លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) លើកឡើងថា ក្រុមហ៊ុនរបស់សិង្ហបុរីចំនួន៩១ បានពាក់ព័ន្ធនឹងការបញ្ជូនអាវុធឱ្យកងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តអំពើហិង្សាមកលើពលរដ្ឋ ។ នាពេលមុននេះ គេសង្កេតឃើញថា មានក្រុមហ៊ុនសិង្ហបុរីចំនួន៤៧ បានបញ្ជូនអាវុធឱ្យកងទ័ពមីយ៉ាន់ម៉ា ។
របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា ទំនិញរបស់ក្រុមហ៊ុនសិង្ហបុរីដែលបានបញ្ជូនឱ្យមីយ៉ាន់ម៉ា ស្មើនឹងទឹកប្រាក់ចំនួន២៤៥លានដុល្លារអាមេរិកក្នុងរយៈពេល២ឆ្នាំ ហើយក្រុមហ៊ុនលក់អាវុធទាំងនេះបានប្រើសេវាកម្មធនាគាររបស់សិង្ហបុរីយ៉ាងច្រើន ។
លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានចង្អុលបង្ហាញថា រដ្ឋាភិបាលសិង្ហបុរីគ្មានវិធានការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាទេ ។ ប្រទេសសិង្ហបុរីនឹងស្វែងរកព័ត៌មានលម្អិតទាក់ទងនឹងការចោទប្រកាន់ថា នាពេលកន្លងមក សិង្ហបុរី និងមីយ៉ាន់ម៉ា បានជួញដូរអាវុធស្មើទឹកប្រាក់ចំនួន៤.២០០លានដុល្លារអាមេរិក ។
ម្យ៉ាងទៀត ការរារាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងជីវិតរបស់ពលរដ្ឋមីយ៉ាន់ម៉ា ហើយសិង្ហបុរីនឹងពិសោធន៍ឱ្យច្បាស់ថា តើការដំណើរការពាណិជ្ជកម្មទាំងនេះមានជាប់ពាក់ព័ន្ធនឹងការផលិតអាវុធឱ្យមីយ៉ាន់ម៉ាយ៉ាងដូចម្តេច ។ ដូច្នេះ ការត្រួតពិនិត្យ និងការស៊ើបអង្កេតរបស់សិង្ហបុរីនឹងដំណើរការយ៉ាងមានប្រសិទ្ធភាពតាមភស្តុតាងជាក់ស្តែង ។
លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់ដែរថា សិង្ហបុរីព្យាយាមការពារការបញ្ជូនអាវុធទៅមីយ៉ាន់ម៉ារហូតមក ហើយសិង្ហបុរីក៏មានគោលជំហរប្រឆាំងនឹងកងទ័ពមីយ៉ាន់ម៉ាប្រព្រឹត្តអំពើហិង្សាមកលើពលរដ្ឋខ្លួនផងដែរ ៕ ប្រភព ៖ Mono News










