(ភ្នំពេញ)៖ សូមអបអរសាទរ! ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។
របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣២២ ០០៤ នាក់។ ទន្ទឹមនេះ ក្នុងរយៈពេល ៤ខែនេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន ៦៤៤ ០០៨ដុល្លារ ផងដែរ។
.jpg)
បើយោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។.jpg)
សូមជម្រាបថា មហាប្រាសាទនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់។
ក្រៅពីចំណាត់ថ្នាក់លេខ២ ដែលបានទៅលើប្រាសាទអង្គរវត្ត ទីតាំងបុរាណដ្ឋាន និងតំបន់ប្រវត្តិសាស្រ្តរបស់កម្ពុជាចំនួន ៣ ផ្សេងទៀតក៏មាននៅក្នុងបញ្ជីខាងលើនេះផងដែរ។ ក្នុងនោះរួមមាន ប្រាសាទបាយ័ន ទទួលបានចំណាត់ថ្នាក់លេខ ១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចំណាត់ថ្នាក់លេខ ២០ និងប្រាសាទតាព្រហ្ម ជាប់ចំណាត់ថ្នាក់លេខ ២៣ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២៦៕










