ឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន។ ឥទ្ធិពលនេះនឹងធ្វើឱ្យប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧត្តុនិយម។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្ហូរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ដែលតម្រូវឱ្យពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់៕May be an image of map and text