ប្រទេសកម្ពុជា ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយបើកការប្រកួតតាំងពីថ្ងៃទី៥ ខែឧសភា និងបានបិទការប្រកួតជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ បានប្រគល់ទង់តំណាងម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមទៅឱ្យមន្ត្រីតំណាងប្រទេសថៃ លោក Prawit Wongsuwan ជាប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ ។
ការទទួលទង់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនេះ ក៏មានមន្ត្រីសំខាន់ៗរបស់ថៃផងដែរ ដូចជា លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ, លោក Chatchart Sittipunt អភិបាលក្រុងបាងកក, លោក Niti Wiwatwanich អភិបាលរងខេត្តឈុនបុរី, លោក Jetsada Jitrat អភិបាលខេត្តសុងក្លា រួមទាំងលោក Prachum Boonthiam អភិបាលរងអាជ្ញាធរកីឡាថៃ ។
ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមនេះ ប្រទេសកម្ពុជាបានសម្តែងនូវសិល្បៈប្រពៃណីរបស់ខ្លួន ដើម្បីអបអរដល់ការបញ្ចប់តួនាទីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅលើទឹកដីកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងមានមោទនភាព និងទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ។ ចំណែកប្រទេសថៃវិញបានសម្តែងរបាំឈ្មោះ «សួស្តី ស៊ីហ្គេម» ព្រមទាំងបានទទួលទង់តំណាងពីកម្ពុជាផងដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥ ។
ប្រទេសថៃបានសម្រេចជ្រើសរើសយកទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងខ្លា សម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ហើយខេត្តនគរាជសីមា នឹងក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (Asean Para Games) លើកទី១៣ ធ្វើចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ៕ ប្រភព ៖ khaosod










