ទន្ទឹមនឹងទទួលបានការកោតសរសើរពីសំណាក់មហាជនជាតារាសម្តែងកម្ពុជាដែលទទួលបានពានរង្វាន់ពីប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែកាន់តែពិសេសឈុតដែល ស៊ីន យូប៊ីន គ្រងនោះមានលក្ខណៈពិសេសយ៉ាងខ្លាំងប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណ បានរំលេចជាមួយព្យញ្ជនៈ លេខ និង ស្រះ របស់ខែ្មរ បង្ហាញនៅលើឆាកអន្តរជាតិក្នុងប្រទេសថៃ។
កាលពីពេលថ្មីៗនេះមហាជនអ្នកគាំទ្រកម្ពុជាសម្តែងនូវក្តីរំភើបចិត្តយ៉ាងខ្លាំងទៅដល់គូស្នេហ៍ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានទទួលពានរង្វាន់តារាសម្តែងស្រី និងតារាសម្តែងប្រុសដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ (popular actress of the year) ផ្តល់ដោយកម្មវិធី ASIA TOP AWARD 2023 នៅឯប្រទេសថៃ។ ភាពជោគជ័យនេះតារាសម្តែងទាំងពីររូបបានបង្ហាញថាមិនត្រឹមតែជោគជ័យសម្រាប់អ្នកទាំងពីរនាក់ប៉ុណ្ណោះទេ តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
អ្វីដែលកាន់តែពិសេស តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញទៀតថាឈុតដែលនាងគ្រងទៅទទួលពានរង្វាន់នេះគឺជាឈុតប៉ាក់ដោយដៃក្បាច់ផ្កាចន្ទន៍រចនាបទបុរាណ ឯទម្ងន់ឈុតនោះជិត១០គីឡូឯណោះដែលច្នៃដោយហាង«សុផលកាត់ដេរ»។ មិនត្រឹមតែឈុតដែលមានលក្ខណៈពិសេសប៉ុណ្ណោះទេ គ្រឿងអលង្ការវិញតារាស្រីក្រសោបពានច្រើនក្នុងដៃរូបនេះបានរំលេចជាមួយតួព្យញ្ជនៈ និង លេខ និង ស្រះ របស់ខែ្មរទៀតផងដែលនាងតាំងចិត្តបង្ហាញក្នុងកម្មវិធីនេះ ព្រមទាំងសូមខន្តីអភ័យទោសពីមហាជនផងដែរប្រសិនខុសត្រូវយ៉ាងណា។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល ស៊ីន យូប៊ីន និងគូស្នេហ៍ ខាត់ វៃហាំង ទទួលពានរង្វាន់ពីប្រទេសថៃកន្លងមកអ្នកទាំងពីរក៏ទទួលពានរង្វាន់ជាច្រើនផងដែរ ខណៈកាលពីប៉ុន្មានខែមុនពេលនាងចូលរួមក្នុងកម្មវិធីនៅប្រទេសបារាំង យូប៊ីន ក៏ខំច្នៃរ៉ូបបង្ហាញអ្វីដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិផងដែរ៕













