រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសសុំចិត្តបងប្អូនប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យចំពោះ ការលិចទឹកសឹងតែគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញកាលពីម្សិលមិញនេះ។
រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា៖” ដោយសារតែភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដោយរយៈកម្ពស់ ១៥៣មម ប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ។ សូមបងប្អូនមេត្តាយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ”។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់ថា៖”ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់ ១៥៣មម ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ជាមួយនឹងប្រសិទ្ធភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន។ សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន”៕





ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ









