នៅលើប្រព័ន្ធអ៊ីនធឺណែតប្រទេសវៀតណាមកំពុងក្តៅគគុក និងត្អូញត្អែរយ៉ាងខ្លាំងចំពោះតម្លៃសំបុត្រនៃការប្រគំតន្រ្តី «BORN PINK» របស់ BLACKPINK នៅទីក្រុងហាណូយដែលមានតម្លៃថ្លៃខ្លាំងជាងគេបើធៀបនឹងតម្លៃសំបុត្រនៅប្រទេសផ្សេងទៀតមានដូចជាថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។ រឿងតម្លៃសំបុត្រនៅវៀតណាមដែលកំពុងត្រូវប្រជាជនវៀតណាមត្អូញត្អែរនេះខាងផលិតកម្ម YG ក៏បានចេញសេចក្តីថ្លែងការណ៍ហើយនាព្រឹកថ្ងៃទី៥ ខែកក្កដា នេះ។
ថ្មីៗនៅលើបណ្តាញសង្គមរបស់ប្រទេសវៀតណាមសូម្បីហ្វេនរបស់ BLACKPINK ក៏បានត្អូញត្អែរពីតម្លៃសំបុត្រនៃការប្រគំតន្រ្តី «BORN PINK» ដែលបានចែកចាយនៅលើប្រព័ន្ធអនឡាញដែលមានតម្លៃខ្លាំង រហូតពួកគេលើកឡើងថាត្រូវគិតសាជាថ្មីហើយថាត្រូវចូលទស្សនាឬអត់ពីព្រោះតម្លៃខ្ពស់កប់ពពកបើធៀបនិងប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ថៃ ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម។ តម្លៃដែលប្រកាសនៅវៀតណាមនោះមានចំនួន៨ប្រភេទ ដែលកម្រិតខ្ពស់បំផុត VIP មានតម្លៃជិត១០លានដុងប្រមាណជាង៤០០ដុល្លារ និងទាបបំផុតគឺ១.២លានដុង ប្រមាណ ៥០ដុល្លារ។
តម្លៃសំបុត្ររបស់ BLACKPINK ត្រូវពលរដ្ឋវៀតណាមលើកឡើងថាថ្លៃជាងគេក្នុងតំបន់បើធៀបទៅនឹងការប្រគំតន្រ្តីនៅថៃដែលតម្លៃសំបុត្រពី ២,០០០បាត – ៩,៦០០ បាតប្រមាណ៥៧ដុល្លារទៅជាង ២៧០ ដុល្លារ។ តម្លៃសំបុត្រនៅឥណ្ឌូណេស៊ីចន្លោះពី៨៨ដុល្លារទៅជាង២៥០ដុល្លារ ខណៈនៅសិង្ហបុរីសំបុត្រតម្លៃពីជាង១០០ដុល្លារដល់ជិត៣០០ដុល្លារ។
យ៉ាងណាមិញ បន្ទាប់ពីតម្លៃសំបុត្រត្រូវអ្នកគាំទ្រវៀតណាមថាថ្លៃខ្លាំងផលិតកម្ម YG បានបកស្រាយនៅថ្ងៃទី៥ខែកក្កដា នេះដោយបានបដិសេធពាក្យចចាមអារ៉ាមនេះ ព្រមទាំងនិយាយថា «បញ្ជីដែលបានកំណត់តម្លៃនៃការចូលទស្សនាការប្រគំតន្ត្រីនៅវៀតណាមរបស់ BLACKPINK ដែលកំពុងផ្សព្វផ្សាយតាមអ៊ីនធឺណិតគឺមិនពិតនោះទេ។ ការប្រគំតន្ត្រីនឹងដំណើរការក្នុងទម្រង់ដូចគ្នានៃប្រទេសដែលបានប្រគំតន្រ្តីរួចដែលមានន័យថាតម្លៃប្រហាក់ប្រហែលគ្នានៃការប្រគំតន្រ្តីប្រទេសក្នុងតំបន់»។
គួរបញ្ជាក់ថា BLACKPINKនឹងប្រគំតន្រ្តីនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៩ -៣០ ខែកក្កដា នេះនៅពហុកីឡដ្ឋានជាតិ My Dihn ជាកីឡដ្ឋានធំមួយដែលអាចផ្ទុកមនុស្សបានជាង ៤០,០០០ នាក់៕










