ប្រទេសថៃ ៖ លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីលោកបញ្ចប់ការប្រជុំពិភាក្សា និងចូលរួមទទួលទានអាហារជាមួយមេដឹកនាំគណបក្សនយោបាយចំនួន៥ ថា ការប្រជុំពិភាក្សានៅថ្ងៃទី១៧ ខែឧសភា មានគោលជំហរច្បាស់លាស់មួយ ហើយលោកពេញចិត្តក្នុងការជជែកពិភាក្សាគ្នានេះ ។ ចំណែកបរិយាកាសការប្រជុំវិញដំណើរការទៅដោយរលូន ហើយវាបង្ហាញពីភាពច្បាស់លាស់ក្នុងការចូលរួមបង្កើតរដ្ឋាភិបាល ។
ចំណែកការបារម្ភអំពីស្ថិរភាពរបស់រដ្ឋាភិបាល លោក Pita Limjaroenrat លើកឡើងថា សូមឱ្យមានទំនុកចិត្តលើការឯកភាពគ្នារបស់គណបក្សផ្សេងៗ និងភាពច្បាស់លាស់ក្នុងការបំពេញការងារនេះ ។ លោកបន្តថា សូមឱ្យពលរដ្ឋទាំងអស់សប្បាយចិត្ត ហើយគ្មានអ្វីដែលពលរដ្ឋត្រូវបារម្ហនោះទេ ដោយលោកនឹងព្យាយាមធ្វើឱ្យមានស្ថិរភាពខ្ពស់ក្នុងការដឹកនាំប្រទេស និងឆាប់រហ័សបំផុត ។ រីឯភាគីមួយចំនួនបារម្ភពីហេតុការណ៍នយោបាយមិនល្អផ្សេងៗ លោកសូមបញ្ជាក់ថា គ្មានទេ ។
ក្រៅពីនេះ លោក Pita Limjaroenrat បានបង្ហោះរូបភាព ព្រមទាំងខ្លឹមសារនៅក្នុង Instagram របស់លោកថា ៖ «ការបង្កើតរដ្ឋាភិបាលរបស់ខ្ញុំ គឺមានការឯកភាពគ្នា ច្បាស់លាស់ និងមានផែនការជាក់ស្តែង ។ សូមឱ្យពលរដ្ឋទាំងអស់ សង្គមស៊ីវិល ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនសប្បាយចិត្តសម្រាប់ស្ថិរភាព និងសក្តានុពលរបស់ប្រទេសថៃ» ។
ចំណែកលោក Chonnan Srikaew មកពីគណបក្សភឿថៃ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មាន២គណបក្សទៀតនឹងចូលរួមបង្កើតរដ្ឋាភិបាល គឺគណបក្សផ្លាំងសាំងឃុមម៉ៃ ចំនួន១អាសនៈ និងគណបក្សភឿថៃរួមផ្លាំង ចំនួន២អាសនៈ ។ គណបក្សទាំងពីរនេះបានទំនាក់ទំនងផ្ទាល់ទៅកាន់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ដើម្បីសុំចូលរួមបង្កើតរដ្ឋាភិបាល ដែលធ្វើឱ្យពេលនេះ មានគណបក្សនយោបាយចូលរួមបង្កើតរដ្ឋាភិបាលចំនួន៨គណបក្ស និងមាន៣១៣អាសនៈ ៕ ប្រភព ៖ Mono News










