រដ្ឋធានីមូស្គូ៖ ប្រភពចារកម្មរបស់អឺរ៉ុប បានរាយការណ៍ អំពីវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីការវាយប្រហារដោយដ្រូន និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ចាប់តាំងពីខែមីនា រហូតមក។
.jpg)
សារព័ត៌មាន i24 News បានផ្សាយ កាលពីថ្ងៃទី៤ ខែឧសភា ថា រុស្ស៊ី បានបង្កើនសន្តិសុខ សម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើង អំពីការធ្វើឃាត ដោយសេវាការពារសហព័ន្ធន៍ បានរឹតបន្តឹងយ៉ាងខ្លាំង នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ខណៈលោកពូទីន ចំណាយពេលកាន់តែច្រើន នៅក្នុងលេណដ្ឋានក្រោមដី និងពង្រីកការផ្តាច់ខ្លួន កាន់តែខ្លាំងពីកិច្ចការស៊ីវិល។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន មានអាយុកាលជាង១០០ឆ្នាំរបស់អង់គ្លេស Financial Times (FT) ។.jpg)
បើតាមប្រភពស្និទ្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប ដែលបានដកស្រង់ ដោយ FT បានឲ្យដឹង ថា ការព្រួយបារម្ភរបស់វិមានក្រឹមឡាំង ជុំវិញការប៉ុនប៉ងធ្វើរដ្ឋប្រហារ នាពេលខាងមុខ ឬការប៉ុនប៉ងធ្វើឃាត ជាពិសេស ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកឬដ្រូននោះ បានកើនឡើងយ៉ាងខ្លាំង គិតចាប់ពីខែមីនា ឆ្នាំ២០២៦ រហូតមក។ ភាពតក់ស្លុត សម្រាប់ប្រតិបត្តិការដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន Spiderweb នៅតែមានបុគ្គលម្នាក់ដែលស្គាល់លោកប្រធានាធិបតី ពូទីន បានប្រាប់កាសែត ដោយសំដៅលើការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន ពីលើអាកាសយានដ្ឋានរុស្ស៊ី ហួសពីរង្វង់អាកទិក កាលពីឆ្នាំមុន។ ការភ័យខ្លាចផ្នែកសន្តិសុខ ត្រូវបានជំរុញបន្ថែមទៀត ក្រោយពេលកងទ័ពសហរដ្ឋអាមេរិក បានឆ្មក់ចាប់មេដឹកនាំវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) កាលពីខែមករា។.jpg)
ជាការឆ្លើយតបនឹងការព្រួយបារម្ភអំពីសុវត្ថិភាពនោះ លោកប្រធានាធិបតី ពូទីន បានកាត់បន្ថយដំណើរទស្សនកិច្ចរបស់គាត់ និងរឹតបន្តឹងការត្រួតពិនិត្យសន្តិសុខ សម្រាប់អ្នកចូលជួបគាត់ដោយផ្ទាល់។ គាត់ និងគ្រួសាររបស់គាត់ បានឈប់ទៅលេងគេហដ្ឋានរបស់ពួកគេ នៅតំបន់មូស្គូ និងភាគពាយព្យ នៃវ៉ាល់ដាយ (Valdai) ហើយឥឡូវនេះលោក ពូទីន កំពុងចំណាយពេលយូរ នៅក្នុងលេណដ្ឋាន រួមទាំងនៅតំបន់ក្រាស្នូដា (Krasnodar) នៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រើប្រាស់វីដេអូ ដែលបានថតទុកមុន សម្រាប់ការចាក់ផ្សាយ។ បុគ្គលិកនៅជុំវិញរបស់គាត់ រួមទាំងចុងភៅ អ្នកថតរូប និងអង្គរក្ស ត្រូវហាមឃាត់ មិនឱ្យប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ទូរស័ព្ទដៃ ឬឧបករណ៍ដែលប្រើអ៊ិនធើរណេត នៅក្នុងពេលមានវត្តមានរបស់គាត់ ហើយប្រព័ន្ធឃ្លាំមើល ត្រូវបានដំឡើងនៅក្នុងផ្ទះរបស់ពួកគេថែមទៀតផង។
ទីភ្នាក់ងារសេវាកម្មការពារសហព័ន្ធន៍ (Federal Protective Service) ហៅកាត់FSO ឥឡូវនេះកំពុងតែឆែកឆេរទ្រង់ទ្រាយធំ ដោយប្រើប្រាស់សត្វឆ្កែ ហើយត្រូវបានឈរជើងនៅតាមបណ្តោយច្រាំងទន្លេមូស្គូ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកឬដ្រូន។ សារព័ត៌មាន FT ក៏រាយការណ៍ផងដែរ ថា ការបិទអ៊ិនធើរណេត នៅក្នុងទីក្រុងមូស្គូ កាលពីពេលថ្មីៗ ក៏នៅមានយ៉ាងហោចណាស់ មានផែ្នកទំនាក់ទំនងទៅនឹងវិធានការការពារសន្តិសុខ និងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើករបស់ពូទីន ផងដែរ៕










