នាពេលថ្មីៗនេះតារាចម្រៀង ជូវី លីន បានធ្វើឱ្យអ្នកមួយចំនួនមានការភ្ញាក់ផ្អើលក្រោយពីប្រកាសថាលោកឈប់ធ្វើចម្រៀងហើយ។ ជូវី លីន មិនបានបញ្ជាក់ពីមូលហេតុដែលលោកសម្រាប់ចិត្តបញ្ចប់អាជីពនេះនោះទេ ខណៈប៉ុន្មានបទចុងក្រោយរបស់លោកពុំសូវមានសន្ទុះគាំទ្រខ្លាំងឡើយ។

កាលពីថ្ងៃទី១៣ ខែសីហា ជូវី លីន បានប្រកាសនៅលើបណ្តាញសង្គមថា «ខ្ញុំប្រកាសថាឈប់ធ្វើចម្រៀងហើយ»។ នៅផ្នែកបញ្ចេញមតិយោបល់មានអ្នកគាំទ្រមួយចំនួនបង្ហាញការសោកស្តាយសម្រាប់ការប្រកាសរបស់ ជូវី ។ សិល្បកររូបនេះមិនបានបញ្ជាក់ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់លោកក្នុងការជ្រើសរើសបញ្ចប់ការធ្វើចម្រៀងនេះនោះទេ ចំណែកអ្នកខ្លះគិតថានេះគ្រាន់តែជាការ Prank ឬយ៉ាងណា។
.png)
ទោះយ៉ាងណា ងាកទៅកាន់ចម្រៀងប៉ុន្មានបទចុងក្រោយនេះ ជូវី លីន ពុំសូវទទួលបានការគាំទ្រពីអ្នកស្តាប់ប៉ុន្មាននោះទេ។ នៅថ្ងៃទី ២៨ ខែកក្កដា ជូវី បានចេញផ្សាយបទ «បេះដូងថា YES» ដោយចំនួនអ្នកស្តាប់មានត្រឹមតែជាង ១២០០ដងប៉ុណ្ណោះនៅលើឆាណែលយូធូបរបស់លោក។ សម្រាប់បទ «THE LOUDNESS OF SILENCE» ដែលចេញផ្សាយនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦ មានការស្តាប់តែជាង៣០០០ដងប៉ុណ្ណោះ។

គួរឱ្យដឹងថា ជូវី លីន មិនត្រឹមតែមានអាជីពជាអ្នកចម្រៀងប៉ុណ្ណោះទេប៉ុន្តែលោកមានទេពកោសល្យច្រើនទាំងការថត ការដឹកនាំ MV ។ ជាក់ស្តែងនៅពីក្រោយសមិទ្ធផលជោគជ័យជាច្រើនរបស់សិល្បករក៏មានចំណែករបស់ ជូវី លីន ដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ក្តោបឱកាសធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធីមួយដែលជ្រើសរើសិល្បករក្នុងទម្រង់ដូចជា Kpop ផងដែរ៕









