កម្ដៅការទូតរវាងថៃ ជាមួយប្រេសិត UN ជុំវិញរបាយការណ៍បកអាក្រាតទង្វើឈ្លានពានតាមព្រំដែនកម្ពុជា កំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការថានឹងប្តឹងអ្នករាយការណ៍ពិសេសរូបនេះទៅកាន់ស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិ។ ថៃបានចោទប្រកាន់ថា របាយការណ៍ដែលបង្ហាញពីការជម្លៀសពលរដ្ឋខ្មែររាប់សែននាក់នោះ គឺជាព័ត៌មានលំអៀង និងបំផ្លៃការពិតទាំងស្រុង។

យោងតាមការថ្លែងការណ៍របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានឱ្យដឹងថា ភាគីថៃបានដាក់លិខិតតវ៉ាផ្លូវការរួចរាល់ហើយទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC)។ ថៃបានរិះគន់យ៉ាងធ្ងន់ៗថា លោក Tom Andrews បានបំពេញការងារហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ប៉ុន្តែបែរជាលូកដៃចូលរឿងសន្តិសុខជាតិ និងជម្លោះដែនដីទៅវិញ។ លោក Sihasak បានសង្កត់ធ្ងន់ថា ថៃនឹងប្រើប្រាស់រាល់វេទិកាអន្តរជាតិដើម្បីបកស្រាយការពិត និងមានជំនឿចិត្តយ៉ាងមុតមាំថា សហគមន៍អន្តរជាតិនឹងទទួលស្តាប់ការបកស្រាយរបស់ភាគីថៃ ច្រើនជាងរបាយការណ៍លំអៀងរបស់ប្រេសិត UN រូបនេះ។.jpg)
ទន្ទឹមនឹងការតតាំងផ្នែកការទូតលើឆាកអន្តរជាតិនេះ ជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរក៏កំពុងឈានចូលដល់របត់ថ្មីមួយផងដែរ។ កម្ពុជា និងថៃត្រូវបានរំពឹងថានឹងជ្រើសរើសប្រធានគណៈកម្មការសម្រុះសម្រួលជម្លោះលំហសមុទ្រដែលមានសមាជិក ៥ រូប នៅថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីកម្ពុជាបានសម្រេចចិត្តប្រើប្រាស់យន្តការសម្រុះសម្រួលជាកំហិត ក្រោមច្បាប់សមុទ្រ UNCLOS។ យន្តការអន្តរជាតិនេះត្រូវបានដកហូតមកប្រើប្រាស់ ក្រោយពេលដែលថៃបានប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ឯកតោភាគី។ ទោះជាយ៉ាងណា ខណៈដែលគណៈកម្មការគ្រោងនឹងជួបប្រជុំដំបូងនៅក្នុងខែកញ្ញា ភាគីថៃនៅតែបង្ហាញជំហរចង់ងាកមកចរចាទ្វេភាគីជាមួយកម្ពុជាផ្ទាល់ដដែល។
.jpg)
ជារួមមក ស្ថានភាពព្រំដែនកម្ពុជា-ថៃកំពុងស្ថិតក្នុងភាពតានតឹងទាំងលើគោក និងលើទឹក។ ខណៈពេលដែលថៃព្យាយាមរារាំងរបាយការណ៍សិទ្ធិមនុស្សរបស់ UN និងចង់រក្សាការចរចាដែនសមុទ្រជាលក្ខណៈទ្វេភាគី យន្តការច្បាប់អន្តរជាតិទាំងផ្នែកសិទ្ធិមនុស្ស និងច្បាប់សមុទ្រ UNCLOS នឹងក្លាយជាអាវុធការទូតដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងតម្លាភាព។










