រដ្ឋធានីហែលស៊ីនគី (Helsinki)៖ ស្របពេលកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយបករុលទៅមុខ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី នៅលើសមរភូមិជាច្រើននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាស អំពីបរាជ័យរបស់ពូទីន នៅក្នុងសង្គ្រាម ប្រឆាំងនឹងប្រទេសជិតខាងរបស់រុស្ស៊ី។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ជាមួយនឹងសមភាគីហ្វាំងឡង់ដ៍ (Finland) លោក សូលី នីនីស្តូ (Sauli Niinisto) នៅក្នុងរដ្ឋធានីហែលស៊ីនគី (Helsinki) ថា «ពូទីន បានចាញ់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន រួចទៅហើយ។ គាត់ពិតជាមានបញ្ហា។ ដូច្នេះវាមិនមានលទ្ធភាព សម្រាប់ពូទីន ឈ្នះសង្គ្រាមដ៏ឃោរឃៅនេះទេ»។
លោកប្រធានាធិបតី ចូ បៃដិន បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសហ្វាំងឡង់ដ៍ ដែលជាសមាជិកដ៏ថ្មីបំផុតរបស់អង្គការណាតូ ដោយសន្យា ថា នៅថ្ងៃណាមួយ អ៊ុយក្រែន នឹងចូលរួមជាមួយនឹងសម្ពន្ធភាពយោធារបស់លោកខាងលិចមួយនេះ បើទោះជា ឥឡូវ មេដឹកនាំអង្គការណាតូ នៅមិនទាន់ផ្តល់ពេលវេលាកំណត់ជាសមាជិកភាពរបស់ក្រុងកៀវ នៅក្នុងកិច្ចប្រជុំកំពូល នាសប្តាហ៍នេះ នៅក្នុងរដ្ឋធានីវិលនីស(Vilnius) ប្រទេសលីទុយអានី យ៉ាងណាក្ដី។
បណ្ដាមេដឹកនាំរបស់អង្គការណាតូ បានធ្វើឲ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) អស់សង្ឃឹម សម្រាប់ផ្លូវដើរចូលទៅកាន់អង្គការណាតូ ដោយគ្រាន់តែនិយាយ ថា អ៊ុយក្រែន នឹងចូលរួម ខណៈលក្ខខណ្ឌត្រូវបានបំពេញរួចរាល់។
ដោយឡែក លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាក់ជាដដែលៗ ថា រដ្ឋាភិបាលក្រុងមូស្គូ ប្រឆាំងដាច់ខាត សម្រាប់សមាជិកភាពរបស់អ៊ុយក្រែន ចូលរួមនៅក្នុងអង្គការណាតូ។ សកម្មភាពទាំងនេះ កំពុងតែបង្កការគំរាមកំហែង ដល់ផលប្រយោជន៍ជាយុទ្ធសាស្រ្ដរបស់រុស្ស៊ី ដោយផ្ទាល់។
មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានបញ្ជាក់ ថា «ការចូលរួមជាសមាជិកបស់អង្គការណាតូ នឹងមិនជួយបង្កើន ដល់សន្ដិសុខរបស់អ៊ុយក្រែន ខ្លួនឯងនោះឡើយ។ ប៉ុន្ដែផ្ទុយទៅវិញវានឹងធ្វើឱ្យពិភពលោក កាន់តែងាយរងគ្រោះទៅវិញទេ។ ប្រទេសណាក៏ដោយមានសិទ្ធិកែលម្អសន្តិសុខរបស់ខ្លួនដែរ ប៉ុន្តែមិនមែនរាល់ការចំណាយ មកពីប្រទេសផ្សេងៗនោះឡើយ»។
វិទ្យាស្ថានសិក្សាពីសង្រ្គាម (ISW) មានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអះអាង ថា ការឆ្លើយតប ដោយបិទមាត់ជាទូទៅរបស់ប្រទេសរុស្ស៊ី ចំពោះការអភិវឌ្ឍន៍ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាសប្តាហ៍នេះ បានបង្ហាញឱ្យឃើញ អំពីកម្រិតនៃការឈ្លានពានរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២មក ដោយបានកំណត់គោលដៅត្រឡប់ថយក្រោយ ដោយវិមានក្រឹមឡាំង បានអះអាង ថា រុស្ស៊ី បានចាប់ផ្តើមសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី ហើយឥឡូវកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខ ក៏បានព្រមាន នៅសប្ដាហ៍នេះ ថា ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន មកពីប្រទេសជាសមាជិកអង្គការណាតូ នឹងនាំឲ្យទៅរកសង្គ្រាមលោកលើកទី៣ កាន់តែខិតចូលមកដល់៕










