ជីវិតស្នេហារបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន កាន់តែស្រស់បំព្រងយល់ចិត្តយល់ថ្លើមគ្នាយ៉ាងខ្លាំង និងបញ្ចេញភាពផ្អែមល្ហែមថើបគ្នាជាញឹកញាប់បង្អួតហ្វេននៅលើបណ្តាញសង្គមផងដែរនិងរួមរស់ជាមួយគ្នាក្នុងផ្ទះតែមួយទៀតផង។ រឿងនេះដែរក៏មានអ្នកដៀមដាមឱ្យអ្នកទាំងពីរដែរថាជាអ្នកសិល្បៈគួរធ្វើជាគម្រូដល់មហាជនមិនទាន់រៀបការផងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ។ ទោះយ៉ាងណារឿងនេះមិនបានធ្វើឱ្យអ្នកទាំងពីរខ្វល់ខ្វាយឡើយ ថែមទាំងបញ្ចេញភាពផ្អែមល្ហែមលើសដើម។
ភិទិ និង ម៉ានីន កាន់តែធ្វើឱ្យអ្នកមិនមានសង្សារច្រណែនគ្នាយ៉ាងខ្លាំងព្រោះអ្នកទាំងពីរបញ្ចេញសកម្មភាពមិនលាក់បាំងពីមហាជនឡើយគឺត្រូវថើបៗ ត្រូវឱបៗ មិនដូចគូស្នេហ៍សិល្បៈឯទៀតឡើយ។ ជាពិសេស ចុងក្រោយនេះអាជីពសិល្បៈរបស់តារាចម្រៀង ភិទិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ចំណែកឯគូស្នេហ៍វិញជំនួញអនឡាញរបស់នាងក៏ជោគជ័យ ព្រោះអ្នកមួយចំនួនដឹងស្រាប់ហើយថា ដ្បិតតែម៉ានីនទើបតែវ័យ២៦ឆ្នាំមែនពិតតែការរកស៊ីរបស់នាងជោគជ័យសស់ផ្ទះសល់ដីជាច្រើនកន្លែងរស់នៅផ្ទះធំវីឡាយ៉ាងប្រណីត។
ការបើកចំហចំណងស្នេហ៍ជាសាធារណៈនេះ និងបង្ហាញថាពួកគេរស់នៅផ្ទះជាមួយគ្នានេះដែរក៏មានអ្នកដៀមដាមឱ្យពួកគេថា «ជាតារាល្បី ជាអាយដល ឱបថើបកៀកកើយ នៅផ្ទះជាមួយគ្នាមុនការគួរកុំបង្ហាញជាសាធារណៈព្រោះវាជាគំរូមិនល្អ ប៉ះពាល់ប្រពៃណី។
លាក់ៗទៅត្រឹមជាសង្សារទេ ចាំក្រាបដល់កន្ទេលចាំបង្ហាញព្រោះយើងខ្មែរប្រពៃណីបើយើងមិនថែឱ្យបរទេសណាមកថែឱ្យយើង»។ ការលើកឡើងនេះដែរគណនីនេះបានលុបចេញពីទំព័រហ្វេសប៊ុករបស់ខ្លួនហើយទោះមិនសម្តៅចំឈ្មោះ ភិទិ និង ម៉ានីន ក៏គេដឹងថាគណនីមួយនេះចង់សម្តៅដល់ពួកគេទាំងពីរនាក់។
ទោះបីជាមានអ្នកដៀមដាមឱ្យខ្លួនក្តី ភិទិ និង ម៉ានីន កាន់តែមានភាពផ្អែមល្ហែមដាក់គ្នាសំខាន់ជាក្តីសុខរបស់ពួកគេ ហើយក៏មិនអាចផ្គាប់ចិត្តបានគ្រប់គ្នាដែរ ខណៈរឿងនេះមានទាំងមតិវិជ្ជមាន និងអវិជ្ជមានទៅលើគូស្នេហ៍នេះដែលរស់នៅជាមួយគ្នាទាំងមិនទាន់មានចំណងអាពាហ៍ពិពាហ៍៕










