបានរកឃើញនៅជុំវិញផ្កាយដុះកន្ទុយ
បរទេស៖ កែវយឺតអវកាស James Webb បានរកឃើញចំហាយទឹកជុំវិញផ្កាយដុះកន្ទុយដ៏កម្រមួយនៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយរវាងភពព្រហស្បតិ៍ និងភពអង្គារ។
យោងតាម Space នៅថ្ងៃទី ១៦ ខែឧសភា បានរកឃើញរបកគំហើញថ្មី ដែលជារបកគំហើញបែបវិទ្យាសាស្ត្រ ដោយកែវយឺតអវកាស James Webb បានសម្គាល់ឧស្ម័នជាលើកដំបូង ក្នុងករណីនេះ ចំហាយទឹកត្រូវបានរកឃើញជុំវិញផ្កាយដុះកន្ទុយ ២៣៨P/Read។ នេះគឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាអាចបង្ហាញថាទឹកនៅក្នុងប្រព័ន្ធព្រះអាទិត្យដំបូងត្រូវបានរក្សាទុកជាទឹកកកនៅក្នុងខ្សែក្រវ៉ាត់អាចម៍ផ្កាយដ៏សំខាន់។
ការរកឃើញនៃចំហាយទឹកនៅជុំវិញផ្កាយដុះកន្ទុយ ២៣៨P/Read មានទីតាំងនៅខ្សែក្រវាត់អាចម៍ផ្កាយសំខាន់នៃប្រព័ន្ធព្រះអាទិត្យ ជួយគាំទ្រទ្រឹស្តីដែលថាទឹកគឺជាធាតុផ្សំសំខាន់នៃជីវិតត្រូវបានដឹកដោយផ្កាយដុះកន្ទុយពីអវកាសមកផែនដី។
លោក Stefanie Milam សហអ្នកនិពន្ធនៃការស្រាវជ្រាវបាននិយាយថា យើងមិនប្រាកដទេថា តើទឹកនេះកើតមកដោយរបៀបណា” ។ ការយល់ដឹងអំពីប្រវត្តិនៃការចែកចាយទឹកនៅក្នុងប្រព័ន្ធព្រះអាទិត្យនឹងជួយ យើងយល់ពីប្រព័ន្ធភពផ្សេងទៀត ហើយវាយតម្លៃថាតើវាអាចមានភពដូចផែនដីដែរឬអត់?![]()
បន្ទាប់មក ក្រុមការងារមានគោលបំណងសង្កេតមើលផ្កាយដុះកន្ទុយ ២៣៨P/Read ដើម្បីរកមើលថាតើមានផ្កាយដុះកន្ទុយកម្រណាខ្លះដែលស្រដៀងគ្នា ហើយមានសមាសភាពដូចគ្នាដែរឬទេ។ ដើម្បីធ្វើដូច្នេះបាន ពួកគេទំនងជានឹងពិនិត្យមើលកាន់តែដិតដល់ជាមួយកែវយឺតអវកាស James Webb និងកែវយឺតផ្សេងទៀត ហើយពឹងផ្អែកលើកប៉ាល់ដើម្បីប្រមូលគំរូពីផ្កាយដុះកន្ទុយស្រាវជ្រាវបន្តទៀត៕![]()
ប្រភព៖vnexpress
មកចេះ Forward សារនៅក្នុង Telegram ដោយមិនជាប់ឈ្មោះម្ចាស់ដើម
ជាធម្មតាការផ្ញើសារត (Forward) អ្វីមួយ ទៅអោយអ្នកដ៏ទៃ តែងតែជាប់ឈ្មោះម្ចាស់ដើមជានិច្ច។ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំ នឹងណែនាំវិធីសាស្ត្រងាយៗក្នុងការធ្វើការផ្ញើរសារបន្តពីនរណាម្នាក់ដោយមិនជាប់ឈ្មោះម្ចាស់ដើម។
- ដំបូងលោកអ្នកចូលទៅកាន់តេឡេក្រាម
- ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត (Forward)
- ក្រោយមករើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត (Forward)
- បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត (Forward Message)
- ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេច
កីឡាការិនីកម្ពុជា ប៉ាល់ ឆរស្ម៊ី និងកីឡាការិនីសិង្ហបុរីម្នាក់ ក្លាយជាអត្តលិកឆ្នើមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
នៅក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រកាសឱ្យដឹងថា កីឡាការិនី២រូបរួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី របស់កម្ពុជា និងកីឡាការិនី Ting Wn Quah របស់សិង្ហបុរី ក្លាយជាអត្តពលិកឆ្នើម ដែលអាចរកមេដាយច្រើនជាងគេជូនជាតិមាតុភូមិ។
កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយសរុបចំនួន៦គ្រឿងតែម្នាក់ឯងរួមមាន៖ មាស ៤គ្រឿង, ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង។ ចំណែកឯ កីឡាការិនីហែលទឹកសិង្ហបុរី Ting Wn Quah វិញបានឈ្នះមេដាយសរុបចំនួន៨គ្រឿង ក្នុងនោះ មេដាយមាស ៦គ្រឿង និងប្រាក់ ២គ្រឿង។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ផ្តល់កិត្តិយសប្រគល់ពាន ជូនកីឡាការិនីទាំងពីររូបផងដែរ នៅក្នុងពិធីបិទកីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតតេជោកាលពីយប់មិញនេះ។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះទទួលមានមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង ខណៈប្រទេសវៀតណាមបានឈរនៅលេខរៀងទី១ ដែលទទួលបានមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ៕
កម្ពុជាបិទការប្រកួតកីឡាស៊ីហ្គេម និងប្រគល់តួនាទីឱ្យថៃធ្វើជាម្ចាស់ផ្ទះបន្ត
ប្រទេសកម្ពុជា ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយបើកការប្រកួតតាំងពីថ្ងៃទី៥ ខែឧសភា និងបានបិទការប្រកួតជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ បានប្រគល់ទង់តំណាងម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមទៅឱ្យមន្ត្រីតំណាងប្រទេសថៃ លោក Prawit Wongsuwan ជាប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ ។
ការទទួលទង់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនេះ ក៏មានមន្ត្រីសំខាន់ៗរបស់ថៃផងដែរ ដូចជា លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ, លោក Chatchart Sittipunt អភិបាលក្រុងបាងកក, លោក Niti Wiwatwanich អភិបាលរងខេត្តឈុនបុរី, លោក Jetsada Jitrat អភិបាលខេត្តសុងក្លា រួមទាំងលោក Prachum Boonthiam អភិបាលរងអាជ្ញាធរកីឡាថៃ ។
ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមនេះ ប្រទេសកម្ពុជាបានសម្តែងនូវសិល្បៈប្រពៃណីរបស់ខ្លួន ដើម្បីអបអរដល់ការបញ្ចប់តួនាទីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅលើទឹកដីកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងមានមោទនភាព និងទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ។ ចំណែកប្រទេសថៃវិញបានសម្តែងរបាំឈ្មោះ «សួស្តី ស៊ីហ្គេម» ព្រមទាំងបានទទួលទង់តំណាងពីកម្ពុជាផងដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥ ។
ប្រទេសថៃបានសម្រេចជ្រើសរើសយកទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងខ្លា សម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ហើយខេត្តនគរាជសីមា នឹងក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (Asean Para Games) លើកទី១៣ ធ្វើចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ៕ ប្រភព ៖ khaosod
អង់គ្លេស បបួលហូល្លង់ដ៍ បង្កើតក្រុមចម្រុះអន្ដរជាតិ ផ្ដល់យន្ដហោះ F-16 ទៅឲ្យអ៊ុយក្រែន
រដ្ឋធានីកៀវ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុងកៀវ រំពឹង ថា នឹងទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក ពីប្រទេសជាដៃគូ នៅលោកខាងលិច ហើយមេដឹកនាំនៅតំបន់អឺរ៉ុបជាច្រើនកំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៧ ខែឧសភា ថា លោករីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានព្រមព្រៀងគ្នា បង្កើតសម្ពន្ធភាពចម្រុះអន្ដរជាតិមួយ សម្រាប់ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ គ្រឿងចម្បាំងដ៏សំខាន់ប្រភេទនេះ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កំពុងតែស្វែងរកនូវការគាំទ្រពីសម្ពន្ធមិត្តលោកខាងលិច អស់រយៈពេលជាយូរមកហើយ សម្រាប់ជួយដល់ប្រទេសរបស់គាត់ ដែលកំពុងតែប្រយុទ្ធនឹងកម្លាំងទាហានរុស្ស៊ី។
អ្នកនាំពាក្យ ការិយាល័យវិមានដោនីងស្ដ្រីត (Downing Street) របស់លោក ស៊ូណាក់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ីស្លង់ដ៍ (Iceland) ថា «លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ និង លោកនាយករដ្ឋមន្រ្ដី រូតតេ បានឯកភាពគ្នា ថា ពួកគាត់នឹងបង្កើតសម្ពន្ធភាពអន្ដរជាតិចម្រុះមួយ ដើម្បីផ្ដល់សមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ដោយគាំទ្រដល់បញ្ហាផ្សេងៗទៀត ចាប់ពីការហ្វឹកហ្វឺន រហូតដល់ការទិញយន្ដហោះ F-16 ជាច្រើនគ្រឿងផងដែរ។
សមាជិកភាគច្រើនរបស់អង្គការណាតូ នៅតំបន់អឺរ៉ុប នៅតែរក្សាជាចំហ អំពីលទ្ធភាពបញ្ជូនយន្ដហោះចម្បាំងរបស់ពួកគេ ប្រភេទ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង កាលពីខែមករា ថា សហរដ្ឋអាមេរិក នឹងមិនធ្វើដូច្នេះក្ដី។
បើតាមក្រុមអ្នកជំនាញការពារដែនអាកាស បានបញ្ជាក់ ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក នឹងផ្តល់ឱ្យនូវភាពខ្លាំងក្លាដល់អ៊ុយក្រែន ជាងកងទ័ពអាកាសរបស់រុស្ស៊ី។ ប៉ុន្តែប្រសិនបើរួមបញ្ចូលជាមួយមីស៊ីលដ៏មានអានុភាពខ្លាំង និង ព័ត៌មានគោលដៅ ដែលលោកខាងលិច នឹងត្រូវផ្តល់ឲ្យផង រឹតតែធ្វើឲ្យសមត្ថភាពវាយប្រហារតាមដែនអាកាសរបស់អ៊ុយក្រែន កាន់តែខ្លាំងឡើងបន្ថែមទៀត។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងប្រថុយប្រថាន ចំពោះការអូសទាក់ទាញសម្ពន្ធមិត្តរបស់លោកខាងលិច ធ្លាក់ចូលទៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ផងដែរ។
លោកនាយករដ្ឋមន្រ្ដី រូតតេ បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា គាត់ និង លោក ស៊ូណាក់ បាននិយាយគ្នា អំពីបញ្ហាជាច្រើន ដោយយើងកំពុងតែធ្វើការរួមគ្នា ហើយបន្ដចូលរួមគាំទ្រដល់អ៊ុយក្រែន នៅក្នុងការប្រឈមមុខ ជាមួយនឹងការលុកលុយរបស់រុស្ស៊ី។ បណ្ដាប្រទេសលោកខាងលិច បានប្រុងប្រយ័ត្ន ចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗ ជួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភ ថា ការប្រើប្រាស់យន្ដហោះចម្បាំងដ៏ទំនើបរបស់ពួកគេ អាចនឹងធ្វើឲ្យសង្គ្រាមនេះ កាន់តែរីករាលដាលធំឡើងបន្ថែមទៀត។
ស្របគ្នានេះដែរ លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃចន្ទ ក៏បានបញ្ជាក់ ថា ប្រទេសរបស់គាត់ បានបើកទ្វារចំហ សម្រាប់ការបណ្ដុះបណ្ដាល ដល់អាកាសយានិកយន្ដហោះចម្បាំងរបស់អ៊ុយក្រែន បើទោះជាគាត់មិនរាប់បញ្ចូលជាមួយនឹងការបញ្ជូនយន្តហោះចម្បាំង ទៅឱ្យកងទ័ពអ៊ុយក្រែន យ៉ាងណាក្ដី។
ការអះអាងរបស់មេដឹកនាំរបស់ប្រទេសមហាអំណាចទាំងនេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប រួមមាន ហូល្លង់ដ៍ បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុនេះ។ ការផ្គត់ផ្គង់ F-16 នេះ កំពុងតែមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ រវាងចក្រភពអង់គ្លេស ដាណាម៉ាក និង ប៊ែលហ្ស៊ិក ខណៈក្រុងអាមស្ទឺរដាម (Amsterdam) និង ក្រុងឡុងដ៍ ក៏កំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះចម្បាំងនេះដែរ៕












