ប្រទេសស៊ុយអែត ៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen ប្រទេសស៊ុយអែតបានលើកឡើងថា អាយុរបស់មនុស្សអាចនឹងកើនឡើងដល់១២០ឆ្នាំ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបដូចជា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបំពាក់នូវឧបករណ៍ទំនើបងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ ។
Ignat Kulkov ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Malardalen លើកឡើងថា គេសង្ឃឹមថា ក្នុងរយៈពេលប្រមាណ៥០ឆ្នាំទៀត មនុស្សយើងនឹងមានអាយុវែងជាងមុន ដូចជា ពលរដ្ឋរស់នៅក្នុងប្រទេសអភិវឌ្ឍន៍រួចហើយ ពួកគេនឹងមានអាយុចាប់ពី១០០ឆ្នាំ ទៅ១២០ឆ្នាំ ។ ក្រុមអ្នកមានអាយុច្រើននឹងមានសុខភាពរឹងមាំ ដូចគ្នានឹងអ្នកមានអាយុ៤០ឆ្នាំដែរ ។ ហេតុនេះ អាយុរបស់មនុស្សនឹងវែងជាងមុន ដោយសារបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ។
អ្នកស្រាវជ្រាវរូបនេះបន្តថា មនុស្សកាន់តែច្រើននឹងពាក់ឧបករណ៍ឆ្លាតវៃដើម្បីតាមដានសុខភាពពួកគេ ដែលឧបករណ៍ទាំងនេះងាយស្រួលទំនាក់ទំនងជាមួយគ្រូពេទ្យ និងមន្ទីរពេទ្យ ។ ពេលខ្លះ ឧបករណ៍ចាប់សញ្ញាបានបញ្ចូលទៅក្នុងខ្លួន ហើយវានឹងជួយឱ្យគ្រូពេទ្យអាចណែនាំពីរបៀបរស់នៅ ឬទម្លាប់ចាស់ៗដើម្បីឱ្យពួកគេមានសុខភាពល្អ និងអាយុកាន់តែវែង ។
ក្រៅពីនេះ ភាពរីកចម្រើនក្នុងផ្នែកផ្សេងៗនឹងរួមចំណែកដល់ការលើកកម្ពស់អាយុកាន់តែវែងរបស់មនុស្សផងដែរ ។ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក បានធ្វើឱ្យមនុស្សយើងអាចរៀនសូត្រពីរបៀបតាមដានមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើង ។ លើសពីនេះ បញ្ញាសិប្បនិម្មិតត្រូវបានគេប្រើប្រាស់សម្រាប់វិនិច្ឆ័យជំងឺនានាកាន់តែឆាប់រហ័សជាងមុន និងអភិវឌ្ឍន៍វិធីព្យាបាលជំងឺបែបទំនើប រួមទាំងឱសថផ្ទាល់ខ្លួន (Personalized medicine) ដែលរួមចំណែកលើកកម្ពស់សុខភាព ។
ទោះយ៉ាងណា អ្នកស្រាវជ្រាវរូបនេះឱ្យដឹងថា វាក៏មានបញ្ហាប្រឈមថ្មីៗផងដែរដូចជា បម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតដល់ប្រព័ន្ធការថែទាំសុខភាព និងការរស់នៅ ។ ដូច្នេះ យើងមិនចាំបាច់រង់ចាំដល់ពេលអនាគតទេ ប៉ុន្តែវាបានកើតឡើងរួចហើយនាពេលបច្ចុប្បន្ន ។
ការអះអាងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Malardalen គឺបានមកពីការស្រាវជ្រាវរួមគ្នាជាមួយក្រុមអ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យផ្សេងៗនៅប្រទេសហ្វាំងឡង់ បារាំង និងអង់គ្លេស ហើយការស្រាវជ្រាវនេះបានផ្សព្វផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្ត្រអនាគត (Futures) ៕ ប្រភព ៖ Mono News










